កឹម សុខា មាន​មោទនភាព​នឹង​ទម្លាយ ការ​«សម្ងាត់»?

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅចំពោះមុខអ្នកសារព័ត៌មាន បាន«ធ្លោយ» មាត់ ជាមួយ​នឹង​ការបង្ហាញនូវមោទនភាពរបស់ខ្លួន ចំពោះហេតុការណ៍ដែលបានកើតឡើង ថាដូចទៅនឹងអ្វី​ដែលខ្លួនបាន«គិត»​ទុក​ជាមុន ឬមានការ«រៀបចំ»ទុកជាមុន។ ការ«ធ្លោយ»មាត់ទម្លាយអាថ៌កំបាំងនេះ បានធ្វើឡើងក្នុងសន្និសីទ​សារព័ត៌មាន​មួយ កាលពីថ្ងៃទី១០ ខែមិថុនា ម្សិលម៉ិញ នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិចាក់អង្រែលើ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី១១ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅចំពោះមុខអ្នកសារព័ត៌មាន បាន«ធ្លោយ» មាត់ ជាមួយ​នឹង​ការបង្ហាញនូវមោទនភាពរបស់ខ្លួន ចំពោះហេតុការណ៍ដែលបានកើតឡើង ថាដូចទៅនឹងអ្វី​ដែលខ្លួនបាន«គិត»​ទុក​ជាមុន ឬមានការ«រៀបចំ»ទុកជាមុន។ ការ«ធ្លោយ»មាត់ទម្លាយអាថ៌កំបាំងនេះ បានធ្វើឡើងក្នុងសន្និសីទ​សារព័ត៌មាន​មួយ កាលពីថ្ងៃទី១០ ខែមិថុនា ម្សិលម៉ិញ នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិចាក់អង្រែលើ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅក្នុងសន្និសីទការសែត ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

ការសម្ងាត់ - ក្រោមការសំលឹងមិនពព្រឹចភ្នែក របស់មន្រ្តីទាំង​អស់​នៃគណបក្សសង្គ្រោះជាតិ ដែលរួមមាន លោក សម រង្ស៊ី លោក កឹម សុខា លោកប៉ុល ហំម ផងនោះ អ្នកសារព័ត៌មានម្នាក់ បានចោទសួរជាសំនូរថា៖ «ពីរថ្ងៃមុន គណបក្ស​សង្គ្រោះជាតិបានចុះទៅខេត្តកណ្តាល ឯកឧត្ដម កឹម សុខា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ពីរបីថ្ងៃខាង​មុខនេះ នឹងដឹងព័ត៌មានពិសេស ពីការវិវឌ្ឍន៍នយោបាយ។ ខ្ញុំចង់ឲ្យឯកឧត្តមបញ្ជាក់ ក្នុងពេលនេះបានទេ?»

ឆ្លើយទៅនឹងសំនូរនេះ លោក កឹម សុខា បានថ្លែង ដូច«អេះមិនចំកន្លែងរមាស់»ថា៖ «មិនចាំបាច់ដល់ទៅពីរបីថ្ងៃ​ផង។ ម្សិលម៉ិញ ម្សិលម្ងៃដឹងហើយ នយោបាយត្រូវបានគេគម្រាម នយោបាយគណបក្សប្រជាជន គឺចង់តែគម្រាម ហើយ​គម្រាម​កាន់តែធ្ងន់ទៅៗទៀត។ នែ! នយោបាយដល់ប៉ុណ្ណឹង ចាំមើលប៉ុន្មានថ្ងៃទៀតម៉ិចទៀត មកដល់ថ្ងៃហ្នឹង ម្សិល​ម៉ិញ​យើងឃើញប៉ុណ្ណឹងហើយ។»

ប៉ុន្តែការថ្លែងរបស់លោក កឹម សុខា ទាំងនៅក្នុងចំណោមពលរដ្ឋ ទាំងទៅកាន់អ្នកសារព័ត៌មាន ត្រូវបាន​មជ្ឈដ្ឋាន​គណបក្សខ្លួនឯងចាត់ទុកថា ជាការធ្លោយមាត់ ពីរឿងដែលមិនគួនិយាយ។ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ មន្រ្តីម្នាក់របស់គណបក្សសង្គ្រោះជាតិ ដែលថ្លែង​ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានលើក​ឡើង​ថា «វឌ្ឍនាការនយោបាយ» នៃគណបក្សទាំងពីរនេះ បានត្រូវ​គ្នា​រួចរាល់ហើយ។ ប៉ុន្តែនយោបាយ គេត្រូវ​បង្កើត​ឲ្យ​មាន​​ភាពចម្លែក តានតឹង ឬប្រឈមមុខដាក់គ្នាជាមុនសិន មុន​នឹងបង្ហាញនូវចេតនាឯកភាពគ្នាជាផ្លូវការ ឬជា​សាធារណៈ​នោះ។

ការលើកឡើងរបស់លោក កឹម សុខា នេះ ជាយុទ្ធសាស្ត្រនយោបាយ ដែល​មិនទាន់ដល់ពេល​នៅឡើយ។ មន្ត្រីរូប​នេះបានបញ្ជាក់ថា៖ «វា ជារឿង​សំងាត់ ដែលលាក់កំបាំង លោកអនុប្រធានមិនគួរ ធ្លោយមាត់លើកមកនិយាយ​ចំពោះ​មុខអ្នកសារព័ត៌មានទេ បើ​ទោះ​ជាមិនមានអ្នកចាប់អារម្មណ៍ច្រើនក៏ដោយ។ (...) ខ្ញុំគិតថា អ្នកសួរក៏ប្រហែល​ជាមិនចាប់អារម្មណ៍នោះដែរ តែយ៉ាង​ណា ក៏ដឹងតិចតួចដែរ។»

មានតំណែងជាអ្នកច្បាប់មួយរូប នៅក្នុងគណបក្សសង្គ្រោះជាតិនោះផង មន្រ្តីរូបនេះបានបន្តថា ជាមួយនឹងដំណើរ​វិវឌ្ឍន៍នៃស្ថានការណ៍នយោបាយ និងការធ្វើនយោបាយរបស់គណបក្សទាំងពីរ គឺនៅរង់ចាំតែពេលវេលាប៉ុណ្ណោះ។ លោកថា ពេលវេលានោះនឹងមកដល់ នាពេលក្រុមបច្ចេកទេសដាក់ការពិភាក្សាត្រូវរូវគ្នា ចប់សព្វគ្រប់​រួចរាល់​ខាង​មុខ​នេះ។ ឯសកម្មភាពនានា ដែលបានកើតឡើងនាពេលចុងក្រោយនេះ គ្រាន់តែជាការ«កំដររោង»។

លោកបានថ្លែងឲ្យដឹងទៀតថា ពាក្យ«ធ្លោយ»ការសម្ងាត់នៅត្រង់ថា បើ​គណបក្ស​សង្គ្រោះជាតិបន្តធ្វើនេះ នឹង​មាន​​ហេតុការណ៍នោះកើតឡើង ដើម្បីរារាំង។ លោកពន្យល់បន្តថា ពាក្យដែលលោក កឹម សុខាលើកឡើងថា «គម្រាម​កាន់តែធ្ងន់ទៅៗ» ដែល​ទាក់​ទង​នឹងរឿងនយោបាយនោះ ជាសកម្មភាពដែលបានកើតមានសឹងតែរាប់ភ្លេច និងកើត​មានជាដរាប​រៀងមក អស់រយៈពេលជិតមួយឆ្នាំ​មកហើយ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់រកប្រតិកម្មតបពីមន្ត្រីផ្លូវការ របស់មន្ត្រីគណបក្សសង្គ្រោះជាតិ បាននៅ​ឡើយ ដោយមន្រ្តីទាំងនោះមិនបានទទួលទូរស័ព្ទ។

ទាក់ទងនឹងការចរចាស្វែងរកដំណោះស្រាយនយោបាយ ត្រូវបានមន្រ្តីច្បាប់របស់​គណបក្ស​សង្គ្រោះជាតិដដែល បង្ហើបឲ្យដឹងនៅចុងបញ្ចប់ថា នៅមានរឿងជាច្រើនទៀតដែលត្រូវដោះស្រាយ និង​កែទម្រង់ ប៉ុន្តែ​ត្រូវធ្វើឡើង​ក្នុង​នាមរដ្ឋាភិបាលតែម្តង ក្នុងគោលបំណងដើម្បីសេរីភាព ការគោរពសិទ្ធ ច្បាប់ និង​គ្មាន​នីទណ្ឌភាព ដើម្បីនីតិរដ្ឋនៅ​កម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...