តារាបង្ហាញម៉ូដខ្ញីចាស់ ប្រតិកម្មនឹងការហែកកេរ្ត៍ក្រុម របស់អតីតសមាជិកខ្លួន
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មករា ២០១៥
- កែប្រែចុងក្រោយ: January 08, 2015
- ប្រធានបទ: ម៉ូដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ហត់ នឹងពួកច្រណែនឈ្នានីសណាស់លោកអើយ!!! សូមជំរាបថា ខ្ញុំគ្មានសិទ្ធិអីបព្ជាាទៅស្ថាប័នរដ្ឋ រឺអតិថិជន អោយគេរើសអ្នកនេះអ្នកនោះទេ ហើយខ្ញុំរវល់ណាស់ នឹងការសិក្សាក៏ដូចជាការងារ។ ខ្ញុំមានពេលឯណា ទៅជួយការងារបងស្រីនោះ។ ហើយអ្វីគ្រប់យ៉ាង គឺបងស្រីខ្ញុំជាអ្នកសំរេច ខ្ញុំគឺគ្នានសិទិ្ធទេ!!» នេះជាប្រតិកម្មរបស់កញ្ញា ឌួង ហ្សូរីមា បន្ទាប់ពីតារាបង្ហាញម៉ូដម្នាក់ ដែលបានដើរចេញពីក្រុម Cambodia Super Model មិនបញ្ចេញឈ្មោះ បានប្រាប់គេហទំព័រក្នុងស្រុកមួយថា ការដែលខ្លួនដើរចេញពីក្រុម គឺដោយសារតែកាលខ្លួននៅជាសមាជិកមិនសូវបានចេញដើរម៉ូដ ហើយតារាបង្ហាញម៉ូដ ដែលឧស្សាហ៍ចេញដើរបង្ហាញម៉ូដនោះ ភាគច្រើន គឺជាអ្នកដែលស្និតនឹងមេក្រុម ឬជាសាច់ញាតិរបស់ថ្នាក់ដឹកនាំរបស់ក្រុម។
អតីតសមាជិកក្រុម Cambodia Super Model ដែលមិនបញ្ចេញឈ្មោះនេះ បាននិយាយបរិហាថា៖ «សមាជិកក្រុមភាគច្រើនចង់ចាកចេញនោះ គឺដោយសារតែពួកគេមិនពេញចិត្តការដឹកនាំ ជាពិសេសកញ្ញា ដួង ហ្សូរីម៉ា តែម្ដង ព្រោះនាងដឹកនាំបែបបក្សពួកនិយម»។ តារាម៉ូឌែលម្នាក់នេះថា មានតារាបង្ហាញម៉ូដជាច្រើននាក់ទៀត មានការអន់ចិត្ត ហើយតារាទាំងនោះ ក៏នឹងមានគម្រោងដើរចេញដូចគ្នាដែរ គ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះ។
តារាបង្ហាញម៉ូតរាងតូចច្រឡឹងកញ្ញា ហ្សូរីម៉ា បានសរសេរឌឺដង តបឲ្យអតីតតារាបង្ហាញម៉ូដលាក់មុខនេះ វិញថា៖ «សំរាប់ខ្ញុំ គឺមិនទៅឈឺក្បាលទេ អារឿងអស់បានការអញ្ចឹងៗ អត់អ្នកឯងតែ ១នាក់ ២នាក់ ក៏ក្រុមខ្ញុំធ្វើការដោយសប្បាយរីករាយ និងសាមគ្គីគ្នាដែរ..!!! មុននឹងហាស្តីនិយាយចេញមកក្រៅ គួរតែចេះគិតនិងមើលពីកំហុស និងពីអត្តចរិតរបស់ខ្លួនឯងផង ថាតើល្អយ៉ាងណាទៅ ដល់ថ្នាក់គេឈប់ហៅធ្វើការអញ្ចឹង គេងគិតខ្លួនឯងទៅ អ្នកច្រណែនគេអើយ គួរអោយអាណិតណាស់។»
ដូច Free អោយគេអញ្ចឹង...
ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា បន្ទរជាមួយដែរថា៖ «និយាយចេញមក ដឹងមុខអ្នកនិយាយតែម្តង។ ទុកមុខអោយតិចសិន។ ចាំមើលហ៊ានទៀតអត់? បើហ៊ានច្បាស់ជាដឹងគ្នាម៉ង។ ខ្លួនអែងរូបអាក្រក់មិនសមម៉ូដែលហើយ នៅមកច្រណែនគេទៀត។ ចង់ប្រាប់អ្នកដែលនិយាយថា ពេលខ្លួននៅក្នុងក្រុម Cambodia super model ពេលខ្លួនមានឱកាសបង្ហាញខ្លួនម្តងៗ គឺពួកយើងអង្វរ client អោយយកទេ ពេលខ្លះទៀតពួកបងចាស់ៗ សុខចិត្តកាត់កំរ៉ៃម្នាក់បន្តិច ដើម្បីអោយប្អូនៗមានឱកាសបង្ហាញសមត្ថភាព បានន័យថា សឹងតែរាល់ការដែលប្អូនបានសំដែង គឺដូច free អោយគេអញ្ចឹង។»
តារាសម្ដេង និងបង្ហាញម៉ូដមានខ្ពស់ស្រលះរូបនេះ បានបន្តថា នៅពេលអតីតតារាបង្ហាញម៉ូដ ក្នុងក្រុមរបស់ខ្លួនម្នាក់នោះ ចេញដើរម៉ូតម្តងៗ គឺកញ្ញា ឌួង ហ្សូរីដា សុខចិត្តកាត់លុយពីតារាចាស់ៗដូចជាអ្នកនាង យកទៅអោយដើម្បីអោយមានទឹកចិត្ត តែតារាបង្ហាញម៉ូដ ដែលបានដើរចេញពីក្រុម Cambodia Super Model ដែលមិនបញ្ចេញឈ្មោះម្នាក់នោះ មិនត្រឹមតែមិនដឹងគុណគេទេ តែថែមទាំងក្លាយជាក្រពើបកក្បាលមកខាំពួកខ្លួនវិញ។
«ធ្វើនំអត់ម្សៅ...»
អ្នកនាង ចន ច័ន្ទលក្ខណា បានបរិហាតារាម្នាក់នោះទៀតថា៖ «និយាយហាឡើង សុទ្ធតែបើមានគេអត់ខ្ញុំ អស្ចារ្យមេស ល្បីពីអង្កាល មេចក៏ឆាប់តម្លើងឫកម៉េស? ទៅក្រុមផ្សេង ប្អូនល្បីនិងអស្ចារ្យសំរាប់ប្អូនហើយ ព្រោះធ្វើនំអត់ម្ស៉ៅ មិនចាំបាច់ហត់ តែរសជាតិយ៉ាងមេចគឺមិនដឹង ថ្លៃរឺថោកគឺបានទាំងអស់។ ចង់និយាយប្រាប់ប្អូនថា បើប្អូនមិនសូវបានចេញមុខ តើអាក្រុមផ្សេងវាស្គាល់ប្អូនតាមណា ? រឺក៏ប្អូនបិទផ្លាកប្រកាសលក់ខ្លួនអោយក្រុមផ្សេង ? ក្រពើវង្វេងបឹង គឺអ្នកនិយាយហ្នឹងហើយ មានអ្នកខ្លះទៀតច្រណែន និងតួចាស់ៗដូចពួកបងបានចេញមុខរហូត។»
រីឯកញ្ញា ឌួង ហ្សូរីដា ប្រធានក្រុម បង្ហាញម៉ូដ Cambodia supermodel បានចូលរួមផ្តល់យោបល់ជាមួយថា៖ «ពិត១០០% បងមុំជាអ្នកនិយាយអញ្ចឹង។ ហេតុអ្វីអ្នកនិយាយថា អ្នកជាជម្រើសដំបូង និងជាជម្រើសទី១ របស់ clients?»៕