សួន សេរីរដ្ឋា អួតអាងថា ខ្លួនជាអ្នកនយោបាយនៃ«ការពិត»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ សីហា ២០១៨
- កែប្រែចុងក្រោយ: August 25, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលអតីតអ្នកទោស អួតអាងថាខ្លួនគ្រាន់បើ ជាអតីតអ្នកទោសផ្សេងទៀត... គឺលោក សួន សេរីរដ្ឋា ដែលបានហៅខ្លួនឯងថា ជាអ្នកនយោបាយ នៃ«ការពិត» ដោយសារលោក បានបង្ហោះជាសាធារណៈ នូវលិខិតសុំទោសនាយករដ្ឋមន្ត្រីចាំផ្ទះ ដល់ទៅពីរដង រហូតលុះត្រាទទួលបាន ការលើកលែងទោស ពីព្រះមហាក្សត្រ។
នៅលើបណ្ដាញសង្គម លោក សួន សេរីរដ្ឋា បានអះអាង នៅមុននេះបន្តិចថា៖ «ខ្ញុំ ជាអ្នកនយោបាយម្នាក់ ដែលយកទស្សនៈ "អំណាចនៃការពិត" មកសាបព្រោះ ដើម្បីឲ្យពលរដ្ឋបានដឹងការពិត និងអ្នកនយោបាយហ៊ាននិយាយ ហ៊ានបញ្ចេញការពិត ដោយគ្មានការលាក់លៀម ។ ដូច្នោះ លិខិតដែលខ្ញុំសរសេរ ស្នើរសុំលោក ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ ទូលថ្វាយព្រះមហាក្សត្រ សុំការព្រះរាជទានលើកលែងទោស និងដោះលែងចេញពីពន្ធនាគារ វាគ្មានអ្វីត្រូវលាក់លៀម លាក់បាំងនោះទេ។»។
អតីតប្រធានគណបក្សអំណាចខ្មែរ បានបន្តថា៖ «ចំពោះអ្នកនយោបាយ និងអ្នកបម្រើនយោបាយ នៃក្រុមថោកទាបមួយចំនួន ដែលព្យាយាមលាក់លៀមការពិត មិនហ៊ានបើកចំហរ មិនក្លាហានឆ្លើយសំណួរអ្នកសារព័ត៌មាន មិនហ៊ានប្រាប់ការពិត ដល់អ្នកគាំទ្រខ្លួនឯងថា ខ្លួនសរសេរសំបុត្រ ទៅសុំការអន្តរាគមន៍ពីលោក ហ៊ុន សែន ដើម្បីបានការលើកលែងទោសនោះ គឺវាជាពួកភូតកុហក និងបោកប្រាស់មិនកែចរឹត»។
គេមិនដឹងថា តើអ្នកនយោបាយ ឬអ្នកបម្រើនយោបាយ ណាមួយ ដែលលោក សួន សេរីរដ្ឋា ចង់និយាយសំដៅទេ។ ប៉ុន្តែ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយ នៃស្ថានការណ៍ នៅកម្ពុជា អ្នកធ្វើអត្ថាធិប្បាយ សកម្មជនដើម្បីសិទ្ធិដីធ្លី អ្នកសារព័ត៌មាន និងអ្នកនយោបាយ ចំនួន៦នាក់ ត្រូវបានដោះលែងជាបន្តបន្ទាប់ ឲ្យមានសេរីភាព។ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម គឺជាជនទីមួយ ដោយសារលោក បានអនុវត្តទោសចប់រួចរាល់។ លោក សួន សេរីរដ្ឋា ជាជនទី៥ ខណៈលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺជាជនទី៦ ដែលទើបត្រូវបានដោះលែង ក្នុងល្ងាចថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨នេះ។
មកដល់ពេលនេះ គេដឹងច្បាស់ជាងអ្នកផ្សេង ថាលោក សួន សេរីរដ្ឋា បានធ្វើលិខិតសុំទោសលោក ហ៊ុន សែន ដល់ទៅពីរដង។ គេអាចមើលឃើញ លិខិតទាំងនោះ នៅលើទំព័រហ្វេសប៊ុករបស់លោក។
ផ្ទុយទៅវិញ ការសុំទោស របស់អតីតប្រធានគណបក្សអំណាចខ្មែរ ទទួលបានការរិះគន់ យ៉ាងចាស់ដៃ ពីលោក សួង សោភ័ណ្ឌ ប្រធានបច្ចុប្បន្ន របស់គណបក្សអំណាចខ្មែរ ដោយហៅទង្វើ របស់លោក សួន សេរីរដ្ឋា ថាជា«ភាពទន់ខ្សោយ» និងមិនហ៊ានធ្វើ «ពលីកម្ម» ក្នុងនាមលោក ជាអ្នកនយោបាយ។
លោក សួង សុភ័ណ្ឌ ដែលត្រូវបានជ្រើសតាំង ជាប្រធានគណបក្ស បន្ទាប់ពីលោក សួន សេរីរដ្ឋា ត្រូវបានជាប់ឃុំនោះ បានថ្លែងឡើងថា ការធ្វើលិខិតសុំទោស របស់លោក សួន សេរីរដ្ឋា បញ្ជាក់ពីភាពទន់ខ្សោយ របស់អតីតប្រធានគណបក្សខ្លួន។ លោកថា៖ «ចំពោះអ្នកនយោបាយ គឺត្រូវតែហ៊ានតស៊ូធ្វើពលីកម្មគ្រប់បែបយ៉ាង សុខចិត្តបន្តជាប់ឃុំដើម្បីជាតិ ជាជាងយកការសុំទោស ជាថ្នូរជាមួយនឹងការដោះលែង ឲ្យខ្លួនមានសេរីភាព»។
សម្រាប់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដែលធ្លាប់ធ្វើលិខិតសុំទោសលោក ហ៊ុន សែន ដែរនោះ បានពន្យល់ថា លិខិតស្នាមណាក៏ដោយ ដែលធ្វើឡើង ក្រោមការដាក់កំហិត ឬការគម្រាមកំហែង នឹងគ្មានតម្លៃតាមផ្លូវច្បាប់ឡើយ៕