ផៃ ស៊ីផាន៖ ចង់ទម្លាក់ ហ៊ុន សែន ចេញពីអំណាច មាន«ពីរទិដ្ឋភាព»
«ហ៊ុន សែន ចុះចេញទៅ ហ៊ុន សែនចុះចេញទៅ។ ហ៊ុន សែន ស្អែកវិចបង្វិចចេញទៅ» នេះជាសម្រែកទាមទាររបស់ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីដែលបានចូលរួមជួបជុំសម្តែងមតិ បង្ហាញពីទុក្ខលំបាករបស់ខ្លួន ក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ នៅមុខ អង្គគរហ្យូងយូរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១០ខែធ្នូកន្លងទៅ។ ជាសម្រែកទាមទារ ដែលទទួលស្គាល់ដោយមន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន។ តែមន្ត្រីរូបនេះ បានហៅការទាមទារនោះថា «បានហួសពីអាណត្តិនៃច្បាប់»។
សកម្មភាពឈូសផ្ទះប្រជាជន កាលពីខែមីនា ឆ្នាំ២០១៣ នៅភូមិចំរាំង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ (រូបថតអង្គការបណ្ដាញដីធ្លី)
បញ្ហាដីធ្លី - ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា មានចំនួនមិនតិចជាងមួយម៉ឺននាក់ ដែលបានចូលរួមក្នុងទិវាសិទ្ធិមនុស្ស១០ ធ្នូ នៅទីក្រុងសៀមរាប ខេត្តសៀមរាប រៀបចំឡើងដោយគណបក្សសង្រ្គោះជាតិ ហើយបានសម្តែងការមិនពេញចិត្ត ចំពោះការគ្រប់គ្រងប្រទេសជាង ៣០ឆ្នាំ របស់នាយករដ្ឋមន្រ្តីចាស់វស្សា លោកហ៊ុន សែន។ ពួកគាត់បានលើកឡើង ពីការឈឺចាប់ពិបាករស់នៅ ដោយហេតុថាបញ្ហាដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានមន្រ្តីមានអំណាចមួយចំនួនឈូសឆាយ នឹងរឹបអូសយក។
អ៊ំប្រុស អេម អាន បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា លោកអ៊ំចង់ឲ្យមានការប្តូរនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញ។ លោកបានបង្ហាញថា៖ «អ្នកដឹកនាំឥលូវពុករលួយ គាបសង្កត់អ្នកក្រីក្រ» ហើយលោកអ៊ំចង់រើសអ្នកដឹកនាំថ្មី។
រីឯ អ៊ំប្រុស ជា ជឿន មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងអ៊ំស្រី ឈុយ សុខន រស់នៅក្នុងស្រុកមួយទៀត ឆ្ងាយពីខេត្តសៀមរាប ក៏មានយោបល់មិនខុសគ្នាប៉ុន្មានដែរថា ពួកគាត់ចង់ប្តូរឲ្យមានថ្នាក់ដឹកនាំថ្មី ដោយហេតុថា បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពផ្សងព្រេង ដីធ្លី ផ្ទះសម្បែងរបស់ខ្លួនដែលកំពុងរស់នៅ និងកាន់កាប់មិនដឹងថ្ងៃណាគេដកយកនោះទេ ព្រមទាំងមានកការរំលោភសិទ្ធិប្រជាពលរដ្ឋស្ទើគ្រប់រូបភាព។
ដោយឡែកអ៊ំប្រុសឈ្មោះ លាម លុន មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏បានសង្កត់ធ្ងន់ថា លើសពីនេះអាជ្ញាធរមិនដែលបានធ្វើអន្តរាគមន៍ ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលរងគ្រោះទាំងនោះទេ ដោយបាននិយាយថា ជាដីររបស់រដ្ឋ។
តែរាល់ការទាមទាររបស់ប្រជាពលរដ្ឋ ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនលាលែងពីតំណែងនេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ទុកថា៖ «នេះជាសិទ្ធិនៃការទាមទារ»។ នៅក្នុងកិច្ចសម្ភាសន៍ខ្លីមួយ ជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣នេះ លោកបានហៅការទាមទារទាំងនោះថា «វាមិនឋិតនៅក្នុងអ្វី ដែលជាអាណត្តិនៃច្បាប់»។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោក ហ៊ុន សែន រូបនេះ បានពន្យល់បន្ថែមទៀតថា ការទាមទារទម្លាក់លោកនាយករដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាលបានមាន ពីរទិដ្ឋភាព។ ទិដ្ឋភាពស្របច្បាប់ទីមួយ គឺតាមរយៈ«ការបោះឆ្នោត» ដែលអាចទម្លាក់ បញ្ឍប់ ឬបន្តការងារនាយករដ្ឋមន្រ្តី តាមរយៈការបោះឆ្នោតជាសាកល។ ទិដ្ឋភាពទីពីរ អ្នកដែលអាចទម្លាក់នាយករដ្ឋមន្រ្តីបាន គឺមានតែ «សភា» ដែលជាស្ថាប័នតែមួយ មានសិទ្ធិដកសេចក្តីទុកចិត្ត ពីនាយករដ្ឋមន្រ្តី៕
-------------------------------------------
ដោយ៖ ក. គីមហេង - ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ