រ៉ុង ឈុន៖ ចង់អូសទៅថ្មើម៉ានក៏បាន អាស្រ័យតាមអារម្មណ៍គេ
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 18, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាន តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ លិខិតជូនដំណឹងនេះ ទើបនឹងមកដល់ដៃសាមីខ្លួន នៅថ្ងៃអង្គារម្សិលម៉ិញ និងបានធ្លាយមកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃពុធនេះប៉ុណ្ណោះ។ ក្នុងលិខិតនោះ ចៅក្រមស៊ើបសួរគ្រាន់តែបញ្ជាក់ប្រាប់លោក រ៉ុង ឈុន ថាករណីអំពើហិង្សា នៅផ្លូវវ៉េងស្រេងដែលកើតឡើង តាំងពីដើមខែមករា ឆ្នាំ២០១៤ និងដែលជាប់ពាក់ព័ន្ធនឹងរូបលោក ត្រូវបានបញ្ជូនឡើងជំនុំជម្រះ។
លោក រ៉ុង ឈុន ដែលបច្ចុប្បន្នជាសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ជ្រើសតាំងដោយគណបក្សសង្គ្រោះជាតិ បានសម្ដែងការហួសចិត្ត ចំពោះសំនុំរឿងដែលបានស្ងាត់ទៅអស់រយៈកាលជាយូរ តែបែរជាទើបនឹងពន្លេចរូបមកវិញ នៅថ្ងៃនេះ។ លោកបានហៅករណីនេះ ថាជាការពង្រាយមងទុក សម្រាប់រង់ចាំតែឱកាសមកដល់ នឹងអាលលើកមងនេះឡើង ដើម្បីចាប់ត្រីដែលជាប់ក្នុងមងស្រាប់ប៉ុណ្ណោះ។
លោកបានថ្លែងប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យថា៖ «ពាក្យសាមញ្ញគេថារាយមង គេដាក់មង សម្រាប់អ្នកដែលការពារសិទ្ធិកម្មករ ការពារពលរដ្ឋ ការពារគ្រូបង្រៀនអីហ្នឹង។ គេរាយមង ដាក់ចោលទៅ។ បើថាគេមិនសប្បាយចិត្តទេ គេលើកសំណុំរឿងចាស់ហ្នឹង យកមករំឭកឡើងវិញទៅ។»
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ តុលាការសាលាដំបូងរាជធានី បានកោះហៅលោក រ៉ុង ឈុន លោក កឹម សុខា និងលោក សម រង្ស៊ី ឲ្យចូលខ្លួនទៅបំភ្លឺ ពាក់ព័ន្ធនឹងបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម នៅបន្ទាប់ពីអំពើហិង្សា បានផ្ទុះឡើងយ៉ាងខ្លាំងក្លា រវាងក្រុមកងកម្លាំងសមត្ថកិច្ច ជាមួយនឹងក្រុមកម្មករ កាលពីដើមខែ (ថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤) ដែលធ្វើឲ្យមនុស្ស៥នាក់ស្លាប់ និងច្រើននាក់រងរបួស។ អ្នកទាំងបីនាក់ មិនត្រូវបានអាជ្ញាធរចាប់ខ្លួននោះទេ។
លោក រ៉ុង ឈុន បានសម្ដែងភាពមិនជឿជាក់ ទៅលើប្រព័ន្ធយុត្តិធម៌សព្វថ្ងៃយ៉ាងដូច្នេះថា៖ «ទំរាំតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ សមាជិកគ.ជ.ប អត់មានអភ័យឯកសិទ្ធិផងហ្នឹង យើងមានអីទៅធំដុំអី គេចង់អូសទៅថ្មើម៉ានក៏បានដែរ អាហ្នឹងទៅតាមអារម្មណ៍របស់គេ ពីព្រោះឥឡូវ គេធ្វើការតាមអារម្មណ៍ គេមិនមែនធ្វើការតាមច្បាប់ឯណា!»។
ករណីលោក រ៉ុង ឈុន នេះ ជាករណីទីពីរ ទាក់ទងនឹងចំណាត់ការតាមផ្លូវតុលាការ ទៅលើសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីករណីលើកមុន ដែលបានកើតឡើងរួចហើយ ទៅលើលោក នី ចរិយា អគ្គលេខាធិការរងរបស់ស្ថាប័ននេះ។ លោក នី ចរិយា ត្រូវបានតុលាការសម្រេចឃុំខ្លួនលោក ជាបណ្ដោះអាសន្ន នៅក្នុងសំនុំរឿងដ៏ចម្រូងចម្រាសមួយផ្សេងទៀត។ ទាំងលោក រ៉ុង ឈុន អតីតប្រធានសហភាពសហជីពកម្ពុជា-អតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ទាំងលោក នី ចរិយា អតីតមន្ត្រីការពារសិទ្ធិមនុស្សដ៏ល្បីល្បាញ សុទ្ធតែធ្លាប់ប៉ះពាល់ដោយពាក្យសម្ដីធ្ងន់ៗ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងមក៕
» ខាងក្រោមនេះ ជាលិខិតជូនដំណឹង របស់ចៅក្រមស៊ើបសួរ មកកាន់លោក រ៉ុង ឈុន៖