អាហ្សង់ទីន៖ ច្រណែនឃើញស្រីជំទង់ស្អាតជាង ឆូតមុខរហែកច្រើនថ្នេរ
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ តុលា ២០១៤
- កែប្រែចុងក្រោយ: October 03, 2014
- ប្រធានបទ: តក់ស្លុត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងលោកយើងនេះ មានបញ្ហាមិនចេះចប់ ហើយក៏កាន់តែប្លែកៗណាស់ដែរ៖ បើមិនបានចាក់ទឹកអាស៊ីត ក៏ឆូតឲ្យមានស្នាមរហែកដែរ ដើម្បីបំបាក់គូរសត្រូវ ដែលស្អាតជាងខ្លួន។ ហើយនោះ ដោយសារអ្វី? ភ្នំភ្លើងនៃក្ដីច្រណែននិន្ទា បានប្រែក្លាយបងប្អូនស្រីពីរនាក់ ជាឧក្រិដ្ឋជនមិនត្រឹមតែបង្ករបួសស្នាម តែថែមទាំងបានបំផ្លាញសេចក្ដីសុខរបស់អ្នកដទៃ រហូតឲ្យគ្នានៅអោបទុក្ខ អស់មួយជីវិត។
បងប្អូនស្រីពីរនាក់ ម្នាក់អាយុ១៨ឆ្នាំ និងម្នាក់ទៀត១៦ឆ្នាំ បានធ្វើអំពើដ៏ឃោឃៅនេះ ទៅលើយុវតីហៀបពេញក្រមុំមួយរូបឈ្មោះ ជូលៀ អាល់វ៉ារ៉េស (Julia Alvarez) អាយុ ១៥ឆ្នាំ នៅពេលដែលនាង ហៀបវិលត្រឡប់មកផ្ទះវិញ នៅថ្ងៃទី២៦ ខែសីហាកន្លងទៅ។ បន្ទាប់ពីបានប្រើជើង និងដៃវាយសន្ធាប់ទៅលើ ជូលៀ រួចហើយ បងប្អូនស្រីទាំងពីរ បានយកកាំបិតមកឆូតមុខ និងដងខ្លួនរបស់ជូលៀ មុននឹងបានទុកឲ្យ ជូលៀ ចោលក្នុងសភាពដ៏សោកសៅ រហូតដល់មានអ្នកដំណើរម្នាក់ បានដើរកាត់តាមនោះ ចូលមកជួយ។
បងប្អូនពីរនាក់នេះ បានបោះសម្ដី នៅពេលប្រព្រឹត្តិអំពើនេះ ទៅលើជនរងគ្រោះថា៖ «អ្នកណាៗ ក៏ថានាងឯងស្អាតដែរ។ តែនាងឯងនឹងឈប់លែងស្អាត តទៅទៀត នៅពេលដែលយើងគូសគំនូរ នៅលើមុខ និងខ្លួននាងឯងរួចរាល់។ មនុស្សម្នា នឹងហៅឈ្មោះនាងឯងថ្មីថា ឈូគី (Chucky - ឈ្មោះតុក្កតាជ័រ នៅក្នុងភាពយន្ដ Chucky ដែលមានមុខ សុទ្ធតែស្នាមដេរ ហើយត្រូវបានខ្មោចចូលរូប ប្រព្រឹត្តិអំពើគួរឲ្យស្អប់ខ្ពើម)។»
នគរបាលសម្រេចធ្វើអន្តរាគមន៍ ក្រោយពីមានប្រតិកម្ម របស់ពលរដ្ឋ
នៅក្នុងពេលដំបូង នគរបាលនៃទីក្រុង ហ្វ័ម៉ូស្សា (Formosa - ផ្នែកខាងជើងនៃប្រទេសអាហ្សង់ទីន) បានបដិសេធមិនលូកលាន់ក្នុងរឿងនេះទេ។ ប៉ុន្តែបន្ទាប់ពីបងស្រីរបស់ជូលៀ បានចុះផ្សាយរូបភាពស្លាកស្នាមរបស់ ជូលៀ នៅលើបណ្ដាញសង្គម បង្កឲ្យមានប្រតិកម្មខឹងសម្បារ ពីបណ្ដាជននោះ ទើបនគរបាលសម្រេចចិត្តធ្វើអន្តរាគមន៍។
យ៉េនី អាល់វ៉ារ៉េស (Yeni Alvarez) បងស្រីរបស់ជនរងគ្រោះ បាននិយាយថា «ខ្ញុំចង់ធ្វើខ្លួនឲ្យរឹងប៉ឹង សម្រាប់ប្អូនស្រីរបស់ខ្ញុំដែរ តែនៅពេលដែលខ្ញុំមើលឃើញនាងម្ដងៗ ខ្ញុំទប់មិនយំមិនកើតទេ។ ពួកវាបានបំផ្លាញជីវិតរបស់នាង។ ប្អូនខ្ញុំថា ចង់សម្លាប់ខ្លួន ព្រោះនៅពេលដែលនាងសម្លឹងមើលទៅក្នុងកញ្ចក់ នាងមានអារម្មណ៍ថា ខ្លួននាងមានរូបរាងអាក្រក់ជាទីបំផុត។»
ចំណែកនគរបាលវិញ បានអះអាងថា បានសាកសួរចម្លើយ បងប្អូនស្រីទាំងពីរនាក់រួចហើយ។ នាងប្អូន ត្រូវបានដោះលែងវិញ ដោយសារមានអាយុមិនទាន់គ្រប់ត្រូវជាប់ឃុំ ប៉ុន្តែនាងបង កំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ ដើម្បីរងចាំការកាត់ទោស។ នាងបងបានឆ្លើយប្រាប់អ្នកស៊ើបសួរថា ដោយសារតែ ជូលៀ ធ្លាប់ជេរពួកនាង ដែលជំរុញឲ្យពួកនាងធ្វើការសងសឹក។ ប៉ុន្តែសម្រាប់បណ្ដាអ្នកស្រុក ដែលរស់នៅក្នុងទីក្រុងនោះវិញ បានលើកឡើងពីកង្វល់របស់ពួកគេថា បងប្អូនស្រីទាំងពីរ ធ្លាប់មានជាប់ទាក់ទងនឹងការសេពគ្រឿងញៀន និងធ្លាប់បានគម្រាមបណ្ដាជននៅទីនោះ។ បន្ទាប់ពីហេតុការណ៍ខាងលើបានកើតឡើង អ្នករស់នៅក្នុងសង្កាត់ក្បែរនោះមួយចំនួន បានទទួលការគម្រាមតាមអ៊ិនធើណែត ថានឹងមានវាសនាដូចនាង ជូលៀ ដែរ៕