អេង ឆៃអ៊ាង និយាយ​ពី​រឿង​ប្លែកៗ ករណី​ចាប់​ខ្លួន ញឹក ប៊ុនឆៃ

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានប្រតិកម្មដោយប្រយោល ទៅនឹងការចាប់ចាប់ខ្លួន លោក ញឹក ប៊ុនឆៃ នៅរសៀលថ្ងៃនេះ នៅក្នុងសំនុំរឿងមួយ ដែលបានកើតឡើង តាំងពីឆ្នាំ២០០៧ និងបន្ទាប់ពីដំណឹង​បែកធ្លាយ ថាលោក ញឹក ប៊ុនឆៃ បានទូរស័ព្ទទាក់ទងគណបក្សប្រឆាំង កាលពីមុនការបោះឆ្នោត ឃុំ-សង្កាត់ ខែមិថុនាកន្លងទៅនេះ។ លោក ឆៃអ៊ាង បានហៅហេតុការណ៍នេះ ថាជា«រឿងប្លែកៗ នៅស្រុកខ្ញុំ»។
អេង ឆៃអ៊ាង និយាយ​ពី​រឿង​ប្លែកៗ ករណី​ចាប់​ខ្លួន ញឹក ប៊ុនឆៃ
ខាងមុខពីឆ្វេងមកស្ដាំ៖ លោក ញឹក ប៊ុនឆៃ និងលោក ហ៊ុន សែន។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 03, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងដែលបង្កការភ្ញាក់ផ្អើល នៅរសៀលថ្ងៃព្រហស្បត្តិ៍ទី ៣ ខែសីហានេះ គឺការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ អតីតឧត្ដមសេនីយ៍​យោធា មកពីគណបក្សរាជនិយក ហ្វុនស៊ិនប៉ិច និងបច្ចុប្បន្ន ជាប្រធាន​គណបក្សរួបរួមជាតិ។ លោក ញឹក ប៊ុនឆៃ ដែលទើបត្រូវបានដកហូតតំណែង ពីទីប្រឹក្សារដ្ឋាភិបាល (មានថានៈស្មើឧបនាយករដ្ឋមន្ត្រី) ត្រូវបានឃាត់ខ្លួន នៅក្នុងសំនុំរឿង«ផលិតគ្រឿងញៀន»​មួយ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានកើតឡើង តាំងពីឆ្នាំ២០០៧ និងកំពុងត្រូវបានសាកសួរ នៅក្នុងស្នងការរាជធានីភ្នំពេញ។

ការចាប់ខ្លួននេះ បានទទួលប្រតិកម្មដំបូងបំផុត ពីលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយបានហៅរឿងរ៉ាវ ដែលកើតឡើង ក្នុងរយៈពេល២ខែចុងក្រោយ ទៅលើលោក ញឹក ប៊ុនឆៃ ថាជារឿងដ៏ចម្លែក។ មេដឹកនាំ​គណបក្សប្រឆាំងរូបនេះ ដែលជាមនុស្សស្និត នឹងអតីតប្រធានគណបក្ស លោក សម រង្ស៊ី នោះ បានសរសេរ នៅលើគណនេយ្យ​ហ្វេសប៊ុក របស់លោក ពន្យល់ឡើងពីរចំណុចថា៖

«- កាលពីថ្ងៃទី៣ ខែមិថុនា ២០១៧ [លោក ញឹក ប៊ុនឆៃ] ត្រូវសង្ស័យថាក្បត់សម្ព័ន្ធ [ភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា] ដោយសារ[បាន]ទូរស័ព្ទមកខ្ញុំ ហើយត្រូវបានដកតំណែង [ពី]ទីប្រឹក្សារាជរដ្ឋាភិបាល។»

«- ថ្ងៃទី៣/០៨/២០១៧ [លោក ញឹក ប៊ុនឆៃ] ត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន កាលពីឆ្នាំ២០១២។»

លោក អេង ឆៃអ៊ាង បានលើកឡើងថា៖ «ចេះតែមានរឿងប្លែកៗ នៅស្រុកខ្ញុំ»។

រឿងរ៉ាវកើតឡើងតាំងពី១០ឆ្នាំមុន...

ការឃាត់-នាំខ្លួនលោក ញឹក ប៊ុនឆៃ ត្រូវបានមន្ត្រីនគរបាលអះអាង ថាបានធ្វើឡើង នៅក្នុងសំណុំរឿងខាងលើ ដែលកើតឡើង នៅឆ្នាំ​២០១២។ តែបើតាមដីការឲ្យឃាត់-នាំខ្លួន ចេញដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងនេះ កើតឡើង​តាំងពីឆ្នាំ២០០៧មកម្លេះ ពោលគឺអស់រយៈពេល១០ឆ្នាំ មកហើយ។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ តាមការទូលស្នើ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះ​មហា​ក្សត្រកម្ពុជា ​បាន​ឡាយ​ព្រះហស្ត​លេខា​ លើ​ព្រះរាជ​ក្រឹត្យ ដកតំណែង​លោក ញឹក ប៊ុនឆៃ ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ​ដែល​មាន​ឋានៈ​ស្មើ​ឧប​នាយក​រដ្ឋ​មន្ត្រី។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានពន្យល់ពីការដកតំណែងនេះ ថាលោក ញឹក ប៊ុនឆៃ បានក្បត់សម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា ទៅចាប់ដៃជើង ជាមួយគណបក្សប្រឆាំង។

នៅពេលនោះ លោក អេង ឆៃអ៊ាង បានចេញមកអះអាងថា លោក ញឹក ប៊ុនឆៃ បានទូរស័ព្ទ​មកលោក កាលពី​មុន​ការ​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ជុំវិញ​ការ​ស្នើ​​ឲ្យ​​អ្នក​គាំទ្រ​ របស់​គណបក្ស​ខ្មែរ​រួបរួមជាតិ​ បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​ឃុំ​ដែល​​​គណបក្ស​​​ខ្មែរ​រួបរួម​​ជាតិ​ មិន​មាន​លទ្ធភាព​ ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ។

តែការលើកឡើងនោះ ត្រូវបាន​លោក​ ញឹក ប៊ុនឆៃ បដិសេធថា ជាការភ័ន្ដច្រឡំ។

យ៉ាងណាក៏ដោយ ក៏តាំងពីពេលនោះមក ​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ជាច្រើន​នាក់​​ បាត់បង់​តំណែង ​ពី​ក្នុង​ជួរ​រដ្ឋាភិបាល ហើយប្រព័ន្ធផ្ទៃ​ក្នុង ​របស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ បាន​រង្គោះ​រង្គើរ ដោយ​សមាជិក​គណបក្ស​មួយ​ចំនួន ​បាន​ចាក​ចេញ​​ទៅ​ចុះ​ចូល ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​ហ្វុនស៊ីនប៉ិច។

សម្រាប់អ្នកវិភាគនយោបាយវិញ បានយល់ថា ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ នៅពេលនេះ ជាសារព្រមានមួយ ទៅកាន់មន្ត្រីផ្សេងទៀត ដែលមានបំណង ចង់ផ្ដាច់ខ្លួន ពីគណបក្សកាន់អំណាច​ ទៅចូលរួមជាមួយគណបក្សប្រឆាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...