ជប៉ុន និង​សមាគម​អាស៊ាន ទាម​ទារ​ឲ្យ​បើក​លំហ​អាកាស​ទល់​នឹង​ចិន

ប្រទេសជប៉ុន និងបណ្ដាប្រទេសនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ បានទាមទារឲ្យមានការបើកលំហផ្លូវ​អាកាស និងផ្លូវនាវាចរណ៍ ខណៈពេលដែលភាពតានតឹងជាមួយទីក្រុងប៉េកាំង នៅក្នុងតំបន់សមុទ្រចិនកំពុងតែ​កើតមានយ៉ាងស្រួចស្រាវ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសជប៉ុន និងបណ្ដាប្រទេសនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ បានទាមទារឲ្យមានការបើកលំហផ្លូវ​អាកាស និងផ្លូវនាវាចរណ៍ ខណៈពេលដែលភាពតានតឹងជាមួយទីក្រុងប៉េកាំង នៅក្នុងតំបន់សមុទ្រចិនកំពុងតែ​កើតមានយ៉ាងស្រួចស្រាវ។


រូបថតរវាងលោក​ ស៊ិនហ្សូ អាប៊េ (កណ្ដាល) និងមេដឹកនាំអាស៊ាន។ (រូបថត japantimes.co.jp)

នយោបាយតំបន់ - នៅក្នុងសេចក្ដីប្រកាសមួយ ដែលបានសម្រេចចេញពីជំនួបកំពូលនៃសមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅទីក្រុងតូក្យូ បណ្ដារដ្ឋជាសមាជិកនៃសមាគម បានទទូចឲ្យមានដំណោះស្រាយ​ដោយអហិង្សា លើជម្លោះដែនទឹករវាងភាគីដែលទាក់ទង។ ក្នុងពេលនោះដែរ ទីក្រុងតូក្យូ ក៏បានប្រកាសពី​ជំនួយ​របស់ខ្លួន ក្នុងទឹកប្រាក់ប្រមាណជា ១៩ពាន់លានដុល្លាអាមេរិក សម្រាប់ប្រទេសទាំង១០ នៃសមាគមអាស៊ាន ប៉ុន្តែ​គេមិនបានដឹងថា តើជំនួយទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់លើផ្នែកអ្វីនោះទេ។

ប្រទេសចិន បានបង្កើតជាឯកតោភាគី កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងទៅ នូវតំបន់អាកាសហាមឃាត់មួយ ដែល​គ្របដណ្ដប់ពីលើសមុទ្រចិនខាងកើត ដោយដាក់បញ្ចូលទាំងប្រជុំកោះ ដាយូ ឬសេនកាគូ (Diaoyu/Senkaku) នោះផង។ ប្រជុំកោះនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន តែទីក្រុងប៉េកាំងបានតវ៉ាទាមទារ ថាស្ថិតក្នុង​ដែន​ទឹក​របស់ខ្លួន។ ការបង្កើតតំបន់អាកាសហាមឃាត់របស់ប្រទេសចិន បានរងនូវប្រតិកម្មប្រឆាំងភ្លាមៗ និងជាផ្លូវការ​ពី​សំណាក់​ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

បញ្ហាជម្លោះដែនសមុទ្រនេះ មិនមែនមានត្រឹមតែប៉ុណ្ណេះនោះទេ ប៉ុន្តែប្រទេសចិននៅមានរឿងឈ្លោះ​ដណ្ដើម​ដែនទឹក  ជាមួយបណ្ដាប្រទេសមួយចំនួន ដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នោះផងទៀត។

នៅក្នុងសេចក្ដីប្រកាសនៃជំនួបកំពូលអាស៊ាន បានសរសេរថា «យើងបានសង្កត់ធ្ងន់ពីសារសំខាន់ នៃសន្តិភាព ស្ថិរភាព និងភាពសម្បូរសប្បាយ នៅក្នុងតំបន់ រួមជាមួយនឹងការអភិវឌ្ឍន៍សុវត្ថិភាពលើផ្ទៃសមុទ្រ សេរីភាព​នាវាចរណ៍ សម្រាប់ការធ្វើពាណិជ្ជកម្មដែលគ្មានការរំខាន»។

អ្នកសង្កេតការណ៍បានមើលឃើញថា សេចក្ដីសម្រេចនេះ មិនបានប៉ះពាល់ដល់ជំហររបស់ចិន ទាក់ទង​នឹង​តំបន់​អាកាសហាមឃាត់នោះទេ តែវាបានឆ្លុះបញ្ចាំងពីជំហររបស់ប្រទេសជប៉ុន ដែលបានស្វាគមន៍នូវក្រមប្រតិបត្តិ​នៃ​សមុទ្រចិនខាងកើត។ ក្រមប្រតិបត្តិនេះ មិនដែលបានលេចចេញជារូបរាងច្បាស់លាស់ទេ ដោយសារប្រទេសចិន និងក្រុមប្រទេសអាស៊ានចេះតែទាញយកចំណេងតែរៀងៗខ្លួន ទាក់ទងនឹងជម្លោះដែនសមុទ្រ ហើយជាពិសេស​ចិនខ្លួនឯង មិនចង់ឲ្យមានកិច្ចព្រមព្រៀងណាមួយ ដែលមានលក្ខណៈពហុភាគីនោះឡើយ។

ប៉ុន្តែបើគិតពីផលប្រយោជន៍ខាងសេដ្ឋកិច្ចវិញ បើទោះជាមានការលូកដៃចូលរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏​សមាជិកសមាគមន៍អាស៊ាន នៅតែស្ទាក់ស្ទើរមិនចង់ប្រឈមមុខនឹងមហាយក្សចិនដែរ។ នេះអាចជាមូលហេតុមួយ ដែលធ្វើ លោក ស៊ីហ្សូ អាប៊េ (Shinzo Abe) បានថ្លែងក្នុងឱកាសនោះថា «ខ្ញុំចង់សាងអានាគតមួយ នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីភិក ដែលគោរព​វប្បធម៌​រវាងគ្នាទៅវិញទៅមក និងសង់ប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលជាលទ្ធផលមិនមែន​ចេញពីកម្លាំងបាយ តែដោយ​សារ​ច្បាប់ទម្លាប់«»។

រីឯប្រទេសចិនឯណោះវិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន បានចាត់ទុកសកម្មភាពរបស់លោក ស៊ិនហ្សូ អាប៊េ ថាមានកលល្បិចចង់ចោទប្រកាន់ប្រទេសចិន ហើយថាជប៉ុនជាអ្នកបញ្ឆេះភ្លើងដាក់ក្នុងតំបន់មុនគេ៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...