ជួន សុវណ្ណ៖ ជួប សម្លាប់ បាន​ប្រះ​ខ្លួន​មក​លើ​មន្ត្រី​នគរបាល

បើតាមលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ គឺជនដែលមានរហស្សនាម ជួប សម្លាប់ ជា​អ្នក​ប្រះ​ខ្លួន មក​លើ​មន្ត្រី​នគរបាល់ តែមិនមែនជនសង្ស័យរូបនេះ បានលើកជើងឡើងជិះម៉ូតូ ពីខាងក្រោម​មន្ត្រី​របស់​លោក​នោះ​ឡើយ។ ជា​ការ​អះអាង ដែល​ផ្ទុយ​គ្នា​ស្រឡះ ពីអ្វីដែលវីដេអូបានថតបង្ហាញ។
ជួន សុវណ្ណ៖ ជួប សម្លាប់ បាន​ប្រះ​ខ្លួន​មក​លើ​មន្ត្រី​នគរបាល
ខាងឆ្វេង៖ រូបភាពបង្ហាញពីការដូរទិស របស់ជនសង្ស័យ ដែលទំនងជាចង់លោតឡើងជិះម៉ូតូនគរបាល។ (រូបថតផ្តិតពីវីដេអូ) ខាងស្ដាំ៖ សាកសពលោក កែម ឡី បន្ទាប់ពីត្រូវឃាតករបាញ់។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 02, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជិតបីសប្ដាហ៍ក្រោយមក ករណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី កណ្ដាលបេះដូងព្រះរាជាណាចក្រ នៅ​តែ​មិនទាន់ត្រូវបានបំភ្លឺ ឲ្យច្បាស់នៅឡើយ។ អ្នកសារព័ត៌មានទទួលការបង្ហើបបង្ហាញ​ ដ៏តិចតួចជាទីបំផុត ពី​សំណាក់​អាជ្ញាធរកម្ពុជា ទាក់ទងនឹងសំនុំរឿង ដ៏កក្រើកពេញផែនដីមួយនេះ ដែលផ្ទុយគ្នាស្រឡះ ពីបណ្ដា​ប្រទេស​មួយ​ចំនួន (ជាឧទាហរណ៍៖ ភេរវកម្មនៅបារាំង​កើតឡើងពីថ្ងៃអង្គារ ស្អែកឡើងថ្ងៃពុធ ឬខានស្អែក​ឡើង​​ថ្ងៃ​ព្រហស្បត្តិ៍ ពលរដ្ឋបារាំង​បានដឹង​ជាបន្តបន្ទាប់ ថាតើភេរវជនជានរណា មានខ្សែបណ្ដាញអ្វីខ្លះ និង​បណ្ដាល​មកពីមូលហេតុអ្វី។ល។)។

រហូតលុះត្រាមកដល់មានវីដេអូ ទាក់ទងនឹងនឹងកតាមចាប់ជនសង្ស័យ ដែលមានរហស្សនាម ជួប សម្លាប់ ត្រូវ​បាន​យក​មកបង្ហោះ នៅតាមបណ្ដាញសង្គម ទើបនៅពេលនោះ តំណាងអាជ្ញាធរចាប់ផ្ដើមធ្វើប្រតិកម្ម ចេញ​មុខ​មក​បក​ស្រាយ ថាតើរឿងរ៉ាវវារបៀបម៉េច។ ហើយជាប្រតិកម្ម ដែលផ្ទុយពីអ្វី ដែលគេបានឃើញ នៅក្នុងវីដេអូ និង​ដូច​ជា​មានបំណង ដាក់បន្ទុកទៅលើការកេងចំណេញ ផ្នែកនយោបាយនោះទៅទៀត។

វីដេអូដែលត្រូវបានយកមកបង្ហោះ នៅថ្ងៃទី២៩ ខែកក្កដា (វីដេអូខាងក្រោម) នៅត្រង់វិនាទី ទី១៩ គេឃើញ​ជន​សង្ស័យ​ពាក់អាវខ្មៅ រត់ទៅកៀកនឹងរបបផ្ទះពលរដ្ឋ (ឆ្ងាយពីថ្នល់) ខណៈពេលដែលមន្ត្រីនគរបាល ពាក់អាវ​ស​ម្នាក់ បានជិះម៉ូតូមានស្លាកលេខ «នគរបាល» បានជិះសន្សឹមៗ ទៅឈប់អែម នៅក្បែរនោះ។ រូបភាព​បន្ទាប់​មក នៅ​វិនាទីទី២២ គេឃើញជនសង្ស័យបានលើកជើង ទំនងជារកជិះម៉ូតូនេះ​ពីខាងក្រោយ ជាមួយជន​ពាក់​អាវ​ស​ម្នាក់​នោះ តែបែរជាងាកចេញ​ពីម៉ូតូវិញ ហើយបន្តការរត់​របស់ខ្លួន​ទៅមុខទៀត មុននឹងត្រូវគេចាប់ខ្លួន នៅ​បន្តិច​ក្រោយ​មក។

សម្រាប់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញវិញ បានពន្យល់ពីហេតុការណ៍នេះ ថាមាន​លក្ខណៈ​ផ្សេង​​ពីរូបភាព ដែលវីដេអូបានបង្ហាញ និងបានហៅការពន្យល់ ដោយសំអាងលើរូបភាពខាងលើ ថា​ជា​ការ​«បំពុល»បញ្ហា ដែលអាចនាំឲ្យសង្គមជួបបញ្ហា និងវឹកវរកាន់តែខ្លាំង ព្រោះតែចង់កេងចំណេញ ផ្នែក​នយោបាយ។ លោក សុវណ្ណ បានថ្លែងប្រាប់​សារព័ត៌មានក្នុងស្រុកថា មន្ត្រីនគរបាលដែលពាក់អាវសរូបនោះ ជា​នាយនគរបាលប៉ុស្ដ៍ម្នាក់។ លោកថា នៅក្រោយឃាតកម្ម កម្លាំងនគរបាលបានទាក់ទងគ្នា ដើម្បីតាម​ស្ទាក់​ជន​សង្ស័យ​នេះ ជាបន្ទាន់។ អញ្ចឹងហើយ ទើបនាយនគរបាលពាក់អាវសខាងលើ បានជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ ហើយ​ស្រែក​ហៅ​ឃាតករ ដែលមានកាំភ្លើងនៅនឹងដៃ ឲ្យឈប់។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានស្រង់សំដីមកសរសេរថា៖ «ពេលស្រែកនោះ ឃាតកបានប្រះខ្លួន មក​លើ​នាយ​នគរបាលប៉ុស្តិ​បន្តិច រួចក៏រត់ទៅមុខទៀត»។

បន្ទាប់ពីវីដេអូខាងលើ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហោះនូវវីដេអូមួយទៀត ដែលបង្ហាញ​ត្រង់​ចំណុច ដែលមានសកម្មភាពឃាត់ខ្លួនជនសង្ស័យ ដោយមន្ត្រីនគរបាលច្រើននាក់។ ក្នុងការឃាត់ខ្លួននោះ ជន​សង្ស័យ​ត្រូវបានពលរដ្ឋជាច្រើននាក់ ធាក់ទាត់ និងដាល់ជាច្រើនដង បើទោះជាមានមន្ត្រីនគរបាលម្នាក់ ដែល​អង្គុយ​នៅ​ខាង​ក្រោយ​ម៉ូតូ ព្យាយាមទប់ស្កាត់ក៏ដោយ។ យ៉ាងណាក៏ដោយ ក៏ការនាំខ្លួនជន​សង្ស័យចេញ​ទៅ​នោះ បាន​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព មិនមានហេតុការណ៍អ្វីធំដុំ​កើតឡើងឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...