អាមេរិកថា មិនបានដឹងរឿងកម្ពុជា ស្នើឲ្យចាប់ខ្លួនជនបីនាក់
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ តុលា ២០១៤
- កែប្រែចុងក្រោយ: October 03, 2014
- ប្រធានបទ: បញ្ជីក្រហម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឆ្លើយតបនឹងការសាកសួរ របស់វិទ្យុក្នុងស្រុកមួយ ឈ្មោះវិទ្យុសម្លេងប្រជាធិបតេយ្យ នៅព្រឹកថ្ងៃសុក្រទី០៣ ខែតុលានេះ លោក ចន ស៊ីមម៉ុន (John Simmons) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ស្ថានទូតសហរដ្ឋអាមេរិក មិនទាន់បានទទួលសំណើរណាមួយ សំរាប់ឲ្យជួយអន្តរាគមន៍ នៅក្នុងករណីនេះនៅឡើយ»។
ការឆ្លើយតបរបស់អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានធ្វើឡើងបន្ទាប់ពី ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានលើកយកសម្ដីរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មកផ្សាយថា នគរបាលអន្តរជាតិ (Interpol) បានចាត់ជនបីនាក់ ទៅក្នុងបញ្ជីក្រហម ដើម្បីស្វែងរកចាប់ខ្លួន ដែលមានទីលំនៅក្នុងសហរដ្ឋអាមេរិក ដោយអនុលោមទៅតាមការស្នើររបស់កម្ពុជា ក្នុងករណីប្រមាថព្រះមហាក្សត្រ និងគំរាមសម្លាប់មេដឹកនាំរដ្ឋាភិបាលកម្ពុជា។
សារព័ត៌មានទាំងនោះ បានលើកយកឈ្មោះជន៣នាក់ ដែលរដ្ឋាភិបាលកម្ពុជា ស្នើសុំទៅនគរបាលអន្តរជាតិ ឲ្យតាមរកចាប់ខ្លួននោះ មានឈ្មោះ ម៉ៅ ឃឿន នៅរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) ឈ្មោះ បូណា ប៊ុនផាត់ នៅរដ្ឋវ៉ាស៊ីនតោន (Wasington) និងឈ្មោះ យឿន សំរិទ្ធី នៅរដ្ឋចចជៀ(Georgia) សហរដ្ឋអាមេរិក។
ភស្តុតាង«គ្រប់គ្រាន់»
ប៉ុន្តែការចាត់ជនទាំងបី ទៅក្នុងបញ្ជីក្រហម ដើម្បីតាមចាប់ខ្លួន របស់នគរបាលអន្តរជាតិនេះ ត្រូវបានលោក ខៀវ សុភ័គ ខ្លួនលោករារែកមិនចង់បញ្ជាក់ទៅវិញ។ លោកបានថ្លែងប្រាប់ វិទ្យុសម្លេងប្រជាធិបតេយ្យទៀតថា៖ «ខាងអាមេរិកទេគេផ្សាយ។ តាមពិតទៅ តាមពូ (លោក) មិនហ៊ានចង់និយាយផង។» លោក ខៀវ សុភ័គ គ្រាន់តែបានអះអាងថា រដ្ឋាភិបាលកម្ពុជា បានស្នើទៅរដ្ឋាភិបាលអាមេរិក ឲ្យតាមចាប់ខ្លួន ជនសង្ស័យទាំង ៣នាក់នោះ ដោយសារមានភស្តុតាង«គ្រប់គ្រាន់» តាមបណ្តាញសង្គមហ្វេសប៊ុក។
នៅលើគេហទំព័រផ្លូវការ របស់នគរបាលអន្តរជាតិ ដែលមានទីតាំងធំនៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំងឯណោះវិញ គេក៏បានឃើញមានការផ្សព្វផ្សាយ ពីការតាមចាប់ខ្លួនជនទាំងបីនាក់នេះដែរ។ យ៉ាងណាក៏ដោយ លោក យឿន សំរិទ្ធី ជាមនុស្សម្នាក់ ក្នុងចំណោមជនទាំងបីនាក់នោះ បានបញ្ជាក់ថា លោកមិនខ្លាចការចាប់ខ្លួនណាមួយទេ ព្រោះលោកមិនបានប្រព្រឹត្តិកំហុសអ្វីសោះ។ លោកថែមទាំងបានចំអក តាមរយៈទំព័រហ្វេសប៊ុករបស់លោក ត្រឡប់មករដ្ឋាភិបាលកម្ពុជាវិញថា នគរបាលអាមេរិក មិនចេះតែចាប់មនុស្សគ្មានកំហុស ទៅដាក់ទោស ដូចរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃឡើយ។
មន្ត្រីចូលនិវត្តន៍ម្នាក់ ជំនាញខាងច្បាប់ក្នុងប្រទេសបារាំង លោក ព្រហ្ម គិត បានពន្យល់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា នគរបាលអន្តរជាតិត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ ទោះជានគរបាលអន្តរជាតិ មានកាតព្វកិច្ចធ្វើទៅតាមការស្នើរបស់អាជ្ញាធរ នៃប្រទេសជាសមាជិកក៏ដោយ ប៉ុន្តែការស្នើសុំឲ្យចាប់ខ្លួនណាមួយនោះ នគរបាលអន្តរជាតិចាំបាច់ត្រូវពិនិត្យ ទៅលើអង្គហេតុ ដែលទាមទារឲ្យធ្វើការចាប់ខ្លួននោះ ឲ្យបានច្បាស់លាស់ជាមុនសិន។ សម្រាប់ប្រទេសប្រជាធិបតេយ្យធំៗ បើគ្មានអង្គហេតុច្បាស់លាស់ ភស្ដុតាងឲ្យប្រាកដទេនោះ ឬជនសង្ស័យ ត្រូវបានចោទប្រកាន់ដោយករណីនយោបាយ នគរបាលអន្តរជាតិដែលមានទីតាំងនៅក្នុងប្រទេសនោះ នឹងមិនអាចអនុវត្តន៍ ទៅតាមការស្នើសុំរបៀបនេះបានឡើយ។
លោក ព្រហ្ម គិត បាននិយាយទៀតថា៖ «ការដែលក្រសួងមហាផ្ទៃកម្ពុជា លើកយកភស្ដុតាងនៅក្នុងហ្វេសប៊ុក មកធ្វើជាអំណះអំណាង វាដូចជាស្រាលពេកណាស់ ព្រោះថា គេមិនដែលទៅចាប់ខ្លួនមនុស្សម្នាក់ ដោយគ្រាន់តែមនុស្សនោះ និយាយថាចង់សម្លាប់លោក ក ឬលោក ខ នោះទេ។ គេត្រូវស៊ើបអង្កេតឲ្យច្បាស់ថា តើសកម្មភាព និងទង្វើរបស់មនុស្សនោះ ដូចទៅនឹងសម្ដីខ្លួនដែរឬយ៉ាងណា។ ប៉ុន្តែសម្រាប់ប្រទេសកុម្មុយនីស ឬប្រទេសដែលប្រកាន់នូវលិទ្ធិផ្ដាច់ការ ពលរដ្ឋនិយាយប៉ះពាល់អ្វីបន្តិចមិនបានទេ វាច្បាស់ជាដូចសម្ដីលោក ខៀវ សុភ័គ លើកឡើងនេះហើយ។»៕