ផៃ ស៊ីផាន៖ បាតុកម្មរបស់ពលរដ្ឋ​ខ្មែរ​អាមេរិកាំង គ្មាន​ទំងន់​អ្វី​ទេ!

ការត្រៀមរៀបចំធ្វើបាតុកម្ម របស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង (ហៅជាភាសាអង់គ្លេស «Cambodia-America Alliance» ឬ​ជា​អក្សរ​កាត់ «CAA») នៅមុខសភាអាមេរិក ក្នុងថ្ងៃទី១០ ខែមិថុនាខាងមុខនោះ បានទទួលប្រតិកម្មវិញ នៅព្រឹក​នេះ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល។ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានចាត់​ទុក​បាតុកម្មនេះ ថា​គ្មាន​ទម្ងន់អ្វី មក​លើ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ពិសេសក្រុ​ម​អ្នក​រៀបចំ​បាតុកម្ម មិនទាំង​ស្គាល់​ច្បាស់ ពីផលប្រយោជន៍​អាមេរិក ជាមួយ​កម្ពុជា​នោះ​ផង។
ផៃ ស៊ីផាន៖ បាតុកម្មរបស់ពលរដ្ឋ​ខ្មែរ​អាមេរិកាំង គ្មាន​ទំងន់​អ្វី​ទេ!
លោក ផៃ ស៊ីផាន កាន់ស្រាបៀរថតរូប នៅពេលលោកទៅលំហែកាយមួយ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 18, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផលប្រយោជន៍អាមេរិកាំង គឺកម្ពុជា មិនមែនក្រុមពលរដ្ឋខ្មែរ-អាមេរិកាំង ដែលស្នាក់នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ នេះ​ជា​ប្រសាសន៍លើកឡើង របស់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ក្នុង​ប្រតិកម្ម​មួយ តបទៅនឹងគម្រោងធ្វើបាតុកម្ម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦​ខាង​មុខ របស់​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ដែលត្រូវបានសារព័ត៌មាន​ដើមអំពិល យក​មក​ចុះ​ផ្សាយ នៅក្នុង​អត្ថបទ​របស់​ខ្លួន។

អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង (ហៅជាភាសាអង់គ្លេស «Cambodia-America Alliance» ឬ​ជា​អក្សរ​កាត់ «CAA») បាន​ប្រកាស​កាលពីថ្ងៃអង្គារម្សិលម៉ិញ ថាខ្លួុនគ្រោងនឹងរៀបចំបាតុកម្មមួយ ដែល​មាន​គ្នីគ្នា​ចូលរួម​ប្រមាណ​ជា ៣០០នាក់ នៅខាងមុខសភាពអាមេរិក ដើម្បីជំរុញឲ្យសភា​សហរដ្ឋ​អាមេរិក​​អនុម័ត​​ច្បាប់ ​ទាមទារ​​ឲ្យ​​ក្រសួង​​ការបរទេស​​អាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូក ទៅលើ​​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ទាល់​តែ​មាន​ការ​ដោះលែង អ្នកទោសនយោបាយ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​​សកម្មជន​ដ៏ទៃ​ទៀត ឲ្យ​មាន​សេរីភាព។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អង្គការមួយនេះ ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ បាន​សរសេរ​អំពាវនាវ ទៅកាន់សហគមន៍ខ្មែរនៅជុំវិញពិភពលោក ឲ្យ​ចូលរួម​ដឹកនាំ​​ធ្វើ​​បាតុកម្ម​​ដោយ​​សន្តិវិធី ​នៅ​តាម​សាលា​ក្រុង សភាជាតិ និងស្ថានទូតខ្មែរនានា នៅតាមបណ្ដា​ប្រទេស​​រៀងៗ​​ខ្លួន នៅ​ថ្ងៃ​តែ​មួយ ថ្ងៃ​ទី១០ ខែ​មិថុនា ខាង​មុខ​នេះ ដើម្បីរំលឹកប្រាប់ពិភពលោកថា «ប្រទេសកម្ពុជា ពុំមាន​សេរីភាព​ឡើយ»។

ប៉ុន្តែបាតុកម្ម ឬយុទ្ធនាការណាក៏ដោយ នឹងមិនមានតម្លៃអ្វី ទៅលើរដ្ឋាភិបាលអាមេរិកឡើយ ដោយ​សាររដ្ឋាភិបាល​អាមេរិក ឲ្យ​តម្លៃ​ទៅ​លើ​ផលប្រយោជន អាមេរិក-កម្ពុជា-អាស៊ានខ្លាំងជាង។ លោក ផៃ ស៊ីផាន បានបញ្ជាក់​ថា ក្រុម​ខ្មែរ​ទាំងប៉ុន្មាននាក់នោះ មិនត្រឹមតែមិនមានឥទ្ធិពលអ្វី មកលើកម្ពុជា​នោះ​ទេ តែក៏គ្មាន​ឥទ្ធិពល​អ្វី ទៅ​លើ​រដ្ឋាភិបាល​អាមេរិក​នោះ​ដែរ។

អ្នកនាំពាក្យបានពន្យល់ថា៖ «ចំពោះពលរដ្ឋខ្មែរនៅអាមេរិកាំង គ្រាន់តែជាក្រុមតូចមួយ ហើយ​ផល​ប្រយោជន៍ ​អាមេរិកាំង គឺអាស៊ាន ហើយផលប្រយោជន៍​អាមេរិកាំងគឺកម្ពុជា មិនមែនពួកស្នាក់នៅ​សហរដ្ឋអាមេរិក​ទេ។ចំពោះ​ខ្មែរ​អាមេរិកាំង ដែលរស់នៅទីនោះ មិនស្គាល់គោលនយោបាយ របស់រាជដ្ឋាភិបាល​កម្ពុជា​ទេ។»

លោក ផៃ ស៊ីផាន បានបញ្ជាក់បន្តថា ពលរដ្ឋខ្មែរនៅអាមេរិកភាគច្រើន គឺស្អប់វៀតណាម ប៉ុន្ដែ​អាមេរិក​ទៅ​ធ្វើការ​ជា​មួយ​ប្រទេស​វៀតណាម។ រីឯការលើកឡើងរបស់ពួកគេទាំងនោះ គ្រាន់តែដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​ ពី​សាធារណជន​ទូទៅ​ប៉ុណ្ណោះ។ រីឯយុទ្ធនាការទាមទារឲ្យដោះលែង តំណាងរាស្រ្ត សកម្មជន នយោបាយ និង​សង្គម​ស៊ីវិលនោះ ក៏​មិន​អាច​ទៅ​រួច​ដែរ។ មន្ត្រីអ្នកនាំពាក្យបានថ្លែងរៀបរាប់ថា៖ «តុលាការ​ប្រទេស​កម្ពុជា ជា​ស្ថាប័ន​ឯករាជ្យ ហើយ​រាជរដ្ឋាភិបាល​មិនមាន​សិទ្ធិ​លូកដៃ ចូលឡើយ ហើយក៏គ្មានសិទ្ធិ​ដោះលែង តំណាង​រាស្រ្ត សកម្មជន នយោបាយ និងសង្គមស៊ីវិលនោះទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...