ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

បន្ទាប់ពីរាជធានីភ្នំពេញ បានទទួលរងនូវការលិចលង់ ព្រោះភ្លៀងពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ ទំព័រហ្វេសប៊ុកមួយ ដែល​គេ​ស្គាល់​ថា គ្រប់គ្រង់ដោយ (ឬអ្នកស្និតនឹង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា «យើង​សង្កេត​ឃើញ មាន​ទឹក​លិច​នៅ​តាម​ដង​ផ្លូវ និង​វិថី​មួយ​ចំនួន»។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០២​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 02, 2015
  • ប្រធានបទ: ទឹកលិច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនធម្មតាទេ ប្រសិនជានាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា បានដឹងពីករណីដ៏គ្រាំគ្រា នៃបណ្ដាអ្នក​រស់​នៅ ក្នុងរាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកចុះផ្សាយ នៅក្នុងទំព័រ«Samdech Hun Sen, Cambodian Prime Minister» ដែលតែងជំនួសមុខ ឲ្យលោក ហ៊ុន សែន ទើបតែ»សង្កេត»ឃើញ ពីករណីនេះ និងសង្កត់ធ្ងន់ តែ​ទៅ​លើ​ការ​«កក​ស្ទះចរាចរណ៍»ប៉ុណ្ណោះ។

នៅលើជញ្ជាំងទំព័រហ្វេសប៊ុកមួយនេះ មានដាក់បង្ហោះ នាព្រឹកថ្ងៃទី០២ ខែសីហានេះ នូវរូបថតមួយចំនួន ទាក់​ទងនឹងការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានី និងទិដ្ឋភាពនៃទឹកលិចវិថី ដ៏ល្ហាចល្ហិម ក្នុងរាជធានីភ្នំពេញ បន្ទាប់​ពី​ភ្លៀងធ្លាក់ពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ។ នៅអមនឹងរូបថតទាំងនេះ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានសរសេរថា «ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ជាទ្រង់ទ្រាយធំ តាំងពីម្សិលមិញ គឺយើង​សង្កេត​ឃើញ មាន​ទឹកលិចនៅតាមដងផ្លូវ (...) បណ្តាលឲ្យកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង»។

បន្ទាប់មក ទំព័រនេះ បានសរសេរថា «ទន្ទឹមនឹងនោះ» ក៏មានផ្ទះប្រជាពលរដ្ឋ«មួយចំនួន» បានរងគ្រោះ ដោយ​សារទឹកលិចចូល ក្នុងផ្ទះ«ផងដែរ» មុននឹងទំព័រដដែល បានសរសេរសម្ដែង ការ«សោកស្តាយ» ដល់ប្រជា​ពលរដ្ឋរងគ្រោះទាំងអស់។ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានបន្ថែមទៀតថា៖ «សូមប្រជាពលរដ្ឋយោគយល់ នឹងចូលរួមទាំងអស់គ្នា។ ដូចយើងបានឃើញ ស្រាប់ហើយ គឺសាលាក្រុង​កំពុង​រៀបចំ ដាក់ប្រព័ន្ឋលូធំថ្មី ដើម្បីបញ្ចៀសគ្រោះទឹកជំនន់ ក្នុងទីក្រុងអោយបានឆាប់រហ័ស។»

តាមពិតទៅ បញ្ហានៃការ«សុំយោគយល់»នេះ មិនមែនជារឿងថ្មីទេ ហើយក្នុងនាម ជាថ្នាក់ដឹកនាំប្រទេស ក៏​មិនត្រូវនិយាយបញ្ហានេះ ពីរដងដែរ។ លោក ហ៊ុន ហែន កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ ធ្លាប់បានថ្លែង​ម្ដង​ហើយ ពីការសុំឲ្យប្រជា​ពលរដ្ឋ រស់​នៅក្នុងរាជ​ធានីភ្នំពេញ មានការយោគយល់ និង​អធ្យាស្រ័យ ​ចំពោះ​ទឹក​លិច​ក្នុងរាជធានីភ្នំពេញ ដ៏ធ្ងន់ធ្ងរ នាពេលនោះ។ លោក ហ៊ុន សែន បានថ្លែងផ្ទាល់មាត់ ពីមជ្ឈមណ្ឌល​កោះ​ពេជ្រ ថា​អាជ្ញាធរ កំពុង​មាន​វិធាន​ការ ​ដើម្បី«​បូមទឹក»​ចេញពី​រាជធានី​ភ្នំពេ​ញ កុំឲ្យមាន​ទឹកលិច​ខ្លាំង ​នៅពេល​ភ្លៀង​ធ្លាក់ តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​លូ។

និយាយទៅ គេពិបាកយល់ដែរ ព្រោះមិនដឹងថា តើការធ្វើប្រព័ន្ធ ត្រូវការរយៈពេលប៉ុន្មាន ទើបពីពេលនោះ មកដល់ថ្ងៃនេះ រាជធានីភ្នំពេញនៅតែរងគ្រោះ នឹងទឹកលិចដោយទឹកភ្លៀង ដដែលជាដដែលនោះ (កាន់​តែ​ឆាប់លិចជាងមុនផង)? ហើយពេលនេះទៀតសោធ ពលរដ្ឋរាប់សិបម៉ឺនសែននាក់ ក្នុងរាជធានី កំពុងរង់​ចាំ​ក្នុងថ្ងៃនេះ និងថ្ងៃស្អែក ថាភ្លៀងនឹងបង្អុរមកទៀត ហើយផ្ទះសម្បែងរបស់ខ្លួន នឹងត្រូវលិចលង់ជាបន្តទៀត ជាពុំខាន។

តើនេះមកពីហេតុអ្វី? បន្ទាប់ពីបានអាន ការសរសេរនៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ខាងលើនេះ អ្នក​ប្រើប្រាស់បណ្ដាញសង្គមម្នាក់ បានលាន់មាត់ថា៖ «អ៎ូ ពួកមេដឹកនាំអស់នេះ គិតតែពីនាំគ្នា"សង្កេត" ប៉ុណ្ណោះ។ ហើយមួយវិញទៀត ពួកមេដឹកនាំចាស់វស្សា ដែលមានផ្ទះវិឡាធំៗទាំងនេះ មិនដែលគិត និងយល់ថា តើ​ទឹក​ជន់ចូលក្នុងផ្ទះខ្លួន មានភាពលំបាកវេទនាយ៉ាងណាទេ។» តែបើអ្នកគាំទ្រលោក ហ៊ុន សែន បានឮការរិះគន់​ដ៏វែងឆ្ងាយនេះ គេនឹងឮពាក្យសម្ដីនេះ ត្រឡប់មកវិញថា៖ «កាលពីសម័យប៉ុលពត មានតែបាតដៃទទេផង ឥឡូវចង់​បាន​អ្វី?»៕


» សូមទស្សនា ការថ្លែងរបស់លោក ហ៊ុន សែន សុំឲ្យពលរដ្ឋយោគយល់នេះឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...