អូសតំណាងរាស្ត្រពីររូបចេញពីឡាន មកទាត់ធាក់រហូតបែកឈាម
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៦ តុលា ២០១៥
- កែប្រែចុងក្រោយ: October 26, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីចេញ ពីប្រជុំនៅរដ្ឋសភា លោក គង់ សភា តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមបាតុករច្រើននាក់ វាយដំទាត់ធាក់ រហូតរងរបួសជាទំងន់។
តាមរូបភាពជាវីដេអូ ដែលថតដោយអ្នកសារព័ត៌មាន នៅនឹងកន្លែងកើតហេតុ បានបង្ហាញថា ក្រុមបាតុករបាន បើកទ្វារថយន្ត ហើយចូលទៅចាប់អូល អ្នកតំណាងរាស្ត្រម្នាក់ ពីក្នុងចំណោមអ្នកទាំងពីរ ទម្លាក់ពីក្នុងរថយន្ត ហើយបាននាំគ្នាព្រួតវាយ យ៉ាងចាស់ដៃ។ ហេតុការណ៍បានកើតឡើង បន្ទាប់ពីអ្នកតំណាងរាស្ត្រទាំងពីររូប បានជិះរថយន្ដចេញ មកដល់មាត់របងច្រកចេញ នៃរដ្ឋសភាជាតិ នាវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលានេះ។
លោក ញ៉យ ចំរើន បានរងគ្រោះរហូតដល់សន្លប់ ដេកដួលនៅលើថ្នល់ ដោយគ្មានក្រុមមន្ត្រីសមត្ថកិច្ចណាម្នាក់ បានចូលជួយអន្តរាគមន៍ឡើយ ខណៈក្រុមបាតុករដៃដល់ បានរត់គេចខ្លួនអស់ ដោយសុវត្ថិភាព។
បន្ទាប់ពីហេតុការណ៍នេះ អ្នកតំណាងរាស្ត្រទាំងពីររូប ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងទីស្នាក់ការកណ្ដាល នៃគណបក្សសង្គ្រោះជាតិ។
លោក ហ៊ូ វ៉ាន់ អ្នកតំណាងរាស្ត្រភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ មិនបានឆ្លើយ នឹងការសាកសួរលំអិត របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទេ ដោយបានលើកហេតុផល ថារវល់។ រហូតមកទល់ នឹងម៉ោង២រសៀល ថ្ងៃទី២៦ ខែតុលានេះ ទស្សនាវដ្តី ក៏មិនអាចសុំការបញ្ជាក់ករណីនេះ ពីលោក វ៉ាត ម៉ានី លោក ប្រាក់ ហាក់ និងលោក ទិត្យ ត្រៃវេទ ដែល ជាតំណាងបាតុករ ចុះហត្ថលេខាក្នុង«ញត្តិស្នើសុំ»ទម្លាក់លោក កឹម សុខា ពីតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភានោះដែរ ដោយគ្មានអ្នកទទួលទូរសព័្ទ និងមិនអាចភ្ជាប់ទំនាក់ទំនងបាន។
ទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកយករូបថតប៉ុន្មានសន្លឹក ទាក់ទងនឹងករណីនេះ មកបង្ហោះ ប៉ុន្តែបានលប់ចេញទៅវិញ នៅបន្តិចក្រោយមក។ អមនឹងរូបថតនោះ មានសរសេរថា៖ «នៅម៉ោងប្រមាណ១២ និង៣០នាទី ថ្ងៃនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានក្រុមបាតុករ របស់គណបក្សប្រជាជនកម្ពុជា ព្រួតគ្នាវាយយ៉ាងដំណំ នៅមុខមន្ទីររដ្ឋសភាធ្វើឲ្យរងរបួស ខូចខាតរថយន្ត និងបាត់សម្ភាមួយចំនួនទៀត ក្នុងរថយន្ត បន្ទាប់ពីពួកគាត់ចេញពីប្រជុំ។»៕