«លំនៅ​ដ្ឋាន​របស់​ខ្ញុំ ជា​បច្ឆា​ដុត​ខ្មោច!»

ជីវៈភាពក្រីក្រ គឺជាបញ្ហាធំបំផុតនៅក្នុងសង្គម ដែលប្រជាពលរដ្ឋខ្មែរខ្លះ បានរស់នៅដោយមិនមានអាហារគ្រប់គ្រាន់ ខ្លះ​រស់​ដោយ​គ្មាន​ផ្ទះ​សំបែង។ ទាំងនេះជាជីវិតពិត របស់មនុស្សមួយចំនួន ដែលរស់នៅក្នុងបច្ឆាដុតខ្មោច អស់ជាច្រើនឆ្នាំ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១២ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 12, 2014
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រះរាជាណាចក្រទីពីរនេះ មាន​រឿង​ប្លែក​ចម្លែក​ជា​ច្រើន បាន​កើត​ឡើង។ គេ​​មិន​ចាំ​បាច់ ទៅ​មើល​ពលរដ្ឋ​ដែល​រស់​នៅ តំបន់​ទី​ដាច់​ស្រយ៉ាល​នោះ​ផង​ទេ ព្រោះ​បើ​សូម្បី​ពលរដ្ឋ​ជា​ច្រើន​នាក់ នៅ​កណ្ដាល​រាជធានី ក៏​មាន​ករណី​«ចម្លែក»​ដ៏​ច្រើន​សម្បូរ​ហូរ​ហៀរ នៅក្បែរនឹងចុងច្រមុះដែរ។ បើ​មាន​ពលរដ្ឋ​ខ្លះ រស់​នៅ​ជាប់​ជា​ប្រចាំ នៅ​លើ​ចិញ្ចើម​ខ្នល់ ឬ​ក្នុង​គេហដ្ឋាន​ដែល​លិច​លង់​នៅ​ក្នុង​ទឹក​ជំនន់ សឹង​តែ​ខួប​ប្រាំង​ខួប​វស្សា​នោះ តែ​នៅ​ពេល​នេះ ទស្សនាវដ្ដី​សូម​យក​ករណី​មួយ​ទៀត បញ្ជាក់​ថា ពលរដ្ឋ​ខ្លះ​ទៀត បាន​យក​ទី​បច្ឆា​ដុត​សាក​សព មក​ធ្វើ​ជា​លំនៅដ្ឋាន​របស់​ខ្លួន។

ទីបច្ឆាដុតសពនោះ ស្ថិត​ក្នុង​វត្ត នួន​មណ្នី​រាម ហៅ​វត្ត «ខណ្ឌ» ស្ថិត​នៅ​ភូមិ​អំពិល សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដែល​បាន​ក្លាយ​ជា​ជម្រក របស់​ពលរដ្ឋ​ប្រមាណ​ជា​ប្រាំពីរ​គ្រួសារ។ រស់​នៅ​ជា​មួយ​សភាព​ងងឹត​ក្នុង​បច្ឆា លោក​យាយ ស ឡៃ វ័យ​៦៦​ឆ្នាំ​បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ដំបូង​ឡើយ​ប្តី​លោក​យាយ ដែល​ជា​ប្រធាន​មន្ទីរ​ចិញ្ចិម​សត្វ​នៅ​ទី​នេះ បាន​រស់​នៅ​ជា​មួយ​គ្នា។ តែ​បន្ទាប់​ពី​ប្តី​លោក​យាយ មាន​ប្រពន្ធ​ថ្មី​បែក​គ្នា​ទៅ គាត់​ក៏​បន្ត​រស់​នៅ​មក​ដល់​សព្វ​ថ្ងៃ ជា​មួយ​កូន​ប្រុស​ពីរ​នាក់ និង​ស្រី​ម្នាក់។

ស្ត្រីវ័យចំណាស់ខាងលើ បានបន្ថែមទៀតថា គាត់រស់នៅក្នុងវត្ត ខណ្ឌ នេះតាំងពីមិនទាន់មាន​ព្រះសង្ឃ​មក​ម្លេះ មកដល់ពេលបច្ចុប្បន្ន ទើបមានព្រះសង្ឃ លោកយាយមិនបានចាំច្បាស់ថា ប៉ុន្មានឆ្នាំមកហើយទេ។

ហេតុផលដែលលោកយាយ និងគ្រួសារទាំងប្រាំពីរទៀត យកអតីតបច្ឆាដុតខ្មោចនេះជាផ្ទះ ដោយសារ មិន​មានលុយកាក់គ្រប់គ្រាន់ ដើម្បីជួលផ្ទះគេនៅ ព្រោះតែជីវភាពក្រពេក។ ស្រ្តីមេម៉ាយ ស ឡៃ បានបន្ថែមថា ពេលប្រជាពលរដ្ឋភូមិ អំពិល នេះ មានបុណ្យសព្វម្តងៗ គេយកទៅដុតនៅ នៅវត្តក្រពើហា ឬ វត្តចាក់អង្រែរ​ជំនួសវិញ។

ការរស់នៅដោយខុសទំនង ឬមានជម្រកហើយ តែគ្មានប្លង់កម្មសិទ្ធិច្បាស់ ងាយនឹងត្រូវបាន​អាជ្ញាធរ​ធ្វើការ​បណ្ដេញចេញណាស់។ រីឯការយកបច្ឆា ជាទីជម្រកនេះ ក៏ជៀសមិនផុតពីព្រឹត្តិការណ៍នេះដែរ។ លោកយាយ ស ឡៃ បានរំលឹកបន្ថែមទៀតថា កាលពីមុន ធ្លាប់មានអាជ្ញាធរគេដេញគាត់ម្តងដែរហើយ មានបំណងវាយ​កំទេច បច្ឆាដុតខ្មោចនេះចោល។ តែអ្នកជិតខាងស្រដីថា បើគេឲ្យគាត់ចេញនោះ ពួកគេនឹងរៃលុយគ្នា​សង់​ផ្ទះថ្មី ឲ្យក្រុមគ្រួសារលោកយាយរស់នៅ តែគាត់មិនព្រមចេញ ក៏នៅដល់សព្វថ្ងៃនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...