គឹម គុណវឌ្ឍន៍ ថា ឈូក បណ្ឌិត គួរគិតពីកិត្តិយសគ្រួសារ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣១ មីនា ២០១៥
- កែប្រែចុងក្រោយ: April 01, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រោះភាពស្ងៀមស្ងាត់ របស់មន្រ្តីជំនាញ និងមន្រ្តីមានសមត្ថកិច្ច ក្នុងការតាមចាប់ និងស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត តាមដីការរបស់តុលាការនោះ នៅថ្ងៃនេះ លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ របស់ប្រទេសកម្ពុជា ដែលជាអ្នក មកពីខេត្តស្វាយរៀងដែរនោះ បានបង្ហើរសំណេរយ៉ាងខ្លី លើគណនីហ្វេសប៊ុក របស់លោកថា៖ «ជាកូនអ្នកស្វាយរៀងម្នាក់ ខ្ញុំសូម លោក បណ្ឌិត ក្លាហាននឹងមកសារភាព ទទួលខុសតាមច្បាប់ទៅ»។
អគ្គនាយក ទូរទស្សន៍ជាតិកម្ពុជារូបនេះ បានបង្ហាញនូវទស្សនៈផ្ទាល់ ជូនដល់លោក ឈូក បណ្ឌិត ដែលកំពុងពួនសង្ងំលាក់ខ្លួន ដូចសត្វ«ពង្រូ» ដែលបាត់តែមុខ តែខ្លួននៅកណ្តាលវាល យ៉ាងដូច្នេះថា «លោកមិនអាចរស់នៅ ដោយទុកឲ្យកិត្តិយសគ្រួសារ កិត្តិយសអ្នកស្រុក-អ្នកភូមិ បាត់បង់នោះទេ។ វាជាសេចក្តីថ្លៃថ្នូរ ក្នុងនាមជាមនុស្ស (...) ដែលជាអតីតមន្រ្តីម្នាក់។»
យ៉ាងណា ចំពោះការលើកឡើងខាងលើ របស់លោក គឹម គុណវឌ្ឍន៏ ជាចេតនា ចង់ឲ្យអ្នកទោសក្រៅឃុំរូបនេះ ហ៊ានប្រឈមមុខ ជាមួយនឹងកំហុសរបស់ខ្លួន ដែលមាន និងហ៊ានតវ៉ានូវអ្វី ដែលខ្លួនលោកយល់ថា អយុត្តិធម៌ នៅចំពោះមុខច្បាប់ ចំពើមុខតុលាការ។ ឯការគេចវេស មិនមែនជាការបញ្ចប់ នូវការទទួលខុសត្រូវរបស់ខ្លួន ចំពោះមុខច្បាប់ឡើយ។
តាមការលើកឡើងរបស់លោក គឹម គុណវឌ្ឍន៏ ខាងលើនេះ បង្កឲ្យមានការគាំទ្រជាច្រើន ពីអ្នកលេងបណ្តាញសង្គម។ អ្នកទាំងនោះ បានបង្ហាញនូវទស្សនៈផ្សេងៗគ្នា ជុំវិញការគេចខ្លួន របស់លោក ឈូក បណ្ឌិត នេះ។
មតិមួយបានលើកឡើងថា៖ «សម័យនេះហើយ ហេតុអីនៅមិនអាចអនុវត្តបាន ចំពោះចាស់ទំនើង។ (…) ក្នុងនាមថ្នាក់ដឹកនាំ គួរហ៊ាទទួលខុសត្រូវ ចំពោះមុខច្បាប់ អាចចូលតាមទ្វាមុខ ចេញតាមទ្វាក្រោយបាន កុំភ័យអី។ ថ្ងៃមុនគេបាញ់៣៣គ្រាប់ គេចូលសារភាព ឥឡូវបាត់ព័ត៌មានឈឹង! ឃើញ(ឬ)ទេ?»
«ត្រីមួយកន្រ្តក បើស្អុយមួយ គឺស្អុយទាំងអស់។ បើព្រោៈតែមនុស្សម្នាក់នេះ សំខាន់ជាងបក្សនោះ សូមទុកឲ្យបក្សចុះខ្សោយ បន្តទៀតចុះ។ ចង់ស្ទួចត្រីឆ្តោ មិនហ៊ានចំណាយត្រីប្រទួក ខាតមួយ ចំណេញរាប់សែន។»
យ៉ាងណា បណ្តាអ្នកលេងបណ្តាញសង្គម បានលើកឡើងថា បើទោះបីជាលោក ឈូក បណ្ឌិត គេចទៅដល់ក្រហែងណាក៏ដោយ ប្រទេសមានច្បាប់ គង់មានថ្ងៃដែលលោកវិលវិញ។ ហើយច្បាប់នឹងបន្តកំណត់ទោស របស់លោកឡើងវិញ មិន«ស៊ីដាច់»នោះទេ។ មតិនោះសរសេរថា៖ «កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ»។
សូមរំលឹកថា មកទល់ថ្ងៃនេះ លោក ឈូក បណ្ឌិត កំពុងរស់នៅក្រៅសំណាញ់ច្បាប់ និងស្ពាយងារជាអ្នកទោស ទៅជាមួយទាំងទម្ងន់។ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាប់ចោទ ពីបទប៉ុនប៉ងសម្លាប់មនុស្ស មិនបានសម្រេច កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ ប៉ុន្តែមកទល់នឹងពេលនេះ ជនល្មើស ឈូក បណ្ឌិត ដែលតុលាការប្រកាស ឲ្យមានទោសរូបនេះ នៅកំពុងមានសេរីភាព ក្រៅឃុំឃាំងនៅឡើយ៕