ហ៊ុន សែន ព្រមាន​ចិន​កុំ​ឲ្យ​លូក​ដៃ​ករណី គឹម សុខ

បន្ទាប់ពីបានប្រកាសប្ដឹង លោក គឹម សុខ ទៅតុលាការហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​បាន​ព្រមាន​ប្រទេស​ចិន​ថែម​ទៀត​ ថាកុំឲ្យលូកដៃ​ចូលធ្វើអន្តរាគមន៍​ នៅក្នុងករណីនេះឲ្យសោះ។ លោក​នាយក​រដ្ឋមន្ត្រី បាន​អះអាង​ដូច្នេះ ដោយ​សំអាង​ថា លោក គឹម សុខ ធ្លាប់ទៅរៀន នៅក្នុងប្រទេសចិន។
ហ៊ុន សែន ព្រមាន​ចិន​កុំ​ឲ្យ​លូក​ដៃ​ករណី គឹម សុខ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាប់ដៃលោក យិន ស៊ិនពីង ប្រធានាធិបតីចិន។ (រូបថតឯកសារ)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 13, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាស នៃការដាក់បណ្ដឹងរបស់លោក ប្រឆាំងនិងអ្នកធ្វើអត្ថាធិប្បាយ​មួយ​រូប ​ទៅ​កាន់​តុលាការ នៅព្រឹកថ្ងៃចន្ទនេះ ដើម្ប«ផ្លែផ្កា»ឲ្យសហរដ្ឋអាមេរិក និងព្រមានប្រទេសចិន ថា​កុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​អ្វី​ទាំង​អស់ នៅក្នុងករណី​ប្ដឹង​ផ្ដល់​នេះ។

លោក ហ៊ុន សែន បានប្រើប្រាស់វេទិកា នៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ពានបេតុង មិត្តភាព កម្ពុជា-ចិន កោះ​ធំ ដើម្បី​ថ្លែង​ដូច្នេះ បន្ទាប់ពីលោក​បានប្រកាសថា បានឲ្យមេធាវី​របស់លោក ដាក់ពាក្យ​បណ្ដឹង​ចូល​ទៅកាន់​តុលាការ ដើម្បី​ប្ដឹង​​លោក គឹម សុខ ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​មួយ របស់អ្នកវិភាគ​រូបនេះ ដែលធ្វើឲ្យ​លោក ហ៊ុន សែន និង​គណបក្ស​​ប្រជាជន​​កម្ពុជា​​របស់​លោក កើតទុក្ខ​មិន​សុខ​ចិត្ត។

មកដល់ចំណុចមួយ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយរំលឹក ពីមនុស្សដែលលោក ប្ដឹងនោះ ថាមាន​អតីតកាល ស្និត​នឹង​គណបក្ស​ហ្វុនស៊ីនប៉ិច ហើយធ្លាប់ទៅរៀន នៅក្នុងប្រទេសចិន កាលពីជំនាន់​ហ្វុនស៊ីនប៉ិច នៅ​មាន​ឥទ្ធិពល​នៅ​ឡើយ។ លោកបាន​ថ្លែង​ឡើង​ថា៖ «ហើយម្នាក់ហ្នឹងរៀន នៅស្រុកចិន​ទៀត​ណា រៀន​នៅ​ស្រុក​ចិន។ ហើយ​តិច ចិនមក​ចេញ​អន្តរាគមន៍។ កុំឲ្យសោះ។»។

ថ្លែងដោយងាកមុខ ទៅរកឯក​អគ្គរដ្ឋទូត​របស់​ប្រទេស​ចិន នៅខាងឆ្វេងដៃនោះ លោក ហ៊ុន សែន បាន​ព្រមាន​ថា៖ «តិច ឯកឧត្តម​ឯកអគ្គរដ្ឋទូត មកអន្តរាគមន៍ ឆឺយ! ហឹះ! កុំធ្វើដូច​ពួកអាមេរិក ! សុំប្រាប់​មិត្ត​ចិន​ឲ្យ​ហើយ កុំធ្វើ​ដូច​ពួក​អាមេរិក។»។

គួរបញ្ជាក់ដែរថា ស្ពានដែលលោក ហ៊ុន សែន ទៅសម្ពោធនេះ ត្រូវបានសាងសង់ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ១៩.៣៩លាន​ដុល្លារ​អាមេរិក ដែលជាថវិកាកម្ចីឥណទាន ពីរដ្ឋាភិបាលចិន ខណៈ​ថវិកា​បដិភាគ​ របស់​កម្ពុជា មាន​ប្រមាណតែ ២.៨លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ស្ពានកោះ​ធំនេះ តភ្ជាប់ពីផ្លូវជាតិ​លេខ​២១ ត្រង់​ចំណុច​​ភូមិ​ព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ត្រើយខាងលិច​ទន្លេ​បាសាក់ ឆ្លងទៅផ្លូវជាតិ​លេខ១១០ នៅ​ប្រប​មាត់​ទន្លេត្រើយ​ខាងកើត​​ទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...