ហ្វីលីពីន​ដក​ខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ «ICC»

ប្រធានាធិបតី នៃកោះហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានប្រកាសនៅថ្ងៃពុធនេះ ពីការដកខ្លួនរបស់ប្រទេសលោក ចេញពីអនុសញ្ញាក្រុងរ៉ូម ស្ដីពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលហៅកាត់​ជាភាសាអង់គ្លេស «ICC» និងជាភាសាបារាំង «CPI»។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ស្ថាប័នអន្តរជាតិមួយនេះ បានប្រកាសសិក្សា ពីនយោបាយរបស់លោក ក្នុងការបង្ក្រាបបណ្ដាញជួញដូរ​គ្រឿងញៀន លើផ្ទៃប្រទេស។
ហ្វីលីពីន​ដក​ខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ «ICC»
លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 14, 2018
  • ប្រធានបទ: គ្រឿងញៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំសូមប្រកាសថា  (...) ប្រជាជនហ្វីលីពីនលប់ចោល នូវការផ្ដល់សច្ចាប័ន ទៅលើអនុសញ្ញាក្រុងរ៉ូម។ ការលប់ចោលនេះ មានសុពលភាពភ្លាមៗ។» នេះ ជាការថ្លែងឡើង របស់លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីនៃប្រទេសហ្វីលីពីន។

ការដើមខែកុម្ភៈ តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬហៅម្យ៉ាងទៀត សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិ ដែលស្ថិតនៅក្រុង ឡាអេ ប្រទេសហូឡង់ បានប្រកាសបើក​«ការ​សិក្សា​​បឋម»​មួយ មុននឹងឈានទៅដំណាក់កាល «ស៊ើបអង្កេតជំហានដំបូង» ទៅលើយុទ្ធនាការ ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ដឹកនាំដោយលោក ឌុយតែតេ បន្ទាប់ពីលោកបានជាប់ឆ្នោត ក្នុងឆ្នាំ២០១៦នោះមក។

ការសិក្សាបឋមនេះ នឹងកំណត់ឲ្យដឹងថា តើសាលាក្ដីមួយនេះ មានសមត្ថកិច្ចចាត់ការទៅលើសំណុំរឿង ដែលគេចោទប្រកាន់ទៅលើលោក ឌុយតែតេឬយ៉ាងណា។ បន្ទាប់ពីសិក្សារួច សាលាក្ដីនឹងប្រកាសឲ្យដឹងថា ខ្លួនត្រូវបិទសំណុំរឿង ឬបន្តជំហានទៅធ្វើការស៊ើបអង្កេតបឋម ជាពិសេស ត្រូវបញ្ជាក់ថា ជាសំណុំរឿងដែលជាប់ពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាម។

នៅចំពោះការសម្រេចខាងលើនេះ របស់សាលាក្ដី លោកប្រធានាធិបតីហ្វីលីពីន បានចោទសួរតបទៅវិញ ថាហេតុអ្វី បានជាប្រទេសរបស់លោក ត្រូវបានជ្រើសរើសដំបូងគេ នៅក្នុងចំណោមប្រទេសជាច្រើន ពីតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបើកសំនុំរឿងនោះ។ លោកថ្លែងឡើងថា៖ «មានការកាប់សម្លាប់ច្រើនណាស់ នៅសឹងតែគ្រប់ទីកន្លែងទាំងអស់ នៅក្នុងទ្វីបអាស៊ី តែអ្នកឯងបានជ្រើសរើស បើកសំណុំរឿងប្រឆាំងនឹងខ្ញុំ។ ពួកអ្នកឯងធ្វើវា ឲ្យកាន់តែរលាយបាត់​តែម្ដងទៅ ព្រោះខ្ញុំនឹងដកខ្លួនចេញ ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ។»។

លោក ឌុយតែតេ បានចាត់ទុកស្ថាប័នយុត្តិធម៌មួយនេះ ថាជាឧបករណ៍នយោបាយ ដែលត្រូវបានប្រើប្រាស់ ដើម្បីប្រឆាំងនឹង​ប្រជាជនហ្វីលីពីន រដ្ឋាភិបាលរបស់លោក និងរូបលោកផ្ទាល់។ លោកបានពន្យល់ថា ការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងនឹងរូបលោកនោះ មិនមែនជាអំពើប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មសង្គ្រាមនោះឡើយ ខណៈការស្លាប់មនុស្សទាំងនោះ បានកើតឡើង នៅក្នុងយុទ្ធនាការស្របច្បាប់ របស់កងកម្លាំងនគរបាល និងមិនត្រូវបានគិតទុក ជាមុននោះទេ។

នយោបាយបង្ក្រាបគ្រឿងញៀន ដ៏រង្គាលនេះ បានបង្កឲ្យមនុស្សស្លាប់ ជិត៤ពាន់នាក់ និងបង្កឲ្យមានការខ្វាយខ្វល់យ៉ាងខ្លាំង ពី​សហគមន៍​អន្តរជាតិ។ ប៉ុន្តែសម្រាប់ក្រុម អ្នកការពារសិទ្ធិមនុស្សវិញ បានអះអាងថា តួលេខនៃមនុស្សស្លាប់ ដែលជាតុល្យភាព​ពិតប្រាកដ មានចំនួន៣ដង ច្រើនជាងតួលេខខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...