ឈាង វុន ថានឹងហៅ ខៀវ កាញារីទ្ធ មកសួររឿងផ្សាយគ្រឿងស្រវឹង (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍ ៖ ស្រ៊ុន ទិត្យ ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 12, 2014
- ប្រធានបទ: សុរា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាជាតិ មកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន នឹងអញ្ជើញលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មកបំភ្លឺជុំវិញបញ្ហាផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមទូរទស្សន៍ និងតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ។
សន្និសីទព័ត៌មាន នាវិមានរដ្ឋសភាកាលពីថ្ងៃទី១១ ខែធ្នូ ម្សិលម៉ិញនេះ ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាជាតិ បានលើកឡើងថា លោក ខៀវ កាញារីទ្ធ គួរពិចារណាឡើងវិញ ពីការអនុញ្ញាតិឲ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងច្រើន តាមប្រព័ន្ធផ្សព្វផ្សាយដូចជាវិទ្យុ និងទូរទស្សន៍ ជាដើមនោះ។
យ៉ាងណាក៏ដោយ ការហៅរដ្ឋមន្ត្រីក្រសួងព័ត៌មានមកសួរនាំនេះ នៅមិនទាន់ បញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ ដោយរង់ចាំកិច្ចពិភាក្សាផ្ទៃក្នុងគណៈកម្មាការលោកជាមុនសិន។ តែលោកស្នើឲ្យស្ថានីយទូរទស្សន៍ កាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង ឲ្យបានច្រើនជាងនេះ។
លោក ឈាង វុន បានបង្ហាញនូវការហួសចិត្តយ៉ាងដូច្នេះថា៖ «អស្ចារ្យផ្សាយស្រាបៀរ។ (…) ខ្ញុំអង្គុយ១០នាទីនៅមុខទូរទស្សន៍មួយ ផ្សាយស្រាហ្នឹងមិនតិចជាង៨នាទីទេ។ កម្មវិធី១០នាទី ផ្សាយស្រាប្រហែល៨នាទី ខ្ញុំអង្គុយវាស់ ស្រាហ្នឹង៨នាទី ធ្ងន់ធ្ងរមែនទែន។ (…) ខ្ញុំយល់ហើយ នេះជាចំណូលរបស់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែចំណូលរបស់យើង ឲ្យគិតពីសេចក្តីស្លាប់របស់អ្នកផ្សេង។»។
សូមទស្សនាវីដេអូឃ្លីបដូចខាងក្រោម៖
(វីដេអូ នឹងមកដល់ក្នុងពេលបន្តិចទៀត)
សូមរំលឹកថា ជាមួយនឹងការលើកឡើងខាងលើនេះ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមក ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ មកពីគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានលើកបញ្ហានេះទៅកាន់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែរ។ ក្នុងកិច្ចប្រជុំសាកសួរដោយបិទទ្វារនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តល់ចម្លើយតបថា កុំឲ្យលោក យ៉ែម ប៉ុញ្ញាឬទ្ធិ គិតច្រើន និងកុំដាក់អារម្ភក្នុងរឿងនោះខ្លាំងពេក ហើយធ្វើចិត្ត និងបើកចិត្តឲ្យទូលាយជាងនេះបន្តិចទៅ។ លោកស្រីបញ្ជាក់ដូច្នេះថា៖ «ក្បាលខ្ញុំទេដែលសំខាន់ មិនមែននាឡិការ ឬរោមដៃ រោងជើងខ្ញុំ ឬខោអាវខ្ញុំទេ។»
ស្ព៉តពាណិជ្ជកម្ម«គ្រឿងស្រវឹង» ក៏ជាផ្នែកមួយដែលធ្វើឲ្យ«អត្រាអ្នកស្លាប់»ដោយសារគ្រោះ ថ្នាក់ចរាចរណ៍មានការកើនឡើងដែរ។ សមាជិករដ្ឋសភាមណ្ឌលបាត់ដំបងរូបនេះ បានប្រកាសជាផ្លូវការបែបនេះ បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោក«ថ្មី» បានរដ្ឋសភាជាតិអនុម័តចប់សព្វគ្រប់កាលពីថ្មីៗនេះ។ សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ បានធ្វើការផាកពិន័យជាប្រាក់ចាប់ពី៨សែនរៀល ដល់៤លានរៀល សម្រាប់អ្នកបើកបរដែលមានជាតិស្រវឹង។
វណ្ណ វិចិត្រ យុវជនមួយរូប ដែលចូលចិត្តគ្រឿងស្រវឹង បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សម្រាប់លោកផ្ទាល់ច្រើនតែទទួលទានសុរាទាំងនេះ នៅពេលមានកម្មវិធីជួបជុំមិត្តភ័ក្រម្តងម្កាលប៉ុណ្ណោះ។ រីឯការផ្សាយពាណិជ្ជកម្មស្រាបៀរវិញ លោករិះគន់ថាដូចជា ជ្រុលបន្តិច ហើយមិនសមផង។ យកល្អក្រសួងព័ត៌មាន គួតែបញ្ចប់រឿងផ្សាយពាណិជ្ជកម្មស្រា ឬស្រាបៀរនេះ តាមបណ្តាញផ្សព្វផ្សាយតទៅទៀត ពិសេសទូរទស្សន៍តែម្តង។
យុវជន វណ្ណ វិចិត្រ បានថ្លែងថា៖ «ខ្ញុំឃើញស្ព៉តពាណិជ្ជកម្មស្រា ឬបៀរមួយចំនួន ធ្វើឡើងមិនសមនឹងទទួលយកបានឡើយ។ ដូចជាស្ព៉ត កាន់ដបស្រាផឹក បែរជាអាចហោះបាន ហើយហោះកាត់"វាំង" កាត់"វិមាន"ឯករាជ្យជាដើម។ (…) ស្ព៉តស្រាមួយទៀត ធ្វើមើលតែប្រទេសកម្ពុជាគ្មានភ្លើង ទាល់តែផឹកស្រាបៀរខ្លួននោះ ទើបមានភ្លើងបំភ្លឺទូទាំងប្រទេសកម្ពុជាឬ? មួយទៀតរាល់ពាណិជ្ជកម្មស្រា ឬបៀរទាំងអស់សុទ្ធតែមានរង្វាន់។ ខ្មែរក្រណាស់ឬ ទាល់តែផឹកស្រាបៀរច្រើនទទួលបានរង្វាន់ ទើបក្លាយជាអ្នកមាន? តើស្ព៉តអស់នេះ មានអ្វីជាការអប់រំល្អទៅ? តែខ្ញុំគិតថា វាជាការម៉ាក់ងាយដល់ប្រទេស និងប្រជាពលរដ្ឋកម្ពុជាទៅវិញទេ។»
ទស្សនាវដ្តី មិនអាចទំនាក់ទំនងជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មានបានទេ នាព្រឹកនេះ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល៕