សំណុំ​រឿង យ៉ោម បុប្ផា៖ មតិ​មិន​អស់​ចិត្ត នឹង​សាលដីកា​តុលាការ​កំពូល

នៅទីបំផុតទៅតុលាការកំពូលនៃប្រទេសកម្ពុជា បានសម្រេចដោះលែងសកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រីយ៉ោម បុប្ផា ឲ្យមានសេរីភាពបណ្តោះអាសន្ន តែត្រូវស្ថិតនៅក្រោមដែនយុត្តិធិការរបស់តុលាការឧទ្ធរណ៍វិញម្តង។ ការសម្រេចរបស់តុលាការកំពូលបែបនេះ បានធ្វើឲ្យមតិមួយចំនួនមានការស្វាគមន៍ និងខ្លះទៀតពេញចិត្តខ្លះនិងមិនពេញចិត្តខ្លះ ព្រមទាំងក៏មានដែរអ្នកដែលមិនពេញចិត្តទាល់តែសោះ ចំពោះការសម្រេចរបស់តុលាការនេះ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: November 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីបំផុតទៅតុលាការកំពូលនៃប្រទេសកម្ពុជា បានសម្រេចដោះលែងសកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រីយ៉ោម បុប្ផា ឲ្យមានសេរីភាពបណ្តោះអាសន្ន តែត្រូវស្ថិតនៅក្រោមដែនយុត្តិធិការរបស់តុលាការឧទ្ធរណ៍វិញម្តង។ ការសម្រេចរបស់​តុលាការកំពូលបែបនេះ បានធ្វើឲ្យមតិមួយចំនួនមានការស្វាគមន៍ និងខ្លះទៀតពេញចិត្តខ្លះនិងមិនពេញចិត្តខ្លះ ព្រមទាំង​ក៏មានដែរអ្នកដែលមិនពេញចិត្តទាល់តែសោះ ចំពោះការសម្រេចរបស់តុលាការនេះ។


ក្រុមអ្នកគាំទ្រឲ្យមានការដោះលែងអ្នកស្រីយ៉ោម បុប្ផា នៅក្រៅតុលាការកំពូល ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ C.Thyrith)

ប្រព័ន្ធយុត្តិធម៌ - គ្រាន់តែដំណឹងនៃតុលាការកំពូល ប្រកាសសាលាដីកាសម្រេចឲ្យអ្នកស្រី យ៉ោម បុប្ផា បានរួចខ្លួន​ជា​បណ្តោះអាសន្នភា្លម សំឡេងហោរិ៍ អបអរសាទរ ពីខាងក្រៅសវនាការសាលាកំពូល បានលាន់កងរំពងយ៉ាងទ្រហឹង​អ៊ឹងអាប់នៅទីនោះ។ សំឡេងស្រែកហោរ៍នោះ បានកើតចេញពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ ដែល​ធ្លាប់ទទួលរងការឈឺចាប់ ដោយការរំលោភដីធ្លី មានដូចជា អ្នកភូមិបឹងកក់ បុរីកីឡា ថ្មគោលជាដើម។

លើសពីនេះទៅទៀត ការត្រេកអរនេះ ក៏កើតមានឡើងចំពោះព្រសង្ឃ និងមន្រ្តីអង្គការស៊ីវិលមួយចំនួនផងដែរ។ ក៏ប៉ុន្តែ​ការ​ត្រេកអររបស់ពួកគេ ក៏បង្កប់មកជាមួយការមិនទាន់អស់ចិត្តសោះឡើយ។ មិនអស់ចិត្តដោយសារតែអ្នកស្រី យ៉ោម បុប្ផា នៅមិនទាន់មានសេរីភាពពេញលេញនោះទេ ដោយស្ថិតនៅក្រោមការកាត់សេចក្តីម្តងទៀត ពីសំណាក់តុលាការឧទ្ធរណ៍។

ក្រុមពលរដ្ឋនៅតំបន់បឹងកក់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីតុលាការកំពូលប្រកាសសាលដីការរួចថា ពួក​គេមានការសប្បាយចិត្តខ្លាំងណាស់ ដែលសកម្មជនដីធ្លីរបស់ក្រុមខ្លួន បានមានសេរីភាពនៅក្រៅឃុំ​បណ្ដោះអាសន្នមួយ​រយៈពេលសិន ដែលអាចបានទៅជួបគ្រួសារបស់ខ្លួនវិញ។ ក៏ប៉ុន្តែក្រុមអ្នកភូមិបឹងកក់ទាំងនោះ បានសម្តែងការខក​ចិត្តផង​ដែរ ដោយសារថា អ្នកស្រី យ៉ោម បុប្ផា មិនត្រូវបានដោះលែងឲ្យមានសេរីភាពទាំងស្រុងនោះទេ គឺនៅតែជាប់ជំពាក់ជាមួយ​តុលាការឧទ្ធរណ៍ម្តងទៀត។

ព្រះតេជគុណ យ៉េត រតនសុថេវី សមណនិស្សិតនៃសកលវិទ្យាល័យខេមរៈ បានមានសង្ឃដីកាតំណាងឲ្យក្រុមព្រះសង្ឃ ដែលបានចូលរួមតាមដាននៅខាងក្រៅសវានាការ កាលពីព្រឹកមិញដែរថា ព្រះអង្គសប្បាយចិត្តណាស់ដែលអ្នកស្រី យ៉ោម បុប្ផា វីរៈនារីខ្មែរ បានមានសេរីភាពបណ្តោះអាសន្ន។ តែព្រសង្ឃអង្គនេះ បានសម្តែងការមិនពេញចិត្តផងដែរ ដែលតុលាការ​កំពូល មិនកាត់សេចក្តីដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យរួចទោសតែម្តងនោះ។ ព្រះអង្គបន្ថែមថា នេះជាចរិតរបស់តុលាការ​ស្រុកខ្មែរ ដែលតែងតែរុញទៅរុញមក គ្មានជំហរម្ចាស់ការឯករាជ្យនោះទេ គឺត្រូវស្ថិតនៅក្រោមការបញ្ជារបស់លោក ហ៊ុន សែន ទាំងអស់។

ចំណែកលោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ក្រោយ​ពីការប្រកាសសាលដីកាថា លោកមានការត្រេកអរ ដែលតុលាការសម្រេចឲ្យអ្នកស្រី យ៉ោម បុប្ផា នៅក្រៅបណ្តោះអាសន្ន។ លោកថា វាជាការល្អសម្រាប់អ្នកស្រី ហើយយ៉ាងហោចណាស់ក៏បានអនុញ្ញាតឲ្យអ្នកស្រី បុប្ផា អាចជួបជុំគ្រួសារប្តី និងកូន​របស់អ្នកស្រីដែរ។ មន្រ្តីសង្គមស៊ីវិលរូបនេះ ក៏ហាក់នៅមិនទាន់អស់ចិត្តផងដែរ ចំពោះការសម្រេចរបស់តុលាការកំពូល​លើកនេះ។

ជាមួយនឹងការអបអរសាទរ ដែលអ្នកស្រី យ៉ោម បុប្ផា បានត្រូវតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្ណោះអាសន្ននេះ ក៏​មាន​ដែរ អ្នកដែលមិនសប្បាយចិត្ត និងខឹងសម្បារនៅពេលដែលតុលាការប្រកាសបែបនេះ។ អ្នកដែលមិនសប្បាយចិត្ត គ្មាន​នរណាក្រៅពី លោក ឯ សុភាស់ ប្រធានសមាគមអ្នករត់ម៉ូតូឌុប ដែលតែងតែប្រឆាំងនឹងស្រ្តីអ្នកភូមិបឹងកក់នោះទេ។ លោក​ថា លោកមិនពេញចិត្តឡើយចំពោះការសម្រេចរបស់តុលាការកំពូលពេលនេះ តែលោកនៅតែមានសង្ឃឹមថា តុលាការ​ឧទ្ធរណ៍ក្រោយនេះ នឹងសម្រេចយុត្តិធម៌សម្រាប់ជនរងគ្រោះដែលជាបក្សពួករបស់ខ្លួន។

គួរកត់សម្គាល់ថា រឿងក្តីក្តាំងរបស់ស្រ្តីការពារដីធ្លីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា នេះ ត្រូវគេមើលឃើញថា បានធ្វើឲ្យ​ប្រទេស​កម្ពុជា ខូចឈ្មោះនៅក្នុងឆាកអន្តរជាតិមិនស្ទើនោះទេ។ ខូចឈ្មោះដោយសារថា គ្រាន់តែស្រ្តីម្នាក់ ដែលក្រោកទាមទារ​ដើម្បីសិទ្ធិសេរីភាព ជាពិសេសគឺដីដែលជាទីស្នាក់អាស្រ័យរបស់ខ្លួនតែប៉ុណ្ណោះ ក៏ត្រូវបានរដ្ឋការរបស់លោក ហ៊ុន សែន ចាប់ដាក់គាំង ឲ្យព្រាត់ប្រាស់ពីកូន និងប្តីរបស់គេដែរ។ សំណុំរឿងនេះ ក៏បានធ្វើឲ្យសហគមអន្តរជាតិ បានបាញ់ក្រសែភ្នែក​យកចិត្តទុកដាក់យ៉ាងខ្លាំង និងទាមទារឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ដោយគ្មានលក្ខខណ្ឌ៕

---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...