ប្រព័ន្ធយុត្តិធម៌«បាល់បោះ»៖ សំនុំរឿងយ៉ោម បុប្ផា បោះទៅឧទ្ទណ៍វិញ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណើរការនីតិវិធីនៃអង្គជំនុំជំរះតុលាការកំពូលករណីលោកស្រី យ៉ោម បុប្ផា បានចាប់ផ្តើមនៅម៉ោង ៩ និង៣០នាទីព្រឹក នាសាលជំនុះជម្រះនៃតុលាការកំពូល។ ក្នុងអង្គសវនាការ ដែលដឹកនាំដោយលោក ឃឹម ប៉ុន ប្រធាក្រុមជំនុំជំរះរួមជាមួយនឹងចៅក្រមប្រឹក្សាចំនួនបួនរូប និងតំណាងអយ្យការមួយរូប។ វត្តមានភាគីពាក់ពន័្ធចូលរួមសវនាការនេះរួមមាន ខាងដើមចោទ លោក វ៉ាន់ ថៃសឿន និងលោក ង៉ែត ចិត រួមជាមួយមេធាវីមួយរូប។ ដោយឡែកខាងជនជាប់ចោទមានអ្នកស្រី យ៉ោម បុប្ផា លោក លួស សាខន រួមនិងមេធាវីការពារចំនួនបីរូប។
អ្នកស្រី យ៉ោម បុប្ផា បន្ទាប់ពីត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្ដោះអាសន្ន។ (រូបភាព MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - សវនាការជាសាធារណៈ ដែលភាគច្រើននៃអ្នកចូលរួមក្រៅពីក្រុមនិស្សិត សុទ្ធសឹងតែជាអ្នកសារព័ត៌មាន មន្រ្តីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលមានចំនួនមិនតិចជាង២០០នាក់ បានតាមដានយ៉ាងយកចិត្តទុកដាក់ នូវការទាញរកហេតុផល ខុស និងត្រូវរបស់ភាគីទាំងសងខាងចំពោះមុខអង្គជំនុំជំរះ។ តែទោះយ៉ាងណាក៏ក្តី តំណាងតុលាការកំពូលប្រកាសដោយលោក ឃឹម ប៉ុន ថានិងផ្តល់នូវយុត្តិធម៌ និងភាពស្អាតស្អំសម្រាប់ភាគីទាំងសងខាង។
ក្នុងអង្គសវនាការ ក្រៅពីអវត្តមាននៃជនជាប់ចោទចំនួនពីរូបលោក យ៉ោម សិទ្ធិ និងយ៉ោម កន្លង់ អ្នកស្រី យ៉ោម បុប្ផា និងប្តីឈ្មោះ លួស សាខន ត្រូវបានប្រធានក្រុមនៃអង្គជំនុំជំរះបានអនុញ្ញាតិឲ្យ បង្ហាញពីការការពារខ្លួនចំពោះការចោទប្រកាន់ ពីបទហិង្សាដោយចេតនាមានស្ថានទំងន់ទោស។ អ្នកស្រី យ៉ោម បុប្ផា បានលើកឡើងថា «ខ្ញុំមិនបានប្រព្រឹត្តិ មិនបានបញ្ជា និងក៏មិនបានដឹងពីហេតុការទាំងនេះដែរ។ ខ្ញុំសូមបដិសេធចំពោះការចោទប្រកាន់នោះ ព្រោះថាខ្ញុំមិនមានវត្តមាននៅកន្លែងកើតហេតុនោះទេ។ (...) ខ្ញុំមិនដែលមានទំនាស់ និងក៏មិនបានស្គាល់ជនរងគ្រោះទាំងពីរនាក់នោះដែរ។ (...) ខ្ញុំមិនបានដឹងរឿងនេះទាល់តែសោះ រហូតដល់ពេលមានមនុស្សមួយក្រុម ក្នុងឯកសណ្ឋានស៊ីវិល គ្មានដីកាបានចាប់ខ្ញុំបញ្ចូលឡាន រហូតបញ្ជូនមកពន្ធនាគារម១ព្រៃស ទើបបានដឹងរឿងនេះ។»
ឯលោក លួស សាខន បានលើកឡើងថា ការចោទប្រកាន់មកលើប្រពន្ធរបស់លោក ថាបានប្រព្រឹត្តិហិង្សាទៅលើជនរងគ្រោះទាំងពីរនេះ ជាភាព«អយុត្តិធម៌»បំផុត។ លោកបានបន្តថា ពេលនោះជនរងគ្រោះក៏មិនបានបញ្ជាក់ និងចង្អុលថាប្រពន្ធលោកជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ដោយបានបញ្ជាក់ថាមានបុរសពីរនាក់ជាអ្នកចាប់ និងវាយទៅវិញទេ។ ហើយគ្រួសារខ្ញុំ ក៏មិនដែលបានស្គាល់អ្នកទាំងពីរនាក់ នោះដែរ។ «សូមតុលាការកំពូល ជាតុលាការជាន់ខ្ពស់បំផុត នៅប្រទេសកម្ពុជា ជួយផ្តល់យុត្តិធម៌ ព្រោះពួកយើងខ្ញុំមិនបានដឹង និងមិនបានប្រព្រឹត្តិដូចការចោទប្រកាន់នោះទេ»។
ឆ្លើយតបទៅនឹងការលើកឡើង របស់ជនជាប់ចោទទាំងពីររូបខាងលើ ដើមចោទឈ្មោះ វ៉ាន់ ថៃសឿន បានលោកឡើងថា ថ្ងៃកើតហេតុខ្លួនបានឃើញ យ៉ោម បុប្ផា លើកដៃចង្អុលមកក្រុមខ្លួន តែមិនដឹងនិយាយអ្វីនោះទេ ព្រោះតែនៅឆ្ងាយ។ ក្រោយមកក៏មានបុរសពីរនាក់បានមកចាប់ និងវាយមកលើក្រុមខ្លួនទាំងពីរនាក់តែម្តង។ លោកបន្តរថា លោកបានស្គាល់ យ៉ោម បុប្ផា និងលួស សាខន ព្រោះធ្លាប់ចាប់បានចោប់ចោរដែលចូលលួចពេជ្រក្នុងផ្ទះគាត់ ឲ្យរូបគាត់។ «ខ្ញុំមិនស្គាល់ជនទាំងពីរនាក់ដែលបានមកវាយនោះទេ តែក្រោយពីវាយរួចពួកគេបានរត់អស់ ហើយមានក្មេងប្រាប់ថាអ្នកវាយនោះឈ្មោះ យ៉ោម សិទ្ធិ និងយ៉ោម កន្លង់»។
លើកឡើងមិនខុសគ្នានឹងលោក វ៉ាន់ ថៃសឿន ដើមចោទម្នាក់ទៀតឈ្មោះ ង៉ែត ចិត្ត បានបញ្ជាក់បន្ថែមថា លោកមិនដែលបានស្គាល់អ្នកទាំងពីរ(យ៉ោម បុប្ផា និងលួស សាខន)ទេ តែអ្វីដែលអ្នកទាំងពីរបានលើកឡើងខ្ញុំសូមបដិសេធ ព្រោះបានឃើញគាត់ចង្អុលមក ហើយក៏មានបុរសពីរនាក់មកកាប់នឹងពូថៅ និងចាក់នឹងទល់ល្វីសតែម្តង។
ជាមួយនិងការអះអាងរៀងៗខ្លួននៃដើមចោទ និងចុងចោទ លោកមេធាវីខាងចុងចោទ(យ៉ោម បុប្ផា និងលួស សាខន) លោក ចាន់ សុជាតិ និយាយថា សមត្ថកិច្ចមិនបានធ្វើកមណត់ហេតុពីទីតាំងនៃកន្លែងកើតហេតុទេ ហើយក៏មិនបានចុះស្រាវជ្រាវពីករណីនេះដែរ។ ឯដើមចោទនិយាយតាម «គេប្រាប់» តើគេនោះជានណា? ។ លោកបន្តរថា ឯសាក្សីសំខាន់មួយទៀត «ម្ចាស់ផ្ទះសំណាក់បុប្ផា» ដែលបានឃើញនូវហេតុការណ៍ទាំងនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាសាលាឧទ្ធណ៍ មិនបានធ្វើការកោះហៅតាមការស្នើសុំនោះឡើយ។
មេធាវីខាងដើមចោទ ក៏បានតបវិញថា ជនដែលជាប់ការចោទប្រកាន់ទាំងពីរនាក់នោះ (ឈ្មោះ យ៉ោម សិទ្ធិ និងយ៉ោម កន្លង់) ជាមនុស្សមានអត្តចរិតមិនល្អ កោងកាច សាហាវ និងត្រូវបានគេបណ្តេញចេញពីភូមិ ជាច្រើនឆ្នាំមកហើយ។ ឯករណីនៅកន្លែងកើតហេតុវិញ អ្នកស្រី យ៉ោម បុប្ផា ជាអ្នកមក«ប្រលេះ»ដៃ ដើម្បីឲ្យជនល្មើសទាំងពីរនោះ មានឱកាសរត់យករួចខ្លួន។ លោកបានបញ្ជាក់ថា «អ្នកទាំងបួនពិតជាបាននៅកន្លែងកើតហេតុមែន ហើយក៏ជាអ្នកបញ្ជា ឲ្យមានការប្រព្រឹត្តិអំពើហិង្សានេះ រហូតដល់មានរបួសស្នាម ដល់ជនរងគ្រោះទាំងពីរ។»
ចំណែកតំណាងអយ្យការ បានឡើងធ្វើសេចក្តីសន្និដ្ឋានជាចុងក្រោយថា ដោយមានភស្តុតាងដាក់បន្ទុកផង និងដោះបន្ទុកផងនោះ តំណាងអយ្យការស្នើរឲ្យក្រុមប្រឹក្សានៃអង្គជំនុំជំរះ ធ្វើការពិនិត្យ ពិចារណា តាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាជនជាប់ចោទ។
ក្រោយពីបានស្តាប់ការរៀបរាប់ និងបកស្រាយរបស់ភាគីទាំងសងខាង រួមទាំងមេធាវីនោះរួចមក ប្រធានក្រុមប្រឹក្សាជំនុំជំរះបានប្រកាសដកឈ្លាទៅពិចារណា។ រយៈពេលជិតមួយម៉ោងក្នុងការពិចារណា ប្រធានក្រុមប្រឹក្សាជំនុំជំរះក្រោយពីបានយល់ឃើញថា ទាក់ទងនឹងផ្នែកកំណត់ហេតុ និងការសម្រេច រួមទាំងភាពមិនគ្រប់គ្រាន់ និងការមិនឆ្លើយតបនៃសំណើរសម្រាប់ការធ្វើកំណត់ហេតុរបស់សមត្ថកិច្ច នោះ សម្រេចទទួលពាក្យបណ្តឹងសារទុក្ខ ដោយមានមូលហេតុសមស្របតាមច្បាប់ ហើយជនជាប់ចោទចាត់ទុកថាគ្មានទោស រហូតដល់មានពិរុទ្ធភាព។ និងយល់ឃើញថាមានពិរុទ្ធភាពដាក់បន្ទុកលើយ៉ោម សិទ្ធិ និងយ៉ោម កន្លង់ បន្តរស្វែងរកចាប់ខ្លួនអ្នកទាំងពីរ។
ជាចុងក្រោយប្រធានក្រុមប្រឹក្សាលោក ឃឹម ប៉ុន ក៏បានប្រកាសជាសាធារណៈ នូវសាលដីកានៃសំណុំរឿងក្តីនេះ ដោយបានបង្វិលទៅឲ្យសាលាឧទ្ធណ៍ធ្វើការស៊ើបអង្កេត សួរដេញដោល និងជមនុំជំរះឡើងវិញ។ ចំណែកអ្នកស្រី យ៉ោម បុប្ផា ក៏ត្រូវបានសម្រេចឲ្យស្ថិកនៅក្រៅឃុំជាបណ្តោះអាសន្ន ចាប់ពេលថ្ងៃប្រកាសសាលដីកានេះតទៅ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា ការមិនសម្រេចលើកលែងទោសតែម្តងទៅលើអ្នកស្រី យ៉ោម បុប្ផា ព្រោះតែតុលាការនេះគេចវេស ពីសំណងនៃការទទួលខុសត្រូវ ចំពោះការរស់នៅរយៈពេលជាងមួយឆ្នាំរបស់អ្នកស្រី យ៉ោម បុប្ផា ក្នុងពន្ធនាគារនោះ។ ម្យ៉ាងទៀតជាការពន្យាពេលក្នុងការសម្រេច ដើម្បីស្វែងរកនូវពិរុទ្ធភាពថ្មី ក្នុងការចោទប្រកាន់លើរូបអ្នកស្រី យ៉ោម បុប្ផា។
តែទោះជាយ៉ាងណាក៏ដោយលោកសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា នឹងមិនមានករណីដូច ប៊ន សំណាង និងសុខ សំអឿន នោះទេ។ ព្រោះថាសមាសភាពនៃចៅក្រមកាត់សេចក្តីថ្មី នៅសាលាឧទ្ធណ៍ជាសមាសភាពថ្មី និងមែនជាចៅក្រមមុនៗនោះឡើយ ហើយការសម្រេចរបស់ពួកគាត់ជាអំណាចឆន្ទានុសិទ្ធផ្តាប់មុខ។ «ដាក់អ្នកស្រីយ៉ោម បុប្ផា ជាប់ពន្ធនាគារជាងមួយឆ្នាំហើយ បើធ្វើការលើកលែងចោទប្រកាន់ទៅ តើនណាទទួលខុសត្រូវ ក្នុងពេលដែលគាត់ជាប់ពន្ធនាគារជាងមួយឆ្នាំនេះ? ការសម្រេចនេះជាការផ្តល់សេរីភាពឲ្យអ្នកស្រីយ៉ោម បុប្ផា ប៉ុន្តែជាការសម្រេចមួយ ដើម្បីមិនទទួលខុសត្រូវ។ (...) បើគ្មានភស្តុតាង គ្មានសំអាង និងសាក្សី ទេម្តេចមិនសម្រេចដោះលែងតែម្តងទៅ ហេតុអ្វីចាំបាច់បង្វិលឪ្យសាលាឧទ្ធណ៍ ធ្វើការសម្រេចឡើងវិញ។ (...) បើសិនជាសម្រេចលើកលែង ការចោទប្រកាន់តែម្តង រដ្ឋជាអ្នកទទួលខុសត្រូវសងសំណង ក្នុងការឃុំខ្លួនគេជាងមួយឆ្នាំមកនេះ ដោយមិនមានកំហុស។ នេះជាការបោះបាល់ដាក់គ្នា ទៅវិញទៅមក៕»
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ