ហ៊ុន សែន ពន្យល់ពីពាក្យ«ផ្លាស់ប្តូរ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៦ សីហា ២០១៥
- កែប្រែចុងក្រោយ: September 01, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយ អំពីគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥ នាវិមានរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោល នូរអ្វីដែលជាការលើកឡើង របស់គណបក្សប្រឆាំងពាក់ព័ន្ធ នឹងការ«ផ្លាស់ប្តូរ»នៅកម្ពុជា។ លោកបន្តថា កម្ពុជាក្រោយសង្គ្រាមស៊ីវិល គឺមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលក្រុមមនុស្សលើកឡើងទាំងនោះ មិនដែលទទួលស្គាល់ និងមើលឃើញទេ។
ពាក្យ«ផ្លាស់ប្តូរ»នេះ លោកនាយករដ្ឋមន្រ្តីអះអាងថា ត្រូវបានប្រើប្រាស់ជាទូទៅ ដោយក្រុមមនុស្ស មកពីក្រៅប្រទេស ដែលមានចេតនាមួយ ប្រៀនប្រដៅដល់ប្រទេសកម្ពុជា យ៉ាងក្រាស់ក្រែល។ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅវិមានសន្តិភាព នាយករដ្ឋមន្ត្រីកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំ បានធ្ចើការពន្យល់ទៅវិញថា ការផ្លាស់ប្តូរនេះ ត្រូវបានលោកស្គាល់យ៉ាងច្បាស់ នៅកម្ពុជា។ លោកបានអះអាងថា៖ «បើខ្ញុំមិនយល់ពីការផ្លាស់ប្តូរ និងគ្រប់គ្រងបានដំណើរការ នៃការផ្លាស់ប្តូរ តើខ្ញុំមានលទ្ថភាពអង្គុយបាន នៅហ្នឹងដែរឬទេ? នៅហ្នឹងបាន៣០ឆ្នាំ។»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោកធ្លាប់ធ្វើការឆ្លងកាត់ ពីជីវិតជាយុវជន លោកយល់ និងដឹងថាតើយុវជនទាំងអស់ ចង់បានអ្វី។ ឆ្លងកាត់ការគ្រប់គ្រងរបស់លោក ក្នុងរយៈកាលកន្លងមកនេះ មានភាពបត់បែន ទៅតាមតម្រូវការរបស់មនុស្សគ្រប់រូប ដែលត្រូវការការផ្លាស់ប្តូរទាំងនោះ។ លោកបានធ្វើការក្រើនរំលឹកថា ការផ្លាស់ប្តូរនៅកម្ពុជា មិនអាចមើលត្រឹមតែមួយជ្រុង នៃការផ្លាស់ប្តូររូបលោកនោះឡើយ។ លោក ហ៊ុន សែន និយាយថា៖ «ការដែលពួកគេមើលឃើញនោះ គឺការផ្លាស់ប្តូរលោក ហ៊ុន សែន ឈប់ឲ្យធ្វើជានាយករដ្ឋមន្រ្តី ឲ្យអញធ្វើម្តង។ សូមប្រជាពលរដ្ឋ និងយុវជនយល់ឲ្យច្បាស់ តំណែងនាយករដ្ឋមន្រ្តី មានតែមួយគត់ មិនមែនអស់លោកមួយប្រទេសហ្នឹង បានធ្វើទេ។»
លោកបានលើកជាសំនួរថា តើការផ្លាស់ប្តូរមានត្រឹម តែប្តូរមេដឹកនាំ ឬយ៉ាងណា? លោកបានធ្វើការពន្យល់ នូវការផ្លាស់ប្តូរ ពីអតីតកាលយ៉ាងដូច្នេះថា៖ «ប្រយ័ត្ន! ប្រយ័ត្នអាផ្លាស់ប្តូរ ពីសម្តេច សីហនុ មក លន់ នល់ កើតសង្គ្រាមគ្រឹប។ (ផ្លាស់) ប្តូរពី លន់ នល់ មក ប៉ុល ពត ប្រល័យពូជសាសន៍! (...) វាមាននិន្នាការទៅបែបនេះ។ (...) និយាយច្រើនពេក និយាយពាក្យផ្លាស់ប្តូរជាមួយខ្ញុំ ខ្ញុំមិនមែន (ប្រៀន)ប្រដៅអ្នកណាម្នាក់ទេ តែជាការដាស់តឿន។»
លោកហ៊ុន សែន បានបន្ថែមថា ការ«ផ្លាស់ប្តូរ»នេះ មិនត្រឹមតែប្តូរថ្នាក់ដឹកនាំប៉ុណ្ណោះទេ តែបានប្តូរនូវអ្វីៗ ដែលពីមុនមកគ្មាន ឲ្យកើតមានឡើង។ លោកពន្យល់បន្ថែមថា៖ «ផ្លាស់ប្តូរតាំងពីទីក្រុងមិនមានអ្វី... សូម្បីអាយុ ផ្លាស់ប្តូរពីជាង២០ ឥឡូវឡើងជាង៦០ហើយ។ ខ្ញុំតាំងពីកូនមួយ ឥឡូវរហូតដល់កូនប្រាំ ថែមកូនប្រសារ៥ទៀត រួមទាំងចៅ១៧ តើអាហ្នឹងមិនមែនជាការផ្លាស់ប្តូរទេ? អ៊ួន ព័ន្ធមុន្នីរត្ន ពីសិស្សវិទ្យាល័យ រហូតបញ្ចប់ថ្នាក់បណ្ឌិតនៅរុស្សី ឡើងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តើនេះក៏មិនមែនជាការផ្លាស់ប្តូរដែរ ឬយ៉ាងណា?»៕