មន្ត្រី​បក្ស​ប្រឆាំង​រិះ​គន់ ពុង ឈីវកេក ថា​«ស្នេហា​សញ្ជាតិ​បរទេស»

បន្ទាប់ពីអ្នកស្រី ពុង ឈីវកេក បានប្រកាសបដិសេធ លែងធ្វើជាសមាជិកទី៩ នៃគ.ជ.ប នោះមក មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប បានធ្វើការរិះគន់អ្នកស្រីថា មានជំហរមិនច្បាស់លាស់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣១ មីនា ២០១៥
  • កែប្រែចុងក្រោយ: April 01, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្រ្តីមួយរូប មកពីគណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់ខ្លាំងៗ ចំពោះការលាលែង មិនទទួលតំណែង ជាសមាជិក​ទី៩ របស់ គ.ជ.ប ថ្មី នៃអ្នកស្រី ពុង ឈីវកេក ថា ព្រោះតែស្នេហាសញ្ជាតិបរទេស មិនហ៊ានលះបង់សញ្ជាតិ សុខចិត្ត​លះ​បង់​ប្រយោជន៍ជាតិខ្លួន ក្រោមហេតុផលយ៉ាងខ្លីថា «មិនអាចអនុវត្តទៅរួចនោះទេ»។

លោក រស់ សួរ មន្រ្តី មន្ត្រីឯកទេសខាងច្បាប់ របស់គណបក្សប្រឆាំង បានចោទជាសំនួរថា ហេតុអ្វីបានជាអ្នកស្រី ដាក់​ប្រយោជន៍ នៃប្រទេសជាតិទាំងមូល ឲ្យមានតម្លៃទាប ជាងសញ្ជាតិបរទេស របស់អ្នកស្រីទៅវិញ ឬមួយប្រទេស​កម្ពុជា​ទាំងមូល ប្រយោជន៍ដើម្បីយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជានោះ មិនស្មើនឹងសញ្ជាតិបរទេស របស់​អ្នកស្រី​មួយ​នេះ​ទេ?

ក្នុងព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានចេញសេចក្តីថ្លែងការណ៍មួយ ធ្វើការបដិសេធ ជាសមាជិកទី៩ របស់ គ.ជ.ប។ អ្នកស្រីបានបញ្ជាក់ពីមូលហេតុថា៖ «ការដែលត្រូវបានជ្រើសរើស សម្រាប់​មុខតំណែងដ៏សំខាន់នេះ គឺជាកិត្តិយសដ៏ខ្ពស់ខ្ពស់ សម្រាប់រូបខ្ញុំ។ តែគួរឲ្យសោកស្តាយ ខ្ញុំមិនអាចទទួលយក​តំណែង ជា​សមាជិក​ទី៩ នៃ គ.ជ.ប ថ្មីនេះបានទេ។»

សមាជិកទី៩ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានឯកភាព និងព្រមព្រៀងគ្នា ពីសំណាក់​គណបក្ស​ធំទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ដោយមានការសម្រេច ជ្រើសតាំងអ្នកស្រី ពុង ឈីវកេក ឲ្យ​ទទួល​យក​តំណែង​នេះ។

តែការបដិសេធ មិនទទួលយកតំណែង ជាសមាជិកទី៩ នៃ គ.ជ.ប នៅថ្ងៃទី៣១ ខែមីនានេះ ដោយសារអ្នកស្រី បាន​ចាត់​ទុកមុខតំណែង ដែលផ្តល់ឲ្យអ្នកស្រីមួយនេះថា ពិតជាមានតម្លៃ និងខ្ពង់ខ្ពស់ រហូតដល់ថ្នាក់អ្នកស្រី មិនអាច​ទទួល​យកបាន។ ការអះអាងខាងលើ អ្នកស្រីបានសរសេរ នូវឃ្លាមួយបន្ថែមថា៖ «នៅខណៈនោះ តួនាទីជាសមាជិកទី៩ សម្រាប់​ខ្ញុំ “…គឺជាសមាជិកឯករាជ្យម្នាក់ ពិតជា នឹងរួមវិភាគទាន យ៉ាងសំខាន់ ដល់អព្យាក្រឹតភាព នៃស្ថាប័នរៀបចំ ការ​បោះ​ឆ្នោត ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន”។» តាមន័យខាងលើនេះ ត្រូវ​បាន​លោក​រស់ សួរ វាយតម្លៃថា គឺអ្នកស្រីចង់បង្ហាញ ខ្លួនឯងផ្ទាល់ថា អ្នកស្រីមិនអាចដាក់ខ្លួនឯង ឲ្យក្លាយជាមនុស្ស​ឯករាជ្យ ឬនៅឯករាជ្យ បន្ទាប់ពីអ្នកស្រី បានចូលជាសមាជិកទី៩ នៃ គ.ជ.ប ថាអាចនឹងមាន គំនាបខាងនយោបាយ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង សុំការបង្ហាញបន្ថែម ពាក់ព័ន្ធករណីខាងលើ ពីអ្នកស្រីផ្ទាល់បានទេ នា​ព្រឹក​ថ្ងៃ៣១ ខែមីនានេះ។ ឯមន្រ្តីនាំពាក្យ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក៏មិនអាចសុំការបញ្ជាក់ បានដែរ។

មន្រ្តីគណបក្សសង្គ្រោះជាតិខាងលើ បានបន្ថែមការរិះគន់របស់ខ្លួនទៀតថា ក្នុងនាទីចុងក្រោយ នៃវ័យជរារបស់អ្នកស្រី អ្នកស្រីគួរណាស់ លាលែងសញ្ជាតិបរទេសចោល ឬមួយអាណត្តិ ដើម្បីបំរើការកិច្ចការ ប្រទេសជាតិរបស់ខ្លួន ឲ្យ​ក្លាយ​ជា​ប្រទេស មួយមាននីតិរដ្ឋពិតប្រកដ។ លោក រស់ សួរ បានថ្លែងទៀតថា៖ «អួតថាចង់ជួយខ្មែរ តែមិនហ៊ាន​លាលែង​សញ្ជាតិបរទេស។ (…) ស្តាយធ្វើអីអាយុជាង៧០ទៅហើយនោះ។ (…) មានបរទេសច្រើនណាស់ ដែលចង់ជួយខ្មែរ ហេតុ​អ្វី​ខ្លួនជាខ្មែរ បែរជាមិនចង់ជួយជាតិឯង។ (…) បើថាគ្មានលទ្ធភាព ឬត្រូវគេគម្រាមកំហែង ចាំក្រោយការចូល ធ្វើ​ជា​សមាជិក គ.ជ.ប អាចធ្វើការប្រកាសបាន។ (…) ខ្លាចស្លាប់ទាំងខ្លួន មិនទាន់បានចូលសមរភូមិប្រយុទ្ធផងនោះ តើរស់​នៅ​មាន​ន័យ​អ្វី?»៕

» សូមអានសេចក្តីថ្លែងការណ៍របស់អ្នកស្រី ពុង ឈីវកេក ទាំងស្រុងដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...