បន្តឃុំព្រះសង្ឃបីអង្គ ព្រោះបានដុតទង់ជាតិវៀតណាម?
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៩ មករា ២០១៥
- កែប្រែចុងក្រោយ: January 09, 2015
- ប្រធានបទ: យត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទាំងមន្ត្រីអង្គការសង្គមស៊ីវិល លោក អំ សំអាត និងអតីតព្រះសង្ឃកម្ពុជាក្រោម សឺន ហាយ ដែលរងការចោទប្រកាន់ សុទ្ធតែបានលើកឡើងព្រមគ្នាថា មូលហេតុដែលព្រះសង្ឃកម្ពុជាក្រោមទាំងបីអង្គ ត្រូវបានចាប់ខ្លួន និងធ្វើការចោទប្រកាន់នេះ ទំនងមានអ្នកនៅពីក្រោយខ្នង ទាក់ទងករណីបានដុតទង់ជាតិវៀតណាម ក្នុងអំឡុងពេលមានការតវ៉ាទាមទារឱ្យវៀតណាម សុំទោសរឿងទឹកដីកម្ពុជាក្រោម ទើបមានការរៀបចំឱ្យមានការចាប់ខ្លួនតាមរយៈបទល្មើសផ្សេងៗនេះ។
ការលើកឡើងរបស់មន្ត្រីនិងព្រះសង្ឃខាងលើ បានធ្វើឡើង បន្ទាប់ពីសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃសុក្រទី០៩ ខែមករានេះ បានសម្រេចបន្តឃុំខ្លួន អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមបីអង្គព្រះនាម ឃិត វណ្ណៈ សាន កុសល និង សឺន ហាយ ពាក់ព័ន្ធពីបទចូលរួមសមាគមជនទុច្ចរិត ប្រឆាំងរាជការសាធារណៈ និងបទក្លែងបន្លំឆាយយ៉ា។
សេចក្ដីសម្រេចនេះ ត្រូវបានលោកអំ សំអាត មន្រ្តីជាន់ខ្ពស់មកអង្គការការពារសិទ្ធិមនុស្សលីកាដូ អះអាងថា ដោយសារតែព្រះសង្ឃទាំងបីអង្គ ធ្លាប់ធ្វើការតវ៉ាយ៉ាងផុសផុល នៅមុខស្ថានទូតវៀតណាម រឿងទឹកដីកម្ពុជាក្រោម ដែលមានការដុតទង់ជិតវៀតណាមជាដើម ប្រឆាំងនឹងអ្នកនាំពាក្យស្ថានទូតវៀតណាម ដែលនិយាយអះអាងថាទឹកដីកម្ពុជាក្រោម ជារបស់ដូនតាវៀតណាម។
លោក អំ សំអាត បានថ្លែងឡើងថា៖ «អាហ្នឹងហើយ ដោយសារតែព្រះសង្ឃធ្វើការតវ៉ា នៅមុខស្ថានទូតវៀតណាមម្តងហើយម្តងទៀត ហើយមានការដុតទង់ជាតិនេះហើយ ជាការកត់សម្គាល់មួយ ព្រោះបើសិនជាចាប់ពួកគាត់នៅមុខស្ថានទូតវៀតណាមហ្នឹងតែម្តង គឺវាមិនត្រូវហើយមានការរិះគន់ពីប្រជាពលរដ្ឋ អញ្ចឹងហើយបានជាគេរកបទល្មើសផ្សេងៗ ក្នុងការចាប់ព្រះសង្ឃទាំងអស់នេះ។ អញ្ចឹងការដែលចាប់ព្រះសង្ឃទាំងបីអង្គនេះ គឺមិនមែនចាប់បទល្មើសដោយសារតែគេចោទហ្នឹងទេ ការចាប់គឺបណ្តាលមកពីការតវ៉ា និងការដុតទង់ជាតិនៅមុខស្ថានទូតវៀតណាមតែប៉ុណ្ណោះ។»
ប្រធានផ្នែកបច្ចេកទេសនៃអង្គការលីកាដូរូបនេះ បានពន្យល់ទៀតថា៖ «ព្រះអង្គ សឺន ហាយ នឹងលោកគ្រាន់ទៅមុខតុលាការ មិនទាន់ទាំងចុះពីលើម៉ូតូផង ត្រូវបានគេវាយគេចាប់ សួថាបទល្មើសអ្វី វាអត់មានបទល្មើស»។ ចំណែកឯព្រះសង្ឃពីរអង្គទៀត ភិក្ខុ ឃិត វណ្ណៈ និង ថាច់ សាង (សាន កុសល) ដែលត្រូវបានចោទប្រកាន់ពីបទចូលរួមជាមួយសមាគមជនទុច្ចរិត ព្រះអង្គគ្រាន់តែដឹកទង់សានា និងទង់ជាតិ វាគ្មានបទល្មើសអ្វីនោះទេ ព្រោះថាព្រះសង្ឃអង្គណាក៏ត្រូវតែប្រើទង់សាសនា និងទង់ជាតិដែរ។
ចំណែកអតីតសង្ឃកម្ពុជាក្រោម សឺន ហាយ វិញ ក្នុងសំលៀកបំពាកជាអ្នកទោស បាននិយាយយ៉ាងដូច្នេះដែរថា ការចាប់ខ្លូននេះ ដោយសារតែមានអ្នកនៅពីក្រោយខ្នង ជាពិសេសការដាក់សម្ពាធពីប្រទេសវៀតណាម។ ព្រះសង្ឃដែលត្រូវគេចាប់ផ្សិក ឲ្យក្លាយជនជាប់ចោទអង្គនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមពិតទៅ អាត្មាមិនមានរឿងអីដែលត្រូវចាប់ខ្លួននោះទេ គឺការចាប់ខ្លួននេះ មានអ្នកនៅពីក្រោយខ្នងយ៉ាងពិតប្រាកដតែម្តង»។
យ៉ាងណាក៏ដោយ ក៏មកទល់នឹងពេលនេះ មិនទាន់មានប្រភពណាផ្សេងបានអះអាង ដូចទៅនឹងការលើកឡើងរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងព្រះសង្ឃ សឺន ហាយ នោះទេ។ ហើយលោក អំ សំអាត ក៏មិនបានបញ្ជាក់ថា តើនរណាដែលនៅពីក្រោយការចាប់ខ្លួននេះ ឲ្យពិតប្រាកដដែរ។រីឯស្ថាប័នតុលាការវិញ គេពិបាកនឹងធ្វើការទាក់ទង ដើម្បីធ្វើការបកស្រាយពីការចោទប្រកាន់នានានោះណាស់ ព្រោះមិនដែលលើកទូរស័ព្ទ ដើម្បីឆ្លើយទៅនឹងការសាកសួររបស់អ្នកការសែតឡើយ។
សូមបញ្ជាក់ដែរថា ព្រះអង្គកម្ពុជាក្រោមទាំងបីអង្គ បានធ្វើសកម្មភាពតវ៉ាយ៉ាងសកម្មជាមួយអ្នកមានជម្លោះដីធ្លី និងទាមទារឱ្យវៀតណាមសុំទោស ពីការបំភ្លៃប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោម។ អតីតព្រះសង្ឃ សឺន ហាយ ជាសង្ឃមូយអង្គដែលចេញមុខជាងគេក្នុងការតវ៉ា និងដុតទង់ជាតិវៀតណាមរឿងទឹកដីខ្មែរកម្ពុជាក្រោម ត្រូវតុលាការចោទពីបទប្រឆាំងរាជការសាធារណៈ និងបទក្លែងបន្លំឆាយយ៉ា។ ចំណែកអតីតព្រះសង្ឃពីរអង្គទៀតត្រូវបានចោទពីបទ ចូលរួមសមាគមជនទុច្ចរិតប្រព្រឹត្តនៅមុខវត្តសាមគ្គីរង្សី ដែលប្រឈមជាប់ទោសពី ២ ឆ្នាំ ទៅ ៥ឆ្នាំ តាមមាត្រា ៤៩៩នៃក្រមព្រហ្មទណ្ឌ៕