សមត្ថកិច្ច​វិភាគ​សម្លេង​ ថោង សារ៉ាត់ និង​តាម​​ចាប់​​ខ្លួន​ប្រពន្ធ​ទី​១ ​និង​ប្អូន​ថ្លៃ​៣​នាក់​

សំនុំរឿង«ឃាតកម្ម»ដ៏រន្ធត់ ធ្វើឲ្យកក្រើកនៅកម្ពុជា កំពុងត្រូវបានបន្តនីតិវិធីស៊ើបអង្កេត ដោយមន្រ្តីជំនាញពាក់ព័ន្ធនានា ក្នុងការស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់ ដែលជាប់ចោទ ក្នុងបទឃាតកម្មលើលោក អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងមក។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 10, 2014
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃទី៩ ខែធ្នូម្សិលម៉ិញនេះ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​លោក គៀត ចន្ទថារិទ្ធ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា មន្រ្តី​ជំនាញ​របស់​លោក កំពុង​ធ្វើការ​ផៀង​ផ្ទាត់​សម្លេង ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម។ តាម​រយៈ​សម្លេង​នោះ បាន​បង្ហាញ​ថា ខ្លួន​ឈ្មោះ ថោង សារ៉ាត់ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​យ៉ាង​អយុត្តិធម៌ និង​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជួយ​ផ្តល់​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។

ការបញ្ជាក់ខាងលើ​របស់​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដាញ​សង្គម និង​សារព័ត៌មាន​មួយ​ចំនួន បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់ ចាប់​ពី​ថ្ងៃ​ទី០៨ ខែ​ធ្នូ​មក។ លោក​បន្ថែម​ដូច្នេះ​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ក្រុម​ជំនាញ​នឹង​អាច​បញ្ជាក់​បាន​ថា តើ​សម្លេង​នេះ​ពិត​ប្រាកដ​ជា​សម្លេង របស់​លោក ថោង សារ៉ាត់ ឬ​មិន​មែន? ព្រោះ​លោក​ក៏​មិន​ធ្លាប់​ជួប​លោក ថោង សារ៉ាត់ ដែរ។

» សូមអានអត្ថបទទាក់ទង ដោយចុចនៅលើទីនេះ

» ប្រៀបធៀបសម្លេងសម្ភាសដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក មុនការចាប់ខ្លួន និងសម្លេងបង្ហោះក្នុង​បណ្តាញ​សង្គម ដោយគេហទំព័រក្នុងស្រុកមួយ៖

ក្រៅពីការវិភាគលើសម្លេង«អនាមិក»នេះ អ្នកនាំពាក្យនគរបាលជាតិលោក គៀត ចន្ទថារិទ្ធ បានបញ្ជាក់​បន្ថែម​ថា សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួន លោក ថោង សារ៉ាត់ គ្រប់កន្លែង គ្រប់ច្រកល្ហក មិនថាតែក្នុងប្រទេស​កម្ពុជានោះទេ។

តាមប្រភពលាក់ការពីសមត្ថកិច្ច បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ទីតាំងលាក់ខ្លួន​របស់​លោក ថោង សារ៉ាត់ ដែលជាមេក្លោងនោះត្រូវបានរកឃើញហើយ ប៉ុន្តែមិនអាច«បញ្ចេញ»បានទេ ព្រោះ​តែរឿងនេះ កំពុង​ស្ថិតក្រោមការស៊ើបអង្កេតជាសម្ងាត់នៅឡើយ។

រីឯអ្នកស្រី ឌួង ថាវរី ប្រពន្ធទីមួយ និងប្អូនថ្លៃចំនួនបីនាក់ផ្សេងទៀត របស់លោកឧកញ៉ា ថោង សារ៉ាត់ ក៏​កំពុង​ស្ថិតក្រោមការប្រម៉ាញ់ចាប់ ពីសំណាក់មន្រ្តីមានសមត្ថកិច្ចដែរ។ ពួកគេជាប់ពាក់ព័ន្ធថា បានចូលរួមក្នុង​គម្រោង​ការបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចដដែល ដែលធ្វើការ​ស្និត​នឹង​ករណី​ខាង​លើ។

ដោយឡែកមន្រ្តីច្បាប់មួយរូប មកពីគណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានធ្វើការច្រានចោលចំពោះ​សម្លេង​នោះ។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោកចាត់ទុកថា នោះអាចជា​ការ​ប្រឌិត​ឡើង ដោយម្ចាស់គម្រោងមួយជាក់លាក់។ លោក រស់ សួរ បានរំពឹងគិតថា ខ្សែអាត់សម្លេងនេះ ជាការបំភ្លៃ​«ថ្មី» របស់អ្នករៀបចំ ក្នុងគោលបំណង«បំភាន់»ភ្នែក ហើយទិសដៅនៃការរៀបចំឲ្យមានសម្លេងនេះ អាចមាន​ពីរទៅបីដំណាក់កាលទៀត ដោយធ្វើការទាញភ្ជាប់បន្តិចម្តងៗ ទៅរកបង្អែករឹងមាំណាមួយ ដែលគេចង់ទម្លាក់​កំហុសនោះ។

លោក រស់ សួរ បានថ្លែងឲ្យដឹងទៀតថា៖ «រឿងអ្វីដែលគេបង្កើត គេបានដឹងជាមុន គិតទុករួចជាស្រេច? (…) បើដាំបង្គោលមួយ ដើមឡើយ ត្រូវរកបង្អែក ឬខ្សែចងជាមុនដើម្បីការពារមិនឲ្យដួល ឬរលំ។ (…) សម្លេង​គ្មាន​រូប គ្មានអ្វីបញ្ជាក់អត្ថសញ្ញាណផង គេអាចយកអ្នកបញ្ចូលសម្លេងកុន មកដើរតួបានក្នុងករណីនេះ។»

គួកត់សម្គាល់ថា មនុស្ស៨នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបានកាលពីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤កន្លងមក ក្នុង​ការឆែកឆេរលំនៅដ្ឋានរបស់លោក ថោង សារ៉ាត់ ស្ត្រីម្នាក់ជាប្រពន្ធទី២ និងម្នាក់ទៀតជាប្អូនប្រុសបង្កើត​របស់​លោក ថោង សារ៉ាត់ ត្រូវបានធ្វើការដោះលែងឲ្យមានសេរីភាពវិញ ក្រោយពីតុលាការរកមិនឃើញ ពីភាពជាប់​ពាក់ព័ន្ធក្នុងសំនុំរឿង របស់អ្នកទាំងនេះ។

» សូមអានអត្ថបទទាក់ទង ដោយចុចនៅលើទីនេះ

សូមបញ្ជាក់ លោក ថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ច និងតុលាការកម្ពុជា សង្ស័យ និងធ្វើការចោទប្រកាន់ ពី​បទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ជាមួយនឹងអង្គរក្សបួននាក់ទៀតរបស់ខ្លួន ថាបាន​បាញ់សម្លាប់​លោក អ៊ឹង ម៉េងជឺ កណ្តាលរាជថានីភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...