ច្បាប់​កែ​ថ្មី​ទាំង៤ ត្រូវ​បាន​ព្រះ​រាជា​ឡាយ​ដាក់​ឲ្យ​ប្រើប្រាស់

ច្បាប់ធ្វើវិសោធនកម្មដ៏ចម្រូងចម្រាស់ ទៅលើច្បាប់ទាំងបួន ដើម្បីបើកផ្លូវឲ្យដកហូតអាសនៈ របស់គណបក្សនយោបាយមួយ ដែលត្រូវតុលាការរំលាយ យកទៅចែកឲ្យគណបក្សដទៃ ទោះគ្មានការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោតនោះ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ ទោះជាមានការរិះគន់ព្រោងព្រាតក៏ដោយ។
ច្បាប់​កែ​ថ្មី​ទាំង៤ ត្រូវ​បាន​ព្រះ​រាជា​ឡាយ​ដាក់​ឲ្យ​ប្រើប្រាស់
ពីឆ្វេងទៅស្ដាំ៖ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងលោក ត្រឹង តាន់សាញ អតីតប្រធានាធិបតីវៀតណាម។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 25, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីថ្ងៃនេះទៅ កៅអីតំណាងរាស្ត្រ និងកៅអីសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ខេត្ត-ក្រុង  មិនមានភាពចាំបាច់ ក្នុងការរៀបចំការបោះឆ្នោត ជ្រើសតាំង ពីពលរដ្ឋអ្វីទៀតទេ តែគេអាចបែងចែកគ្នាបាន ដោយគ្រាន់តែអនុវត្តន៍ តាមច្បាប់កែថ្មី ដែលធ្វើឡើងយ៉ាងប្រញាប់ប្រញាល ក្រោមស្ថានភាពដ៏ចម្រូងចម្រាស់ កាលពីដើមសប្ដាហ៍មុន ដោយរដ្ឋសភា ដែលចូលរួមប្រជុំ តែក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ។

ច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ទាំងបួន ដែលទាកទងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត, សមជិកព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នឹងបើកផ្លូវឲ្យដកហូតអាសនៈ របស់គណបក្សនយោបាយ ដែលត្រូវតុលាការរំលាយ (ឬអាសនៈ ដែលត្រូវបានបោះបង់) យកទៅចែកឲ្យគណបក្សដទៃទៀត បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ ឬទទួលបានការគាំទ្រតិចតួច ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។

ច្បាប់កែថ្មីទាំងបួនខាងលើ ត្រូវបានព្រះមហាក្រត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់​នៅក្នុងព្រះរាជក្រម ចាប់ពីថ្ងៃទី២៥​ ខែតុលានេះតទៅ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ ដែលសម្បូរដោយមន្ត្រីអ្នកច្បាប់ មកពីគណបក្សប្រជាជនកម្ពុជាដែរនោះ រកមិនឃើញពី«អធម្មនុញ្ញភាព» នៃច្បាប់ទាំងនេះទេ។ 

ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសកាលពីម្សិលម៉ិញ ថាច្បាប់កែថ្មីទាំងបួន ស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈមាត្រា៧៦ នៃច្បាប់ដ៏កំពូលមួយនេះ ចែងនៅត្រងវាក្យខណ្ឌទី២ ថា៖ «តំណាងរាស្ត្រ​ ត្រូវ​ជ្រើស​តាំង​ ដោយ​ការ​បោះឆ្នោត​ជា​សកល​ ដោយ​សេរី​ ដោយ​ស្មើភាព​ ដោយ​ចំពោះ​ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ ជា​សម្ងាត់»។

ជាព្រឹត្តិការណ៍​នយោបាយដ៏សំខាន់ ដែលធ្វើឡើងស្របពេល នឹងបណ្ដឹងមួយរបស់ក្រសួងមហាផ្ទៃ ដាក់ឡើងទៅតុលាការកំពូល ដើម្បីស្នើសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។ 

រលកនៃការរិះគន់ជាច្រើន បានផ្ទុះឡើងព្រោងព្រាត ប្រឆាំងទៅនឹងច្បាប់កែថ្មី ជាពិសេសប្រតិកម្មដោយផ្ទាល់ ពីសំណាក់លោក លឺ ឡាយស្រេង អតីតមន្ត្រីរាជានិយមជាន់ខ្ពស់ ដែលធ្លាប់ស្និតនឹងព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ នោះផង។ លោក លឺ ឡាយស្រេង ដែលធ្លាប់មានតំណែង ជាឧបនាយករដ្ឋមន្ត្រីផងនោះ បានអំពាវវនាវ​ឲ្យព្រះមហាក្សត្របច្ចុប្បន្ន កុំឡាយព្រះហស្ថលេខា ទៅលើច្បាប់នេះ ដែលលោកយល់ថា ជាច្បាប់ដែលបង្កហនិភ័យ សម្រាប់ប្រទេសកម្ពុជា ឬបើមិនដូច្នេះទេ លោក លឺ ឡាយស្រេង ដែលមានវ័យ៧៩ឆ្នាំ ស្នើសុំឲ្យព្រះអង្គដាក់រាជ្យ។

តែទំព័រហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះ«សមាគមវៀតណាមនៅកម្ពុជា» បានគម្រាមព្រះមហាក្សត្រ ថាត្រូវតែឡាយព្រហស្ថលេខា ទៅលើច្បាប់កែថ្មីទាងនេះ។ ម្ចាស់ទំព័រហ្វេសប៊ុកខាងលើ បានសរសេរព្រមានព្រះរាជាខ្មែរដែរថា បើមិនឡាយព្រះហស្ថលេខាទេ ក៏សូមឲ្យព្រះអង្គដាក់រាជ្យ​ដូចគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...