អាជ្ញាធរអប្សរារកឃើញរូបបដិមាព្រះពុទ្ធបុរាណ២អង្គ នៅភ្នំគូលែន
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៦ សីហា ២០១៥
- កែប្រែចុងក្រោយ: September 01, 2015
- ប្រធានបទ: បេតិកភ័ណ្ឌ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យោងតាមគេហទំព័រ របស់អាជ្ញាធរអប្សរា បានរៀបរាប់ឲ្យដឹងថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ មានកម្ពស់ ២៧ សង់ទីម៉ែត្រ ទទឹង ១៩ សង់ទីម៉ែត្រ និងមួយអង្គទៀត មានកម្ពស់ ៣០សង់ទីម៉ែត្រ ទទឹង ១៦ សង់ទីម៉ែត្រ ស្ថិតក្នុង ព្រះឥរិយាបថសមាធិ និងផ្ចាញ់មា ហើយកសាងពីលោហធាតុ។ ព្រះពុទ្ធបដិមាទាំងពីរ ត្រូវបានលោក ហែម ម៉ៃ បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ ប្រទះរកឃើញ នៅពេលលោក កំពុងបំពេញការងារ។
មុនពេលរកឃើញបដិមានេះ នៅល្ងាចថ្ងៃទី ២៤ មានលោកតាអាចារ្យម្នាក់ មកប្រាប់លោក ហែម ម៉ៃ ថាក្មេងៗបានឃើញ រូបស្នាមព្រះបាទ នៅលើផ្ទាំងថ្មធំមួយ លុះព្រឹកឡើង លោកបានទៅពិនិត្យ ជាមួយក្រុមការងារ ក៏ប្រទះឃើញស្នាមព្រះបាទ មិនទាន់ឆ្លាក់រួច នៅផ្ទាំងថ្មនោះមែន ហើយស្នាមព្រះបាទនេះ មានប្រវែងបណ្តោយ ២.៥ម៉ែត្រ ទទឹង ១.៣ម៉ែត្រ និងមានជម្រៅ ២.៨៥ ម៉ែត្រ។
នៅទីនោះ មានដើមឈើដុះពីលើ ស្លឹកឈើជ្រុះកប់ក៏ច្រើន និងមានទឹកជ្រៅទៀត លោកក៏បានឲ្យក្មេងៗ សម្អាតកន្លែងនោះ ក៏បានប្រទះ ព្រះពុទ្ធបដិមានៅទីនោះតែម្តង។
លោក ឈាន រដ្ឋា ប្រធានស្តីទី នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានបញ្ជាក់ថា ព្រះពុទ្ធបដិមា ទាំងពីរអង្គនោះ ត្រូវបានរក្សាទុក ក្នុងនាយកដ្ឋានរបស់លោកនៅឡើយ ដើម្បីរង់ចាំក្រុមជំនាញបុរាណ វិទ្យា ធ្វើការសិក្សាវិភាគ កំណត់អត្តសញ្ញាណ និងអាយុកាលសិន។ ប៉ុន្តែក្រុមអ្នកជំនាញវិញ នៅមិនទាន់ហ៊ាន អះអាងឲ្យច្បាស់លាស់នៅឡើយទេ ចំពោះបដិមាទាំងពីរអង្គនេះ៕