ពលរដ្ឋខ្មែរ-អូស្ត្រាលីស្វាគមន៍ ហ៊ុន សែន ទាំងក្ដៅនិងត្រជាក់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មីនា ២០១៨
- កែប្រែចុងក្រោយ: March 17, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងណា សម្រាប់ថ្ងៃទីមួយ នៃដំណើរទស្សនកិច្ច ក្នុងក្រុងស៊ីដនី (ប្រទេសអូស្ត្រាលី) របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ចំនួនអ្នកគាំទ្រលោក ដែលរងការចោទថា បានទទួលការចាត់តាំង ឲ្យមកឈរស្វាគមន៍លោកនោះ មានចំនួនច្រើនជាង ក្រុមអ្នកមិនសប្បាយចិត្តនឹងលោក។ ប៉ុន្តែក្រុមអ្នកមិនសប្បាយចិត្ត ដែលបានចូលរួមធ្វើបាតុកម្ម បានអះអាងថា ការជួបជុំគ្នានៅថ្ងៃនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ខណៈការជួបជុំដ៏ធំសម្បើម នឹងត្រូវរៀបចំធ្វើ នៅថ្ងៃស្អែក ថ្ងៃសៅរ៍ទី១៧ ខែមីនានេះ។
ការជួបជុំ ធ្វើបាតុកម្ម របស់ពលរដ្ឋខ្មែរ-អូស្ត្រាលីនោះ ដឹកនាំដោយលោក ហុង លីម សមាជិកព្រឹទ្ធិសភា ប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា។ ពួកគេមានកាន់បដា និងស្រែកឡើងថា «រដ្ឋាភិបាលបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា» «កម្ពុជាត្រូវការសង្គ្រោះពីអន្ដរជាតិ» «បញ្ឈប់ការគំរាមកំហែងលើអង្គការសង្គមស៊ីវិល» និង «ដោះលែងលោក កឹម សុខា» និង «ឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត»។
គេមិនឃើញមានការដុងទីងមោង តំណាងលោក ហ៊ុន សែន នោះទេ។ ក្រុមអ្នករៀបចំបាតុកម្ម លើកពីមូលហេតុថា ទីមួយបណ្ដាលមកពីទីកន្លែង នៅលើសួនច្បារ ក្បែរសណ្ឋាគារ និងទីពីរក្រុមបាតុករ អាចនឹងរៀបចំ ធ្វើការដុតរូបទីងមោងទាំងនោះ នៅថ្ងៃស្អែក ឬថ្ងៃខាងស្អែកវិញ។
នៅលើបណ្ដាញសង្គមវិញ វីដេអូដែលបង្ហាញពីការស្វាគមន៍ ទាំងខាងក្ដៅ និងខាងត្រជាក់ ក៏ទទួលបានការចែករំលែក យ៉ាងច្រើនផុលផុសដែរ។ វីដេអូដែលទទួលបានការចែករំលែកច្រើនជាងគេ គឺវីដេអូបង្ហាញពីការសំណេះសំណាល រវាងលោក ហ៊ុន សែន និងអ្នកគាំទ្រ (ចែករំលែក ជាង៧០០០ដង) ខណៈវីដេអូបង្ហាញពីបាតុកម្ម ប្រឆាំងលោក ហ៊ុន សែន ទទួលបានការចែករំលែក ច្រើនជាងគេ ប្រមាណជាង៥០០០ដង។