ចន ច័ន្ទលក្ខិណា៖ ចាក់​បញ្ចាំង​ភាពយន្ដ​ថៃ​ឡើង​វិញ អាច​សម្លាប់​ភាពយន្ដ​ខ្មែរ

នៅរយៈពេលចុងក្រោយនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការជជែកគ្នាយ៉ាងផុសផុល ចំពោះការដាក់បញ្ចាំង​ភាពយន្ត​ថៃ នៅលើកញ្ចក់ទូរទស្សន៍នានា ក្នុងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីភាពយន្ដថៃទាំងនេះ ត្រូវបានដកចេញ​ឈប់​បញ្ចាំង ជាច្រើនឆ្នាំកន្លងមក។ ក្នុងចំណោមការជជែកនោះ ប្រតិកម្មរបស់តារាស្រីខ្ញីចាស់ ចន ចន្ទលក្ខិណា មានលក្ខណៈ​គួ​ឲ្យ​ចាប់​អារម្មណ៍​ជាងគេ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៧ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: October 03, 2014
  • ប្រធានបទ: សិល្បៈទី៧
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អស់រយៈពេលជាង១០ឆ្នាំ​មក​ហើយ ដែល​ខ្សែ​ភាពយន្ត​របស់​ថៃ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចាក់​បញ្ចាំង នៅ​លើ​ស្ថានីយ​ទូរទស្សន៍​នានា ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ស្ថានីយ​ទូរទស្សន៍ ប៉ុស្ដិ៍​លេខ​៥ បាន​ចាប់​ផ្ដើម​ចាក់បញ្ចាំង​ឡើង​វិញ ហើយ​ស្ថានីយ៍​ទូរទស្សន៍​មួយ​ចំនួន​ទៀត ក៏​នឹង​ត្រៀម​ចាក់​បញ្ចាំង​ដូចគ្នា​ដែរ។ ចំពោះ​ការ​ផ្តល់​សិទ្ធិ ឱ្យ​ចាក់​បញ្ចាំង​នូវ​ភាពយន្ត​ថៃ​ឡើង​វិញ​នេះ បង្ក​ឲ្យ​មាន​ទាំង​ប្រតិកម្ម​គាំទ្រ រួម​ជា​មួយ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​តារា​សិល្បៈ​មួយ​ចំនួន​ផង។

ក្នុងទំព័រហ្វេសប៊ុក របស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​ជា​តារា​សម្តែងខ្មែរជើងចាស់មួយរូបនោះ អ្នក​នាង​បានសរសេរសារជាច្រើន បង្ហោះជាសាធារណៈ ប្រកាស​សុំ​ឱ្យ​បន្តការផ្អាក មិនឱ្យចាក់ផ្សាយភាពយន្តថៃ នៅ​លើកញ្ចកទូរទស្សន៍ក្នុងប្រទេសកម្ពុជា។

អ្នកនាងបានសរសេរថា៖ «ក្នុងនាមយើងទាំងអស់គ្នា ជាកូនខ្មែរ សូមចូលរួមគាំទ្រ បញ្ឈប់នូវការចាក់​ខ្សែ​ភាពយន្ត​បរទេស ជាពិសេសរឿងភាគថៃ ក្នុងម៉ោង prime time (ម៉ោងដែលមានមនុស្សមើលច្រើន) ! ចូលរួម​ទាំងអស់គ្នាក្នុងការជួយលើក ស្ទួយវិស័យសិល្បៈភាពយន្តខ្មែរ ឱ្យរស់រានមាន ជីវិតឡើងវិញ ដើម្បី​បម្រើ​ចំណី​ចក្ខុរម្មណ៍ទស្សនិកជន ទាំងក្នុងស្រុកនិងក្រៅស្រុក ក៏ដូចជារួមចំណែក ថែរក្សាមរតកវប្បធម៌ និង​អត្តសញ្ញាណ​ជាតិ របស់យើង ឱ្យបានថិតថេរគង់វង្ស!»

អ្នកនាងសរសេរបន្តថា អ្នកនាងមានការព្រួយបារម្ភមែនទែន ខ្លាចក្រែងភាពយន្តរបស់ថៃ ដណ្តើមទីផ្សារ​របស់​ភាពយន្តខ្មែរ ខណៈដែលភាពយន្តខ្មែរ នៅមានកំរិត ធ្វើឱ្យទស្សនិកជនមិនទាន់ទទួលយកបាន ទាំង​ការ​សំដែង ទាំងការផលិត។ អ្នកនាងបន្ថែមថា៖ «ខ្ញុំដឹងថាមានអ្នកគាំទ្រ និង​ចូលចិត្តទស្សនា​រឿងថៃ​ច្រើន​ណាស់។ តែយើងត្រូវគិតថា បើយើងគាំទ្ររឿងថៃពេក វានឹងធ្វើអោយរឿងយើងបាត់បង់។ តើយើង​សុខចិត្ត​ឈរមើល កាបាត់បង់ខ្សែរភាពយន្តខ្មែរ ជាថ្មីម្តងទៀត ឬក៏យ៉ាងមេច?»

ជាមួយនឹងការប្រកាសនេះ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែត្រៀមប្រមូលស្នាមមេដៃ សិល្បករ​សិល្បការនី ចាងហ្វាងផលិតកម្ម ផលិតករ អ្នកដឹកនាំរឿង និងអ្នកស្នេហា វិស័យសិល្បៈ ភាពយន្តខ្មែរនានា ដើម្បីឱ្យ​មាន​ការពន្យារ ការចាក់ផ្សាយ ភាពយន្តភាគថៃ ក្នុងម៉ោង៦កន្លះ ទៅម៉ោង៩កន្លះ។ ការប្រមូល​នេះ​ធ្វើរួច អ្នក​នាង​នឹងយក ទៅប្រគល់ជូនក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធនានា ដើម្បីស្នើសុំនូវការផ្អាកនេះ។

សម្រាប់ក្រុមដែលយល់ស្រប ឱ្យមានការចាក់បញ្ចាំងភាពយន្តថៃ បានលើកឡើងថា ប្រទេសនីមួយៗ ត្រូវតែ​មានការផ្លាស់ប្តូរ សេវាគ្នាទៅវិញទៅមក មិនអាចបិទរឿងភាពយន្ដ រឿងបរទេស ព្រោះចង់រក្សាវប្បធម៌ និង​តម្លៃភាពយន្តខ្មែរបាននោះទេ គួរតែបើកទូលាយ ជាងសព្វថ្ងៃនេះទៅទៀត។ បើចង់រក្សា និងឱ្យតម្លៃទៅដល់ ស្នាដៃភាពយន្តខ្មែរ ក៏ដូចជាវប្បធម៌របស់យើងនោះ ត្រូវតែខិតខំស្វែងយល់ ដកពិសោធន៍នូវការផលិត​របស់​គេដែលប្រកបទៅដោយភាពច្នៃប្រឌិត សម្ភារៈបច្ចេកទេសផលិតទំនើបៗ ទាន់សម័យ ដើម្បីដើរឱ្យដើរទាន់​ភាពយន្ត​បរទេសទាំងនោះ។

ជាការពិតរឿងភាគថៃ មិនដែលបានសាបរលាប ចេញពីចិត្តទស្សនិកជនខ្មែរឡើយ។ រយៈពេលនៃការហាម​ឃាត់នេះ ទោះបីទូរទស្សន៍មិនបានបញ្ចាំងពិតមែន តែតាមតូបជួល ស៊ីឌីនានាវិញ សម្បូរទៅដោយ រឿង​ភាគ​ថៃ គ្រប់ប្រភេទ ដែលអ្នកលក់អះអាងថាលក់ដាច់ជាងភាពយន្តរបស់ខ្មែរ ព្រោះការផលិតរបស់គេពោរពេញ ដោយគុណភាព ទាំងសាច់រឿង កាយវិការមិនឆ្គាំឆ្គង ជាពិសេសតារាសម្ដែង សុទ្ធតែមានបទពិសោធន៍​នៃការ​សម្តែង​ពិតប្រាកដ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...