កម្មវិធី២០ឆ្នាំរបស់អាជ្ញាធរអប្សរា ទទួលបានចំណាប់អារម្មណ៍
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី១១ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 13, 2015
- ប្រធានបទ: អង្គរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជ្ញាធរអប្សរា បានឧទ្ធិសអាយុកាល ២០ឆ្នាំ នៃការគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានរបសខ្លួន នៅក្នុងគោលបំណងដ៏គួរឲ្យចាប់អារម្មណ៍។ នោះគឺដើម្បីផ្សព្វផ្សាយ ដល់សាធារណជន ឲ្យបានយល់ដឹង អំពីគោលការណ៍ផ្សេងៗ ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ក៏ដូចជាការបំផុសគំនិត ឲ្យចេះស្រឡាញ់ និងរួមចំណែកអភិរក្ស នូវមរតកបេតិកភណ្ឌ ដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូល។
គោលបំណងនេះ ត្រូវបានផ្សព្វផ្សាយឲ្យដឹង នៅក្នុងកម្មវិធី ស្តីពីការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានអង្គររយៈពេល២០ឆ្នាំ នាសាលសន្និសីទអង្គរ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានកិច្ចសហការ ជាមួយទូរទស្សន៍បាយ័ន។
នៅចំពោះការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ព្រះសង្ឃ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិត ប្រមាណជាង៤០០អង្គ/រូបនោះ អាជ្ញាធរអប្សរាទំនងជាបានពន្យល់ ឲ្យអ្នកចូលរួមមានការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ចំពោះកម្មវិធីនេះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេម្នាក់ៗមានឱកាស បានសម្តែងនូវគំនិតយោបល់ និងសំណូមពរ ទៅកាន់អាជ្ញាធរជាតិ អប្សរា សម្រាប់អ្វីដែលពួកគេចង់ដឹង និងការយល់ឃើញផងដែរ។
អាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើង អស់រយៈពេលជាង២០ឆ្នាំហើយ។ អាជ្ញាធរជាតិមួយនេះ ដែលជាសេនាធិការមួយ នៃរដ្ឋាភិបាល ក្រោយការគ្រប់គ្រង របស់ទីស្ដីការគណៈរដ្ឋមន្ត្រី មានភារកិច្ច ក្នុងការរៀបចំបទដ្ឋាននានា សម្រាប់ចាត់ចែង គ្រប់គ្រង អភិរក្សតំបន់រមណីដ្ឋានអង្គរ។ អាយុកាលជាង២០ឆ្នាំ ដែលប្រហាក់ប្រហែល នឹងការដាក់ប្រាសាទអង្គរវត្តដ៏ល្បី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាឆ្នាំ១៩៩២នោះដែរ៕