ប៉ែន សុវណ្ណ និងថាច់ សេដ្ឋា ត្រូវបានហាមមិនឲ្យចូលទឹកដីអាមេរិក
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ មករា ២០១៥
- កែប្រែចុងក្រោយ: January 09, 2015
- ប្រធានបទ: ជនល្បី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះបីជាអ្នកទាំងពីរ មានលិខិតឆ្លងដែនជាលក្ខណៈការទូត ក្នុងឋានៈជាសមាជិកសភា ឫព្រឹទ្ធសភា តែលោក ប៉ែន សុវណ្ណ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោក ថាច់ សេដ្ឋា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ របស់គណបក្សសង្គ្រោះជាតិ មិនអាចជាន់ដីសហរដ្ឋអាមេរិកបានឡើយ ក្នុងពេលនេះ។ មន្ត្រីជាន់ខ្ពស់ទាំងពីររូបរបស់គណបក្សប្រឆាំង ត្រូវបានសហរដ្ឋអាមេរិក ចាត់ឈ្មោះចូលទៅក្នុងបញ្ជីខ្មៅ ដែលត្រូវបានហាមប្រាម មិនឲ្យជាន់ទឹកដីអាមេរិកឡើយ។
លោក ប៉ែន សុវណ្ណ បានថ្លែងអះអាងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការដាក់ឈ្មោះលោក នៅក្នុងបញ្ជីខ្មៅរបស់អាមេរិក វាជារឿងពិត។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់លោក ពីបទរត់ពន្ធមនុស្ស។ ប៉ុន្តែលោកថា វាមិនមែនដូចអ្វីដែលគេចោទប្រកាន់លោកនោះទេ ដោយលោកគ្រាន់តែនាំយកមនុស្សពីកម្ពុជា ទៅជួយធ្វើការឲ្យលោក នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ហើយលោកមិនបានដឹង ពីចិត្តគំនិតអ្នកទាំងនោះ ដែលមិនចង់វិលត្រឡប់មកស្រុកខ្មែរវិញនោះទេ។
លោកនិយាយថា ដោយសារការមិនវិលត្រឡប់របស់អ្នកទាំងនោះហើយ ដែលធ្វើឲ្យអាមេរិកចោទប្រកាន់រូបលោក និងបានធ្វើឲ្យលោក មិនអាចចេញចូលក្នុងទឹកដីសហរដ្ឋអាមេរិកបាន។
ការដាក់ឈ្មោះលោក ប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា នៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនេះ ត្រូវបានទំព័រហ្វេសប៊ុករបស់ចលនាអំណាចពលរដ្ឋខ្មែរ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក យកមកចុះផ្សាយ កាលពីព្រឹកថ្ងៃទី០៩ ខែមករានេះ ហើយជំរុញឲ្យមានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែក និងធ្វើការផ្ដល់ជាយោបល់ខុសៗគ្នា។ ប៉ុន្តែទំព័រដែលមិនសូវនិយាយល្អ ពីគណបក្សប្រឆាំងមួយនេះ បានផ្សាយថា ការហាមឃាត់លោក ប៉ែន សុវណ្ណ មិនឲ្យទៅជាន់ដីសហរដ្ឋអាមេរិក ដោយសារនិយាយកុហក រឿងថាខ្លួនជាប់គុកងងឹតនៅប្រទេសវៀតណាម អស់រយៈពេលជាង ១០ឆ្នាំ។ រីឯលោក ថាច់ សេដ្ឋា ត្រូវបានទំព័រដដែលសរសេរថា អាមេរិកចោទមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មជួញដូរមនុស្ស ឫរត់ពន្ធមនុស្សពីស្រុកខ្មែរ ចូលទៅក្នុងសហរដ្ឋអាមេរិក។
ប៉ុន្តែលោក ថាច់ សេដ្ឋា ខ្លួនលោក បានសុំមិនធ្វើការបកស្រាយ ពីការចោទប្រកាន់ទាំងអស់នេះទេ ដោយសារករណីហាមឃាត់នេះ មានការជាប់ពាក់ព័ន្ធទៅនឹងបញ្ហាជាច្រើន រួមទាំងការយកឯកសារពីបារំាង ស្តីអំពីការកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមនោះផង។ ហើយលោកបានអះអាងថា នេះអាចការវាយប្រហារពីក្រុមជនមួយចំនួន មកលើរូបលោក ហើយលោកនឹងធ្វើការបកស្រាយ ជុំវិញការចោទប្រកាន់នេះ នៅពេលដែលដោះស្រាយបញ្ហាទាំងអស់នោះរួចរាល់។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានផ្ញើរសារអេឡិចត្រូនិក សុំការបញ្ជាក់ពីលោក ចន ស៊ីម៉ុនស៍ (John Simmons) អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយ។ សហរដ្ឋអាមេរិកបានអនុវត្តន៍នយោបាយអន្តោប្រវេសន៍របស់ខ្លួន យ៉ាងតឹងរ៉ឹងជាទីបំផុត បន្ទាប់ពីមានព្រឹត្តិការណ៍ភេវរកម្មនៅទីក្រុងញ៉ូយក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០១កន្លងមក។ រាល់ការនាំមនុស្សចូលទៅសហរដ្ឋអាមេរិក ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ហើយក្នុងករណីមានភាពមិនប្រក្រតី អ្នកដែលធ្វើការធានាទទួលខុសត្រូវ អាចនឹងរងការពិន័យ ដូចករណីលោក ប៉ែន សុវណ្ណ ជាដើម។ ក្នុងករណីខ្លះទៀត អ្នកធានាទទួលខុសត្រូវ អាចនឹងជាប់ពន្ធនាគារ និងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរថែមទៀត៕