សង្គម​ស៊ីវិល​ទាមទារ ឲ្យ​មន្រ្តី​រាជការ​មាន​សហជីព​ដូច​វិស័យ​ឯកជន

ខណៈទិវាសិទ្ធិមនុស្សអន្តរជាតិ កំពុងប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង លាយឡំជាមួយនឹងរូបភាពនយោបាយផងនោះ អង្គការសង្គមស៊ីវិល ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមន្រ្តីរាជការបង្កើតសហជីព ដូចសហជីពក្នុង​វិស័យ​ឯកជន ដើម្បីឲ្យមន្រ្តីរាជការមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ា និងលើកឡើងពីបញ្ហាក្នុង​ការងារ​សាធារណៈរបស់​ពួកគេ។ ការទាមទារនេះ បានធ្វើឡើង ខណៈស្ថានភាពមន្រ្តីរាជការបច្ចុប្បន្ន ក៏ត្រូវបានគេដឹងថា មានករណីរំលោភ​សិទ្ធិការងារ ប្រហាក់ប្រហែលវិស័យឯកជនដែរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈទិវាសិទ្ធិមនុស្សអន្តរជាតិ កំពុងប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង លាយឡំជាមួយនឹងរូបភាពនយោបាយផងនោះ អង្គការសង្គមស៊ីវិល ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមន្រ្តីរាជការបង្កើតសហជីព ដូចសហជីពក្នុង​វិស័យ​ឯកជន ដើម្បីឲ្យមន្រ្តីរាជការមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ា និងលើកឡើងពីបញ្ហាក្នុង​ការងារ​សាធារណៈរបស់​ពួកគេ។ ការទាមទារនេះ បានធ្វើឡើង ខណៈស្ថានភាពមន្រ្តីរាជការបច្ចុប្បន្ន ក៏ត្រូវបានគេដឹងថា មានករណីរំលោភ​សិទ្ធិការងារ ប្រហាក់ប្រហែលវិស័យឯកជនដែរ។


លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។ (រូបថត ផ្ដិតចេញពី rfi.fr)

សិទ្ធិការងារ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ ដែលជាអ្នកទាមទារ ឲ្យមានការបង្កើតសហជីពសម្រាប់មន្រ្តីរាជការនេះ បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ​នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣នេះថា កម្មករ-កម្មការនីក្នុងវិស័យឯកជន​ មានសិទ្ធិបង្កើតសហជីព​ក្នុងការទាមទារ និងលើកឡើងពីបញ្ហារបស់ពួកគេក្នុងវិស័យការងារឯកជន។ ដូច្នេះមន្រ្តីរាជការកម្ពុជា ក៏ត្រូវមាន​សិទ្ធិបង្កើតសហជីពក្នុងការទាមទារ និងលើកឡើងពីបញ្ហារបស់ពូកគេក្នុងវិស័យការងារសាធារណៈផងដែរ ព្រោះ​ពួកគេ (មន្រ្តីរាជការ និងកម្មករ-កម្មការនី) តែងតែមានបញ្ហា និងការរំលោភសិទ្ធិការងារ​ ក្នុងស្ថាប័នរបស់ពួកគេ​ដូច​គ្នា។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យដដែលនេះបន្តថា លើកលែងកងកម្លាំងប្រដាប់អាវុធ តែសម្រាប់មន្រ្តីរាជការ ត្រូវមានសិទ្ធិបង្កើតសហជីព ដើម្បីការពារផលប្រយោជន៍របស់ពួកគេ ពីការរំលោភបំពានឬគំនាបណាមួយ។ ជា​មួយ​គ្នានេះ មានប្រទេសភាគច្រើននៅជុំវិញពិភពលោក បានបង្កើតសហជីពសម្រាប់មន្រ្តីរាជការរួចទៅហើយ។ ដោយ​ឡែក​កម្ពុជានៅតែមិនទាន់បង្កើតសហជីពនេះនៅឡើយ ខណៈកម្ពុជាក៏បានផ្តល់សច្ចាប័នដល់អនុសញ្ញា របស់​អង្គការ​ពលកម្មអន្តរជាតិ (ILO) ស្តីពីសិទ្ធិការងារ និងសិទ្ធិមន្រ្តីរាជការក្នុងបង្កើតសហជីពផងដែរ។ លោក អាត់ ធន់ បញ្ជាក់ថា៖ «យើងបានទាមទារច្រើនឆ្នាំមកហើយ តែរដ្ឋាភិបាលមិនឆ្លើយយ៉ាងម៉េច (...) តែបើសហជីពបង្កើតបាន មន្រ្តីរាជការនឹងមានសិទ្ធិលើកឡើងពីបញ្ហារបស់ពួកគេនៅក្នុងស្ថាប័នការងារ ទាក់ទងនឹងប្រាក់បៀវត្យន៍ លក្ខខណ្ឌ​ការងារ ការឡើងតំណែងដោយមិនមានការរើសអើង ឬការប្រកាន់បក្សពួកជាដើម»។

ជុំវិញបញ្ហានេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងតំណាងរដ្ឋាភិបាល ដើម្បីសុំអត្ថាធិប្បាយបាននៅ​ឡើយ។ តែបើយោងលើលោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានពន្យល់ថា សហជីព​អាច​មានសិទ្ធិទូលំទូលាយជាងសមាគម ព្រោះសហជីពមានអាទិភាពក្នុងការចរចា និងការសរសេរអនុសញ្ញារួមជាដើម។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដដែលនេះ បន្តថា បើមន្រ្តីរាជការមានការវិវឌ្ឍន៍​ពីការបង្កើតសមាគម​ឈានទៅបង្កើតសហជីព វាប្រាកដណាស់មន្រ្តីរាជការប្រាកដជាមានសិទ្ធិទូលំទូលាយជាងបច្ចុប្បន្ន។ លោក រ៉ុង ឈុន អះអាងថា សហជីពសម្រាប់មន្រ្តីរាជការអាចនឹងលិចចេញជារូបរៀង បើរដ្ឋាភិបាលមានឆន្ទះពិតប្រាកដ ព្រោះ​បញ្ហានេះខាងភាគីអន្តរជាតិ ក្រោយការស្នើសុំពីភាគីសង្គមស៊ីវិលកម្ពុជា បាននឹងកំពុងពិចារណាសហការ និង​ជំរុញ​រដ្ឋាភិបាលកម្ពុជា ឲ្យមានការបង្កើតសហជីពសម្រាប់មន្រ្តីរាជការក្នុងពេលខាងមុខនេះ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...