រដ្ឋសភា​កម្ពុជា​ជ្រើស​រើស​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ជា​លើក​ទី១

បេក្ខជនម្នាក់ ក្នុងចំណោមប្រាំនាក់ ត្រូវបានរដ្ឋសភាជាតិកម្ពុជា បោះឆ្នោតជ្រើសរើសជាសមាជិកថ្មី នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៣ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 03, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបោះឆ្នោតជ្រើសតាំង​សមាជិក​ថ្មី នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣ នីតិកាល​ទី៥ នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី០៣ ខែ​តុលា ឆ្នាំ​២០១៤​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ដោយ​មាន​វត្តមាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ផង។ ជា​លទ្ធផល រដ្ឋសភា​ជាតិ​នៃ​កម្ពុជា​បាន​ជ្រើស​តាំង​ជា​ផ្លូវការ លោក អ៊ិត រ៉ាឌី អាយុ ៦៤ ឆ្នាំ អតីត​ចៅក្រម​មក​ពី​ខេត្ត​ស្ទឹង​ត្រែង ជា​សមាជិក​ថ្មី នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ និង​ជា​លើក​ទី​ដំបូង តាំង​ពី​ព្រះ​រាជា​ណាចក្រ​ទី​ពីរ ត្រូវ​បាន​បង្កើត​ឡើង​វិញ។

ក្នុងការបោះឆ្នោតជុំទីមួយ លោក អ៊ិត រ៉ាឌី មាន​សម្លេង​គាំទ្រ​៦០ សម្លេង អនុប្បវាទ ៤៤សម្លេង និង​មិន​ព្រម​១​សម្លេង ដែល​មិន​អនុញ្ញាត​ឲ្យ​លោក អ៊ិត រ៉ាឌី ជាប់​ក្នុង​ការ​ជ្រើស​តាំង​ឡើយ។ ប៉ុន្តែ បន្ទាប់​ពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​សម្រេច​ធ្វើការ​បោះ​ឆ្នោត​ជ្រើស​តាំង ក្នុង​ជុំ​ទី​ពីរ​ម្តង​ទៀត លោក អ៊ិត រ៉ាឌី ទទួល​បាន​សម្លេង​គាំទ្រ​នៅ​លើក​នេះ ចំនួន ៦៦ លើ ១០៨ សម្លេង។

បេក្ខជនបួនរូបផ្សេងទៀត ដែលបានមកឈរឈ្មោះដែរ តែមិនជាប់ជាសមាជិកឧត្តម​ក្រុមប្រឹក្សា​ នៃអង្គ​ចៅក្រម​រួមមាន លោក គង់ សារិទ្ឋ, លោក វ៉ាន់ ផាន់, លោក ផាត់ ពៅស៊ាង និង លោក តូច សាខឿន។

សូមបញ្ជាក់ថា ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម មាត្រា៤ ចំណុចប្រាំ បានចែងថា៖ «សមាជិកមួយរូបជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដាច់ខាត នៃសមាជិកសភា​ទាំង​មូល ក្នុងចំណោមឥស្សរជនជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ដែលមានបទពិសោធន៍ការងារយ៉ាង​តិច​១៥ឆ្នាំ​ឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ»។

សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានចំនួន ១១រូប។ ក្នុងនោះរួមមាន រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រធាន​តុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល និង៨រូបទៀត ត្រូវបានជ្រើសរើសដោយ​ស្ថាប័នកំពូលៗ​របស់ជាតិមួយចំនួនដូចជា រដ្ឋសភា និងព្រឹទ្ធសភាជាដើម។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអង្គការដែល​បង្កើតឡើងក្នុងគោលបំណង ធានាឯករាជភាពនៃប្រព័ន្ធតុលាការ និងមានព្រះមហាក្សត្រជាព្រះរាជអធិបតី។

តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិមួយចំនួន មិនមានវត្តមាន ឬមានវត្តមាន តែបានធ្វើពហិការមិន​ចូលរួម ក្នុងការបោះឆ្នោតនេះទេ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងជាតំណាង​រាស្ត្រ​មួយរូប ដែលធ្វើពហិការនេះ បានពន្យល់កាលពីថ្ងៃអាទិត្យនេះថា លោកមិនគាំទ្រចំពោះច្បាប់ធំៗចំនួនបី ដែលពាក់ព័ន្ធនឹងតុលាការឡើយ។ លោកយល់ថា ច្បាប់ទាំងបីនោះ ត្រូវបានស្ថាបនាឡើង ដោយគណបក្ស​ប្រជាជនកម្ពុជា ហើយបានបង្ហាញពីសភាពមិនឯករាជ្យ និងគ្មានយុត្តិធម៌៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...