«មូលនិធិ ប៉ែន សុវណ្ណ ខុសពីកាកបាទក្រហម»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មករា ២០១៥
- កែប្រែចុងក្រោយ: January 08, 2015
- ប្រធានបទ: មនុស្សធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានប្រជាពលរដ្ឋកម្ពុជាក្នុងលក្ខណៈជាគ្រូសារ ឬបុគ្គលក្រីក្រ កាន់តែច្រើនឡើង ស្របពេលដែលកម្ពុជាកំពុងស្ថិតក្នុងកិច្ចអភិវឌ្ឍន៍ និងឈានក្នុងសមាហរណកម្មអាស៊ានឆ្នាំ២០១៥នេះ។ ទន្ទឹមនឹងនោះ នៅកម្ពុជា «អ្នកមានក៏មានដាច់» ឯ«អ្នកក្រក៏ក្រដាច់» និងគ្មានទីពឹង ទីពំនាក់។ ហើយពួកគាត់ ហាក់បីដូចជាគ្មានការអើពើ ពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋាភិបាលឡើយ ពិសេសពីកាកបាទក្រហមកម្ពុជា ក្នុងការជួយពួកគាត់ជាលក្ខណៈបុគ្គលនេះ។
ឃ្លាទាំងប៉ុន្មានខាងលើនេះ ជាការថ្លែងចាប់ផ្ដើមរបស់លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើឡើងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បន្ទាប់ពីសេចក្តីប្រកាសព័ត៌មានមួយ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ ពីការបង្កើតមូលនិធិ ប៉ែន សុវណ្ណ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រានៅកម្ពុជា ចូលរួមរំលែកទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិ ផ្តល់សេវាផ្នែកសុខាភិបាល លើកស្ចួយការសិក្សាអប់រំ និងកិច្ចអភិវធឌ្ឍន៍សហគមន៏ជាដើម។
អតីតបុរសខ្លាំងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងវ័យ៧៨ ឆ្នាំ បានថ្លែងថា មូលនិធិ ប៉ែន សុវណ្ណ ខុសពីកាកបាទក្រហម ត្រង់ថាកាកបាទក្រហមគេធ្វើការភាគច្រើន ផ្តោតសំខាន់ក្នុងករណីធំៗ មិនសូវមានពាក់ព័ន្ធនឹងបុគ្គល ឬជាគ្រួសារឡើយ។ លោកបានលើកជាឧទាហរណ៍ថា ដូចជាករណីបង្គន់អនាម័យ អណ្តូងស្នប់ ឬផ្ទះខូចមិនដែលឃើញបានជយយឡើយ ពិសេសជាងនេះ ការជួយរបស់កាកបាទក្រហម មានការរើសអើងនយោបាយទៀត។
លោកបន្តថា មូលនិធិនេះ លោកទទួលបាននូវជំនួយ ពីសប្បុរសជននានាទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីបានជួយដល់កុមារក្រីក្រ ជនចាស់ជរា «ពិត»ប្រាកដនៅកម្ពុជា។ លោកបន្តថា ការបង្កើតមូលនិធិ នៃការផ្តល់ជាជំនួយដល់ជនទីទាល់ក្រទាំងនោះ នឹងមិនធ្វើឡើងតាមកាកបាទក្រហមឡើយ ព្រោះតាមតថភាពសង្គមបច្ចុប្បន្ន លោកមើលឃើញថា ការបាទក្រហមមិនបានមើលគ្រប់ជ្រុងជ្រោយនោះទេ ហើយក៏មិនអាចជួយគ្រប់មនុស្ស នៃចំណែកតូចៗនោះដែរ។ ដូចជាករណីមួយចំនួន នៅតាមបណ្តារភូមិដាច់ស្រយ៉ាលនានាជាដើម ការបាទក្រហមមិនបានទៅដល់ ឬធ្វើការអើពើនោះឡើយ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចទាក់ទងសុំការបញ្ជាក់ ពីកាកបាទក្រហមកម្ពុជា ជុំវិញការលើកឡើងរបស់លោក ប៉ែន សុវណ្ណ នេះនៅឡើយ។
បើទោះជានៅតាមកញ្ចក់ទូរទស្សន៍ គេតែងឃើញសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់លោកស្រី ប៊ុន រ៉ានី ដែលជាភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានចុះទៅចែកអំណោយ ឲ្យជនរងគ្រោះជារឿយៗក្ដី តែស្ថាប័នមនុស្សធម៌មួយនេះ តែរងនូវការរិះគន់ថា មានការរើសអើង មិនអព្យាក្រិត្យ ហើយមិនសូវជាបានជួយជនរងគ្រោះ ឲ្យទាន់ពេលវេលានោះជាដើម។
ពលរដ្ឋរងគ្រោះ នឹងការលិចលង់ទឹកក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញមួយរូប លោក សួន ចាន់ស៊ីណា ធ្លាប់បានប្រាប់ទស្សនាវដ្តីថា មិនដែលឃើញមានការអើ ពីការបាទក្រហមកម្ពុជាទេ។ ការមិនរវីរវល់នេះ ទំនងជាមកពីខាងសង្កាត់តែងចោទពួកលោក បានធ្វើការតវ៉ារឿងទឹកលិចភូមិ និងមានបក្សប្រឆាំងនៅពីក្រោយ។ រីឯពលរដ្ឋម្នាក់ទៀត អ្នកស្រី ចាន់ មេសា ក៏បានបង្ហាញនូវការហួសចិត្តដែរថា ការស្នើសុំជួយរឿងទឹកលិចភូមិ បែរជាទាញភ្ជាប់ជាមួយគណបក្សនយោបាយទៅវិញ។ ។ អ្នកស្រីថ្លែងថា៖ «ដល់ពេលចែកអំណោយ (កាកបាទក្រហម)មិនឲ្យអ្នកលិចលង់ដោយសារទឹក បែរជាចែកអ្នកដែលគាំទ្រខ្លួន បក្សពួក និងគ្នីគ្នានៃមន្រ្តីមូលដ្ឋានទៅវិញ។ អ្នកស្របនឹងខ្លួន ទើបអាជ្ញាធរស្រង់ឈ្មោះ ឬហៅទៅទទួលអំណោយ តែបើអ្នកតវ៉ាច្រើន កុំសង្ឃឹម! តែមុខអាជ្ញាធរនោះមិនមើលមុខផង!»
បើយោងតាមទស្សនវិស័យ របស់កាកបាទក្រហមកម្ពុជា បានចែកឡើងថា ស្ថាប័នមនុស្សធម៌មួយនេះ ត្រូវរួមចំណែក ពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ។ ក្នុងបេសកម្មវិញ កាកបាទក្រហមកម្ពុជាជាសមាគមជាតិ នាំមុខគេក្នុងវិស័យមនុស្សធម៌ ដែលប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ដើម្បីបន្ដជួយដល់ជនរងគ្រោះបំផុត តាមរយៈគ្រោះមហន្តរាយ សុខភាព, ការថែទាំសុខភាពក្នុងសហគមន៍ និងការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ជាដើម។
សម្រាប់មូលនិធិ ប៉ែន សុវណ្ណ វិញ ត្រូវបានស្ថាបនិកលោក ប៉ែន សុវណ្ណ អះអាងពីប្រសិទ្ធិភាពនៃមូលនិធិនេះ ដោយសារវានឹងស្ថិតក្រោមការគ្រប់គ្រងរបស់លោកផ្ទាល់។ លោកអះអាងទៀតថា នឹងមិនបង្កឲ្យកើតមានអំពើពុករលួយ នៅក្នុងមូលនិធិរបស់លោកមួយនេះឡើយ។ គ្រប់មន្រ្តី និងបុគ្គលិកទាំងអស់ ដែលនឹងត្រូវចូលមកធ្វើការក្នុងមូលនិធិនេះ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យដោយលោកផ្ទាល់ ហើយត្រូវជាមនុស្សពូកែ (មានចំណេះដឹង) ស្អាតស្អំ ស្មោះត្រង់ ស្លូតបូត និងឧស្សាហ៍ព្យាយាម៕