វិភាគ៖ ជំហរចិនចំពោះ ហ៊ុន សែន ពីក្រោយការផ្សាយរបស់ស៊ីនហួរ
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: December 16, 2013
- ប្រធានបទ: វិភាគនយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វិភាគ - នៅក្នុងអត្ថបទចេញផ្សាយនៅថ្ងៃទី១៥ខែធ្នូនេះ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសចិន ឈ្មោះ ស៊ីនហួរ (Xinhua) បានសរសេរថា គណបក្សសង្គ្រោះជាតិ ក្នុងប្រទេសកម្ពុជា បានរៀបចំមហាបាតុកម្ម កណ្ដាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះឡើង សំដៅទាមទារឲ្យរដ្ឋាភិបាលដឹកនាំដោយ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន រៀបចំការបោះឆ្នោតឡើងវិញ បន្ទាប់ពីមានការបង្ហាញភស្ដុតាង ពី«ភាពមិនប្រក្រតីធ្ងន់ធ្ងរ (Irrégularités graves)»ជាច្រើន នៅក្នុងការបោះឆ្នោតនាខែកក្កដា កន្លងមកនេះ។
ទីភ្នាក់ងារនេះ បានសរសេរទៀតថា ជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានកើតឡើងក្រោយពីការបោះឆ្នោតនេះ ដែលលទ្ធផលបានឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះបាន៦៨កៅអី ទល់នឹងគណបក្សសង្គ្រោះជាតិ៥៥កៅអី។ គណបក្សប្រឆាំង បានបដិសេធលទ្ធផលនេះ និងបានធ្វើពហិកាមិនចូលប្រជុំក្នុងរដ្ឋសភា ដោយទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ នៅលើការសង្ស័យ នៃភាពមិនប្រក្រតីទាំងឡាយ កើតចេញពីការបោះឆ្នោត។
គួររំលឹកថា កាលពីប៉ុន្មានសប្ដាហ៍មុន ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ចិនមួយនេះ ក៏បានធ្វើសេចក្ដីរាយការណ៍មួយដែរ ពីមតិរិះគន់ លើការដឹកនាំរបស់លោក ហ៊ុន សែន នៅក្នុងរយៈពេលច្រើនទសវត្សន៍កន្លងមក។ ទីភ្នាក់ងារបានស្រង់សម្ដីរបស់ លោក សុខ ទូច អ្នកវិភាគនយោបាយល្បីឈ្មោះ ក្នុងប្រទេសកម្ពុជា ដែលលើកពីចំណុចខ្សោយនានា របស់គណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើឲ្យធ្លាក់សម្លេងឆ្នោត និងការប្រមើលមើលរបស់លោក កែម ឡី អ្នកវិភាគសង្គមមួយរូបទៀត ថាលោក ហ៊ុន សែន នឹងមិនអាចធ្វើកំណែទម្រង់ ក្នុងអាណត្តិថ្មីនេះបានទេ បើករណីអំពើអយុត្តិធម៌ អំពើពុករលួយ និងករណីបក្ខពួកនិយម នៅតែស៊ីរូងផ្ទៃក្នុងប្រទេសកម្ពុជានោះ។
បើគេឆ្ងល់ថា ហេតុអ្វីក៏មានការផ្សាយបែបនេះ? ទីក្រុងប៉េកាំងច្បាស់ជាបកស្រាយថា នោះជាឯករាជ្យភាព របស់ប្រព័ន្ធសារព័ត៌មាន ដែលវាមិនបានជាប់ទាក់ទងអ្វី នឹងនយោបាយក្រៅប្រទេសរបស់ខ្លួនទេ។ ប៉ុន្តែបើគេរិះគិតបន្តិច គេនឹងកាន់តែឆ្ងល់ ព្រោះវាជា«ឯករាជ្យភាព»ដ៏ចម្លែកមួយ ដែលគេមិនដែលឃើញ ពីមុនមកទាល់តែសោះ នៅក្នុងប្រទេសមហាយក្ស «កុម្មុយនីស្ដ» ដែលល្បីខាងការបំបិទសិទ្ធិសេរីភាព នៃសារព័ត៌មានជាងគេបំផុត។ ដូច្នេះចង់ឬមិនចង់ ការផ្សព្វផ្សាយរបស់ ស៊ីនហួរ ប្រាកដជាមានអត្ថន័យរបស់វា ដែលទំនងជាចង់ធ្វើការក្រើនរំលឹក ទៅដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក។
ការរំលឹកទីមួយ ចង់និយាយថា ចិនមិនដែលមើលរំលងឡើយ ពីភាព«អសកម្ម»នៃប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ ភាពអសកម្មនេះ បានប៉ះពាល់ទោះតិចក្ដី ទៅដល់វិនិយោគិនចិន ដែលបានបោះទុនរាប់សិបពាន់លានដុល្លា នៅក្នុងប្រទេសកម្ពុជា។
វាជាការចាំបាច់ណាស់ ដែលចិនត្រូវតែការពារវិនិយោគិនរបស់គេ ទល់នឹងអំពើអយុត្តិធម៌ អំពើពុករលួយ និងបក្ខពួកនិយម ដែលជាដំបៅធ្ងន់ធ្ងរ នៃសង្គមកម្ពុជា។ នេះប្រសិនបើគេត្រូវរាប់បញ្ចូល ទាំងប្រព័ន្ធតុលាការមិនឯករាជ្យ និងការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រង ទៅតាមតែសម្ដីរបស់មេដឹកនាំ ឬតាមតែសារាចរណ៍ អនុសាសន៍ ដែលមានឥទ្ធិពលតែមួយខ្យល់ គេនឹងអាចយល់បាន ដូចករណីរោងចក្រអេសអ៊ិល ដែលលោក ហ៊ុន សែន បញ្ជាឲ្យចេញអនុសាសន៍ កាលពីពេលថ្មីៗ ទៅដោះស្រាយជម្លោះរវាងកម្មករ និងថៅកែរោងចក្រនោះជាដើម។ ចេញពីករណីនេះ សួរថាតើនឹងមានរោងចក្រប៉ុន្មានទៀត ដែលមានថៅកែជាជនជាតិចិន អាចនឹងត្រូវប្រឈម ជាមួយអនុសាសន៍ដោះស្រាយ ចេញដោយរដ្ឋាភិបាលលោក ហ៊ុន សែន?
ការរំលឹកទីពីរ ទាក់ទងនឹង «ភូមិសាស្ត្រនយោបាយ» តំបន់ ដែលអាចជាការព្រមានខ្លីៗមួយ សម្រាប់ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន យកទៅពិចារណា និងត្រូវប្រកាន់ជំហរមួយច្បាស់លាស់។ នៅក្នុងតំបន់អាស៊ីខាងកើត និងបើទោះជាខ្លួនជាមហាអំណាចដ៏ខ្លាំងមួយហើយក៏ដោយ ក៏ប្រទេសចិនត្រូវការជាចាំបាច់ណាស់ នូវប្រទេសជាសម្ព័ន្ធមិត្តដទៃទៀត ដើម្បីជួយគាំទ្រដល់នយោបាយការបរទេសរបស់ខ្លួន ជាពិសេសពីបណ្ដាប្រទេស នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន»។ ស្វែងរកការគាំទ្រ ពីសម្ព័ន្ធមិត្តក្នុងតំបន់ ព្រោះទីក្រុងប៉េកាំង មានគោលបំណងទប់ស្កាត់ឥទ្ធិពលរបស់អាមេរិក ដែលបានលាតសន្ធឹងរួចជាស្រេចហើយ នៅតំបន់អាស៊ីខាងកើត និងអាចជាគ្រោះថ្នាក់មួយ សម្រាប់របបកុម្មុយនីសរបស់ខ្លួន។
តែផ្ទុយទៅវិញ ជម្លោះដណ្ដើមដែនទឹកសមុទ្រ ដែលមហាយក្សចិន ឈ្លោះជាមួយបណ្ដារដ្ឋនានា នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ក្នុងនោះមានប្រទេសវៀតណាម និងជប៉ុនផង បានធ្វើឲ្យចិនស្ថិតនៅក្នុងស្ថានភាពមួយ ដ៏លំបាកជាទីបំផុត។ អញ្ចឹងហើយ ក្រៅពីបណ្ដាប្រទេស ដែលខ្លួនមើលមុខមិនចំទាំងនេះ មហាយក្សចិននៅសល់ តែប្រទេសបួនប៉ុណ្ណោះ ដែលមិនបានជាប់ពាក់ព័ន្ធ នឹងជម្លោះដណ្ដើមដែនទឹកសមុទ្រជាមួយខ្លួន នោះគឺ៖ ថៃ ភូមា ឡាវ និងកម្ពុជា។
ពីដើមឡើយ ប្រទេសថៃ ត្រូវបានគេមើលឃើញថា មានចំណងទាក់ទងស្អិតរមួត តែជាមួយសហរដ្ឋអាមេរិក និងបណ្ដាលោកខាងលិចប៉ុណ្ណោះ ហើយសព្វថ្ងៃនេះទៀតសោត រាជាណាចក្រមួយនេះ ក៏កំពុងស្ថិតក្នុងស្ថានភាពជាប់គាំងផ្នែកនយោបាយ ដ៏ច្របូកច្របល់ និងមានគ្រោះថ្នាក់ មិនដឹងពេលណា មានដំណោះស្រាយពិតប្រាកដឡើយ។ រីឯភូមាវិញ បើទោះជាប្រទេសនេះ ធ្លាប់ជាក្លើម្រាក់ ជាមួយចិនក៏ដោយ ក៏នយោបាយកែទម្រង់បច្ចុប្បន្ន ឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យ និងការបើកចំហរជើងមេឃរបស់ប្រទេសនេះ កំពុងទទួលបានការលើកទឹកចិត្ត ដែលធ្វើឲ្យឥទ្ធិពលរបស់ចិននៅភូមា អាចនឹងត្រូវកាត់បន្ថយ។ សម្រាប់ប្រទេសឡាវ មហាយក្សចិនធ្លាប់សាកល្បង ចូលទៅល្បួងលួងលោមប្រទេសនេះ ជាច្រើនដង តែយ៉ាងណាក៏ដោយ ឡាវនៅតែជាប្រទេសមួយ ដែលគេមើលឃើញថា ត្រូវបានគ្រប់គ្រងផ្នែកនយោបាយ និងរដ្ឋបាល ដោយប្រទេសវៀតណាមបេះមិនចេញ។
ដូច្នេះ ជម្រើសពិសេសចុងក្រោយ ដែលចិនធ្លាប់តែសម្លឹងមើល មិនដាក់ភ្នែកតាំងពីយូររៀងមក ព្រមទាំងជួយដាក់ជីស្រោចទឹកគ្រប់ពេលគ្រប់វេលា រាប់ទាំងការវិនិយោគ យោធា នយោបាយ និងសង្គមនោះ គឺប្រទេស«កម្ពុជា»នេះតែម្ដង។ ដូច្នេះតើកម្ពុជានៅថ្ងៃនេះ ដែលដឹកនាំដោយរដ្ឋាភិបាលលោក ហ៊ុន សែន ចេញពីគណបក្សប្រជាជនកម្ពុជា មានជំហរងាកទៅណា?
ក្នុងពេលកន្លងមក ជំហរងាកទៅរកចិន របស់រដ្ឋាភិបាលលោក ហ៊ុន សែន បានបន្សល់ទុក នូវការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា នៅត្រឹមដូចសព្វថ្ងៃ។ បានសេចក្ដីថា ប្រទេសកម្ពុជាដែលពោរពេញ ទៅដោយសក្ដានុពលមួយនេះ មិនមែនត្រូវការត្រឹមតែជំនួយ ឬវិនិយោគិនចិនប៉ុណ្ណោះទេ។ កម្ពុជាចាំបាច់ណាស់ត្រូវការស្ដារ និងការវិនិយោគ ទៅលើផ្នែកបច្ចេកវិទ្យា ឬឧស្សាហកម្មធន់ធ្ងន់ផ្សេងទៀត ដែលចង់ឬមិនចង់ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ត្រូវតែដើរស្វែងរកដៃគូរជា«មហាអំណាច»ផ្សេងទៀត ក្នុងនោះមានប្រទេសជប៉ុនជាដើម មកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ដើម្បីឲ្យសមស្រប តាមនយោបាយកំណែទម្រង់«ថ្មី»របស់លោកផង។
ការស្វែងរកដៃគូរនេះ បានឃើញតាមរយៈទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ កាលពីពាក់កណ្ដាលខែវិច្ឆិកា និងការធ្វើទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ ទៅកាន់ប្រទេសជប៉ុនវិញ នៅពេលនេះរបស់លោក ហ៊ុន សែន។ នៅជប៉ុន លោក ហ៊ុន សែន រួមនឹងមេដឹកនាំអាស៊ានប៉ុន្មាននាក់ (ក្នុងនោះមានវៀតណាមដែរ) បានចេញសេចក្ដីសម្រេចមួយ ទាមទារឲ្យមានបើកជាចំហរ នូវតំបន់អាកាសហាមឃាត់របស់ចិន ដែលបញ្ហានេះ មិនបានធ្វើឲ្យចិនសប្បាយចិត្តនោះឡើយ។
ម្យ៉ាងទៀត អ្នកតាមដានស្ថានការណ៍នយោបាយ សុទ្ធតែបានអះអាងថា ទាំងសេដ្ឋកិច្ច និងនយោបាយ ដែលលោក ហ៊ុន សែន អាច«បន្ត»ទ្រទ្រង់អំណាច មកទល់ថ្ងៃនេះ គឺដោយសារមានប្រទេសវៀតណាម នៅជាជន្ទល់ដ៏រឹងមាំ។ ដូច្នេះ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក នឹងប្រាកដជាមិនអាចបោះបង់ចោលឡើយ នូវមិត្តសម្លាញ់ ចាក់ទឹកមិនលេច ដែលធ្លាប់បាន«រួមប្រវត្តិសាស្ត្រ» ជាមួយគ្នា តាំងពីកំណើតបក្សកុម្មុយនីសឥណ្ឌូចិន នោះមក។
សម្រាប់ទីក្រុងប៉េកាំងវិញ ស្ថានភាពរបស់រដ្ឋាភិបាលកម្ពុជា នៅពេលនេះ គឺហាក់បីដូចជា «ខ្លួនមួយចង់ជិះទូកពីរ» ដែលទូកមួយជារបស់ចិន រីឯទូកមួយទៀតជារបស់ «វៀតណាម» និង«ជប៉ុន»យ៉ាងដូច្នោះ។ វៀតណាម និងជប៉ុន ដែលសុទ្ធតែមានជម្លោះដែនសមុទ្រ ជាមួយចិន។ នៅក្នុងបរិបទនេះ ការចេញផ្សាយអត្ថបទជាបន្តរបន្ទាប់ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នេះ អាចជាការរំលឹកដោយប្រយោលទៅ លោក ហ៊ុន សែន នៅពេលនេះថា លោកត្រូវធ្វើជម្រើសមួយឲ្យច្បាស់លាស់។ ជាពិសេសនៅពេលដែលគណបក្សប្រឆាំង ក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះ នៃការគាំទ្រកើនឡើងខ្លាំងផងនោះ ប្រទេសចិនអាចនឹង«មិន»រងចាំឲ្យផលប្រយោជន៍របស់ប្រទេសខ្លួន ឬក្រុមអ្នកវិនិយោគិនចិន រលាយបាត់បង់ទៅជាមួយ នឹងព្រឹត្តិការណ៍នយោបាយណាមួយ កើតជាយថាហេតុនៅកម្ពុជានោះទេ៕