មេធាវីការពារក្ដី កឹម សុខា ថ្លែងពីនីតិវិធី«កាត់ក្បាលតម្រូវមួក»របស់តុលាការ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ សីហា ២០១៦
- កែប្រែចុងក្រោយ: August 31, 2016
- ប្រធានបទ: នយោបាយ-យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«តើនេះជានីតិវិធី កាត់ក្បាលតម្រូវមួក ឬយ៉ាងណា?» នេះជាចំងល់របស់អ្នកស្រី ម៉េង សុភាវី មេធាវីការពារក្ដីឲ្យលោក កឹម សុខា ដែលកំពុងឃុំខ្លួនឯង នៅក្នុងទីស្នាក់ការគណបក្សរបស់ខ្លួន ទាក់ទងនឹងចំណាត់ការ របស់តុលាការកម្ពុជាគ្រប់ជាន់ថ្នាក់។
លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ តាមរយៈមេធាវីរបស់លោក បានប្ដឹងសាទុក្ខ ទៅដល់តុលាការកំពូល ដើម្បីសុំឲ្យស្ថាប័នយុត្តិធម៌ចុងក្រោយ និងធំជាងគេរបស់ប្រទេសកម្ពុជា ពិនិត្យមើលនីតិវិធីរបស់សាលាឧទ្ធរណ៍ ទាក់ទងនឹងការចោទប្រកាន់ ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះ មិនបានមកបង្ហាញខ្លួន តាមការកោះហៅរបស់ចៅក្រមស៊ើបអង្កេត នៅតុលាការសាលាដំបូងរាជធានី។
នៅក្នុងដីកាកោះមួយ ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៦ លោក អ៊ុក គីមសិទ្ធិ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល បានសម្រេចកោះហៅលោក កឹម សុខា ក្នុងនាមជាដើមបណ្ដឹងសាទុក្ខ ដើម្បីឲ្យចូលមកសវនាការ ក្នុងតុលាការកំពូល នៅថ្ងៃទី០២ ខែកញ្ញា ខាងមុខនេះ។ ដីការនោះ មានសរសេរបញ្ជាក់ពីសមាសភាព នៃក្រុមប្រឹក្សាជំនុំជម្រះ ដែលរួមមាន លោក ឃឹម ប៉ុណ្ណ ជាប្រធាន - លោក យស់ សូឌឿន - លោក សាលី ធារ៉ា - លោក សេង នាង និងលោក គង់ តារាឆាត ជាចៅក្រមប្រឹក្សា នៃក្រុមប្រឹក្សាជំនុំជម្រះ។
សម្រាប់មេធាវីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភាវី បានពន្យល់ថា រវាងពីថ្ងៃចេញដីកា (ទី២៩ ខែសីហា) មកដល់ថ្ងៃបើកសវនាការ (ទី២ ខែកញ្ញា) មានរយៈពេលត្រឹមតែ៤ថ្ងៃគត់ ខណៈដីកាកោះខាងលើ ទើបនឹងត្រូវបានសាមីខ្លួន និងមេធាវីពីរនាក់ ការពារក្ដីឲ្យអនុប្រធានគណបក្ស ទទួលបានក្នុងថ្ងៃទី៣០ ខែសីហានេះប៉ុណ្ណោះ។ អ្នកស្រីបានអះអាងបន្ថែមថា មេធាវីខ្លះទៀត (លោក កឹម សុខា មានមេធាវីការពារក្ដីឲ្យលោក ចំនួន៥នាក់) នៅមិនទាន់បានទទួលដីកា របស់តុលាការកំពូលនេះនៅឡើយ។
អ្នកស្រី ម៉េង សុភាវី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី ដោយលើកពីការចែង របស់មាត្រា ៤៦៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មកបញ្ជាក់ថា៖ «ការប្រគល់ដីកាកោះ និងការកំណត់ ឲ្យចូលបង្ហាញខ្លួននៅមុខតុលាការ មានរយះពេល១៥ថ្ងៃ ប្រសិនបើជនជាប់ចោទ រស់នៅក្នុងដែនដីនៃតុលាការជាន់ដំបូង»។
មេធាវីការពារក្ដី ឲ្យអនុប្រធានគណបក្សប្រឆាំងរូបនេះ បានបន្តពន្យល់ទៀតថា៖ «ចំណែកសាលាឧទ្ធរណ៏ ក៏ញ៉ាប់ដៃញ៉ាប់ជើង ចេញដីកាឲ្យមេធាវីចូលសវនាការជំនុំជំរះ លើបណ្តឹងនឹងដីកាដំណោះស្រាយ របស់ចៅក្រមសើុបសួរ នៃសាលាដំបូងដែរ ដោយកណត់ពេលសវនាការ នៅថ្ងៃទី៥ សីហា ២០១៦ វេលាម៉ោង ៨ព្រឹក តាមដីកាចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦»។
មិនស្របតាមនីតិវីធីច្បាប់...
អ្នកស្រីអះអាងថា៖ «ឃើញថា ការកោះហៅទាំងពីរយុត្តាធិការនេះ មិនស្របតាមនីតិវិធី នៃមាត្រា៤៦៦ឡើយ ហើយជាការកត់សំគាល់ សុទ្ធតែជាដីកាដែលចេញកាលបរិច្ឆេទ ក្រោយ ដីកាកោះ ក្នុងរឿងអង្គសេចក្ដីនៅសាលាដំបូង ប៉ុន្តែបានកំណត់ថ្ងៃសវនាការ មុនកាលបរិឆ្ឆេទអង្គសេចក្ដី»។
អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ធ្លាប់បានបកស្រាយ ពីចំណាត់ការ«បែបផ្លេកបន្ទោរ» របស់តុលាការកម្ពុជាថា ធាតុផ្សំនៃបទល្មើស ដែលចោទប្រកាន់លើលោក កឹម សុខា មិនមានភាពស្មុគស្មាញទេ ខណៈភស្តុតាងក្នុងសំណុំរឿងនេះ គឺមានភាពងាយស្រួល ដោយមិនទាមទារ ឲ្យចំណាយពេលវេលាយូរ សម្រាប់ការស្រាវជ្រាវ ឬប្រមូលភស្តុតាងឡើយ៕