ឆ្នាំ២០១៦ កម្ពុជាចំណាយច្រើន ខណៈប្រាក់បំណុលកើនឡើង
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១១ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 13, 2015
- ប្រធានបទ: សេដ្ឋកិច្ច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា បានអះអាងថា ក្នុងឆ្នាំ២០១៦ខាងមុននេះ ចំណាយនឹងកើតឡើង សម្រាប់បម្រើឲ្យសេចក្ដីត្រូវការ ក្នុងកម្មវិធីអនុវត្តគោលនយោបាយ ផ្គួបផ្សំនឹងការខិតខំគៀងគរចំណូល ថវិកាជាតិ របស់រដ្ឋាភិបាល។ ប៉ុន្តែសម្រាប់មន្ត្រីមកពីគណបក្សប្រឆាំង បានចោទជាសំណួរថា តើកំណែទម្រង់ និងគោលនយោបាយបាយនោះ មានភាពច្បាស់លាស់អ្វីខ្លះ?
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួប ជាមួយនឹងគណៈកម្មការទី២ នៃរដ្ឋសភា ក្នុងថ្ងៃទី១១ ខែវិច្ឆិកា នាវិមានរដ្ឋសភា លោក អួន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សម្រាប់ឆ្នាំ២០១៦ខាងមុខនេះ ការចំណាយថវិកាច្រើន ទៅលើវិស័យសង្គមកិច្ច ដែលមានរហូតដល់ជាង ៥,២៤ភាគរយ។ លោកបានទទួលស្គាល់ថា នេះជាចំណាយមួយ ដែលមានការកើនឡើងខ្ពស់ និងលឿនបំផុត។ ចំណាយទាំងនោះ ភាគច្រើន ប្រើទៅលើវិស័យសង្គមកិច្ច ដែលមានក្រសួងសំខាន់ៗមួយចំនួនដូចជា ក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងការងារជាដើម។ ឯវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ ក៏ស្ថិតក្នុងរង្វង់ជាង៣ភាគរយដែរ សម្រាប់ឆ្នាំ២០១៦នេះ។
-----------------
សម្រាប់តំណាងរាស្ត្រ ពីគណបក្សប្រឆាំងវិញ បានបន្ទោសរដ្ឋាភិបាលថា មិនបានបង្ហាញ ពីការកែទម្រង់ច្បាស់លាស់ណាមួយ ពាក់ព័ន្ធនឹងការចំណាយនោះឡើយ។ តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោក ឆុន ឆ័យ ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះដែរ បានហៅការមិនបង្ហាញ ពីកំណែទម្រង់នោះ ថាជាការ«លាក់លៀម» ដែលមាន«បញ្ហា»។
ទន្ទឹមនឹងការចំណាយដ៏ច្រើននេះ តំណាងរាស្រ្តបក្សប្រឆាំង បានស្នើឲ្យរដ្ឋាភិបាល គប្បីត្រូវគិតគូរឡើងវិញ នូវប្រាក់«កម្ចី» ដែលកើនឡើង យ៉ាងគំហុកដែរនោះ។ លោក សុន ឆ័យ បានថ្លែងឡើងថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងស្នើកម្ចី«ថវិកា»ពីបរទេស ក្នុងចន្លោះជាង១០០០លានដុល្លា បើធៀបនឹងឆ្នាំមុនៗ ដែល«កម្ចី»របៀបនេះ មានត្រឹមតែចន្លោះ៥០០លាន ទៅ៦០០លានដុល្លាអាមេរិកប៉ុណ្ណោះ។ លោកបានអះអាងថា៖ «នេះជាចំនួនធំ រដ្ឋាភិបាលខ្លួនឯង មិនមានគម្រោងច្បាស់លាស់ថា យកលុយទៅធ្វើអ្វីផង។ (...) យើងមានការបារម្ភ ដែលការយកលុយខ្ចី ទៅចាយវាយ ដោយគ្មានតម្លាភាពនេះ។ គួមានគម្រោងច្បាស់លាស់ មកជជែកជាមួយរដ្ឋសភា ជៀសវាងការចាយលុយ ក្នុងគម្រោងជាង១០០០ផ្លាយលាន (ដុល្លា) ដែលគ្មានគម្រោងច្បាស់លាស់។»
លោក សុន ឆ័យ បានបញ្ជាក់ថា តំណាងរដ្ឋាភិបាល បានទទួលស្គាល់ពីបញ្ហាប្រឈម នៃការសងប្រាក់ ត្រឡប់ទៅវិញដែរ។ លោកបានបន្តថា បើរដ្ឋាភិបាលចេះគ្រប់គ្រងថវិកាជាតិ តាមរយៈការគ្រប់គ្រង លើថវិកាដែលបានពីសម្បទានសេដ្ឋកិច្ច ការបង់ពន្ ធនៃបណ្តាក្រុមហ៊ុននានា និងការលុបបំបាត់ អំពើពុករលួយជាដើម។ លោកបានលើកជាឧទាហរណ៍ថា តួយ៉ាង ដូចជាពន្ធលើក្រុមហ៊ុន ណាហ្គាវើល ដែលអាចរកចំណូលបានចន្លោះពី១៥០-១៦០លានដុល្លាក្នុងមួយឆ្នាំ តែពន្ធដែលទទួលបានចូលរដ្ឋ មានត្រឹមតែ២០លានដុល្លាប៉ុណ្ណោះ។ លោកថា ការគ្រប់គ្រងពន្ធក្នុងប្រទេស បានត្រឹមត្រូវ វានឹងកាត់បន្ថយកម្ចី ពីបរទេសដែរ។
ដោយឡែកលោក ជាម យៀប ប្រធានគណកម្មការទីពីរ នៃរដ្ឋសភា តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការអញ្ជើញតំណាងរដ្ឋាភិបាល មានលោក អូន ព័ន្ធមុន្នីរ័ត្ន ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតំណាងនេះ ជាកិច្ចការងារដេញដោលចុងក្រោយបង្អស់ សម្រាប់ច្បាប់ ស្តីពីការគ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៦ ខាងមុខ។ លោកបន្តថា ក្រុមការងាររបស់លោក នឹងយកសេចក្តីព្រាងច្បាប់ថវិកានេះ ដាក់ទៅគណកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភានាពេលខាងមុខឆាប់ៗនេះ ដើម្បីរៀបចំសម័យប្រជុំពេញអង្គ ក្នុងការអនុម័ត។
លោក ជាម យៀប បានអះអាងទៀតថា៖ «ថវិកាជាតិឆ្នាំ២០១៦នេះ រដ្ឋសភា ដែលមានគណកម្មការទី២នៃរដ្ឋសភាយើងខ្ញុំ ក៏ដូចជាគណកម្មការទី២ របស់ព្រឹទ្ធិសភា បានរៀបចំរូចរាល់អស់ហើយ ដល់ពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើនូវគោលការណ៍ កសាងម៉ាក្រូសេដ្ឋកិច្ច ក្នុងការកសាងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។»
-----------------
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការប្រសិទ្ធិនាម ឲ្យការចំណាយថវិកាឆ្នាំ២០១៦ ខាងមុខនេះថា «ថវិការនៃការប្រមូលពូតផ្តុំនូវកម្លាំង និងធនធាន សំដៅសម្រេចបាន នូវសមិទ្ធិផលសំខាន់ៗបន្ថែមទៀត ដើម្បីធានានូវដំណើការផ្លាស់ប្តូរមួយ ឆ្ពោះទៅរកការអភិវឌ្ឍន៍ ប្រកបដោយគុណភាព ចីរភាព ដោយផ្សាភ្ជាប់ការគិតគូរ អំពីតុល្យភាព នៃកំណើនសេដ្ឋកិច្ច ការបែងចែក ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។»
សូមបញ្ជាក់ថា តាមរយៈសេចក្តីថ្លែងហេតុ ស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ត្រូវបានអនុម័ត ដោយទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្រ្តី បញ្ជូនដល់រដ្ឋសភាជាតិ ក្នុងថ្ងៃទី២១ ខែតុលា ដដែលនោះ៕