បក្ស​ប្រឆាំង​ដាក់​ឱសានវាទ ៣ខែ ឲ្យ​បក្ស​កាន់​អំណាច​បោះ​ឆ្នោត​ឡើង​វិញ

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាសដាក់ឳសានវាទ រយៈពេល ៣ខែ ឲ្យរដ្ឋាភិបាល​លោក ហ៊ុន សែន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង នាពេលបច្ចុប្បន្ននេះ ដើម្បីឲ្យ​សម្រេច​យល់ព្រមតាមការទាមទាររបស់គណបក្សប្រឆាំង ក្នុងការរៀបចំឲ្យមានការបោះឆ្នោតនីតិកាលទី ៥ សាជាថ្មី​ឡើង​វិញ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: December 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាសដាក់ឳសានវាទ រយៈពេល ៣ខែ ឲ្យរដ្ឋាភិបាល​លោក ហ៊ុន សែន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង នាពេលបច្ចុប្បន្ននេះ ដើម្បីឲ្យ​សម្រេច​យល់ព្រមតាមការទាមទាររបស់គណបក្សប្រឆាំង ក្នុងការរៀបចំឲ្យមានការបោះឆ្នោតនីតិកាលទី ៥ សាជាថ្មី​ឡើង​វិញ។


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ថ្លែងទៅកាន់ក្រុមបាតុកររាប់ម៉ឺននាក់ ដែលប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្ម នៅទីលាន​ប្រជាធិបតេយ្យ​នាល្ងាចថ្ងៃទី ១៥ ខែធ្នូ នេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា «គណបក្សសង្គ្រោះជាតិ ទុករយៈពេល ៣ខែ ឲ្យគណបក្សប្រជាជនកម្ពុជា សម្រេចយល់ព្រមរៀបចំការបោះឆ្នោត​នីតិកាលទី ៥ ឡើងវិញឲ្យខានតែបាន»។ លោកថា ប្រសិនបើពុំដូច្នោះទេ ពោលគឺគណបក្សកាន់អំណាចនៅតែ​បន្ត​រឹងត្អឹងទៀតនោះ «គណបក្សសង្គ្រោះជាតិនឹងប្រើយុទ្ធសាស្រ្តទី៣ របស់ខ្លួន ដែលជាទឹកចុងក្រោយ ក្នុងការទាមទារ​ឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីបច្ចុប្បន្នចុះចេញពីតំណែង»។

អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងគូសបញ្ជាក់ថា មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ​លើក​នេះ គឺជាយុទ្ធសាស្រ្តដំណាក់កាលទី ២ ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត បន្ទាប់ពីយុត្តិសាស្រ្តលើកទី ១ របស់​ខ្លួន គឺការទាមទារឲ្យមានការស៊ើបអង្កេត រកភាពមិនប្រក្រតីនៃការបោះឆ្នោតឡើងវិញ មិនមានសាច់ការណ៍អ្វីជាដុំ​កំភួន​នោះ។

ជុំវិញការដាក់ឱសានវាទរបស់គណបក្សប្រឆាំង ឲ្យយល់ព្រមរៀបចំការបោះឆ្នោតឡើងវិញនេះ មន្រ្តីអ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពជា មិនអាចទាក់ទងសុំការបកស្រាយបាននោះទេនៅល្ងាចថ្ងៃទី ១៥ ខែធ្នូនេះ។ ក៏ប៉ុន្តែទាក់ទងនឹង​បញ្ហានេះ កាលពីពេលថ្មីៗកន្លងទៅ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់របស់បក្សកាន់អំណាច លោក ស ខេង ធ្លាប់បានអះអាងថា សម្រាប់ប្រទេសកម្ពុជា មិនមានមូលហេតុធ្ងន់ធ្ងរ ដែលអាចឲ្យរៀបចំការបោះឆ្នោតឡើងវិញ ដូចជាព្រឹត្តិការណ៍នៅក្នុងប្រទេសថៃឡើយ។ លោកថា សម្រាប់ប្រទេសកម្ពុជា ត្រូវចំណាយពេលវេលាយូរណាស់ ក្នុងការរៀបចំការបោះឆ្នោតឡើងវិញ។ ម្លោះហើយពន្លឺនៃការបោះឆ្នោតឡើងវិញ សម្រាប់ប្រទេសកម្ពុជានោះ ស្ថិត​នៅឆ្ងាយនៅឡើយ។

សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា បានយល់ឃើញថា បញ្ហានយោបាយ​នៅក្នុង​ប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសភាពធ្ងន់ធ្ងរៗឡើង។ ធ្ងន់ធ្ងរដោយសារតែអ្នកនយោបាយខ្មែរ និយាយភាសាខ្មែរស្តាប់គ្នាមិនបាន។ ពួកគេបានស្នើឲ្យអ្នកនយោបាយខ្មែរទាំងពីរបក្សធំៗ ដែលមានវិវាទជាមួយ​គ្នាបច្ចុប្បន្ននេះ ត្រូវដឹកដៃគ្នាចូលតុចចារ ដើម្បីរកយុត្តិសាស្រ្តដោយសន្តិវិធី ដោះស្រាយវិបត្តិរបស់ជាតិ ដែលបន្ត​អូសបន្លាយរយៈពេលជាច្រើនខែកន្លងមកនេះ។

ការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ របស់គណបក្សសង្គ្រោះជាតិលើកនេះ ត្រូវបានមតិមួយចំនួន​យល់​ឃើញថា គណបក្សប្រឆាំងកំពុងតែធ្វើត្រាប់តាម មហាបាតុកម្មនៅក្នុងប្រទេសថៃ។ ក៏ប៉ុន្តែមេដឹកនាំគណបក្ស​ប្រឆាំងលោក សម រង្ស៊ី ព្រមទាំងលោក កឹម សុខា សុទ្ធតែអះអាងថា ខ្លួនមិនបានយកគំរូតាមបាតុកម្មនៅថៃឡើយ។ លោកថា ព្រឹត្តិការណ៍នៅក្នុងប្រទេសថៃ និងកម្ពុជា ខុសគ្នាដាច់ស្រឡះ។ ខុសគ្នាដោយសារថា បាតុកម្មនៅ​ប្រទេស​ថៃ មិនមែនធ្វើឡើងដោយមានការលួចបន្លំសន្លឹកឆ្នោត ដូចបាតុកម្មនៅក្នុងប្រទេសកម្ពុជា ដោយសារតែ​បញ្ហា​បោះ​ឆ្នោតនោះទេ។ លោកថា ការបោះឆ្នោតនៅក្នុងប្រទេសថៃមានភាពយុត្តិធម៌ ត្រឹមត្រូវ ដែលគណបក្សចាញ់ឆ្នោតនៅ​ប្រទេសនេះ បានទទួលយកនូវលទ្ធផលនៃការបោះឆ្នោតនោះថា មានភាពត្រូវគ្មានការលួចបន្លំឡើយ៕

---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...