មានគេចង់ធ្វើឃាត មួរ សុខហួរ និងរ៉ុង ឈុន ក្នុងវេទិកាសម្តែងមតិ?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាលគ្នានឹងតំណាងគ្រូបង្រៀន មកពីខេត្តកំពង់ស្ពឺកំពុងឡើងថ្លែងពីការកង្វល់ ក្តីលំបាករបស់គ្រូៗនៅទូទាំងខេត្ត និងការចាប់អារម្មណ៍របស់អ្នកសារព័ត៌មាននៃការឡើងថ្លៃងនោះ ស្រាប់តែនៅមិនឆ្ងាយពីទីនេះប្រហែលជាប្រាំម៉ែត្រ សម្រែកមួយដ៏ខ្លាំងបានស្រែកឡើងថា «កាំភ្លើងៗ។ មានគេយកកាំភ្លើងចូលជួយចាប់ ជួយដកកាំភ្លើង!»។ គឺជាសម្រែករបស់អ្នកដែលនៅក្បែរនោះ នៅពេលដែលខ្លួនបានឃើញ ជនសង្ស័យមានអាវុធខ្លីជាប់នៅនឹងខ្លួន។
បុរសជាជនសង្ស័យ អង្គុយបាក់លោម នៅផ្ទាលដី បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - បុរសម្នាក់ដែលជាជនសង្ស័យ ដែលត្រូវបានគេប្រទះឃើញកំពុងតែ«ដក»អាវុធប្រភេទខ្លី ហាក់ដូចជាមានចេតនា ឬគោលបំណងជាក់លាក់អ្វីមួយ ត្រូវបានក្រុមពលរដ្ឋអ្នកចូលរួម នៅទីលានប្រជាធិបតេយ្យចោមព័ទ្ធចាប់ និងដកហូតបាននូវអាវុធខ្លីមួយដើមជាភស្តុតាង។ ហេតុការណ៍នេះ បានកើតឡើងនៅទីលានប្រជាធិបតេយ្យ ក្នុងពីធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ដែលដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនឯករាជ្យ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣។
បុរសម្នាក់នេះមានកាន់កាតជាអ្នកសារព័ត៌មាន ធ្វើឲ្យគេហទំព័រមួយឈ្មោះ មង្គលរិទ្ធិអ៊ីម្សផត និងអិច្សផត ខូអិលធីឌី ពាក់ជាប់នឹងខ្លួនផង ដែលតាមរយៈប័ណ្ណអ្នកសារព័ត៌មាននេះ បានឲ្យគេស្គាល់ថា បុរសនេះឈ្មោះ ដឹង ជឿន។
មុនពេលកើតហេតុនេះ គេឃើញវត្តមានលោកស្រីមួរ សុខហួរ ដែលឃ្លាតចំងាយប្រមាណជាង៣ម៉ែត្រពីលោក សុន ឆ័យ និងចំងាយជាង៥ម៉ែត្រពីវេទិការ នៃអ្នកឡើងសម្តែងមតិ។ បុរសវ័យចំណាស់ម្នាក់អាយុប្រហែលជាង៥០ឆ្នាំ ដែលមិនបានប្រាប់ឈ្មោះ (ទំនងជាគាត់មិនចង់ធ្វើសាក្សី) បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា លោកកំពុងមានវត្តមាននៅជិតនឹងលោកស្រីមួរ សុខហួរ ពេលនោះស្រាប់តែឃើញបុរស ដែលជាជនសង្ស័យរូបនេះ បានលូកដៃទាញកាំភ្លើងខ្លីមួយដើមចេញមក។ លោកបន្តរថា លោកបានស្រែកយ៉ាងខ្លាំងៗឲ្យ ជួយចាប់ជនសង្ស័យដែលមានកាំភ្លើងនោះ។ សម្រាប់រូបលោក ដែលបានឃើញពីសកម្មភាពនោះ បានធ្វើបញ្ជាក់ថា «ជនសង្ស័យនេះ មានចេតនាសំដៅទៅលើលោកស្រីមួរ សុខហួរ និងលោក រ៉ុង ឈុន។»
ក្រោយពីព្រឹត្តិការណ៍ប្រតាយប្រតប់ ប្រទាញប្រទង់ និងការឡោមព័ទ្ធនៃអ្នកចូលរួម ជាមួយនឹងកំហឹងលើជនសង្ស័យ ដែលយកអាវុធចូលក្នងវេទិការនោះ ក៏បានបង្កឲ្យមានការប៉ះទង្គិចគ្នា រហូតធ្វើឲ្យជនសង្ស័យនោះត្រូវរបួសយ៉ាងដំណំ និងថែមជាមួយនឹងការឡោមព័ទ្ធ នៃអ្នកសារព័ត៌មានក្នុងការផ្តិតយករូបភាព និងព័ត៌មាននោះ ជនសង្ស័យដែលកំពុងតែទ្រមខ្លួន ស្ទើតែរកខ្យល់ដកដង្ហើមគ្មានបាននិយាយ ទាំងស្រែកយំថា «ខ្ញុំមិនមានធ្វើអ្វីខុសនោះទេ ខ្ញុំទើបតែនឹងមកហើយចូលថតយករូបភាពតែប៉ុណ្ណោះ ខ្ញុំមិនបានធ្វើអ្វីខុសទេ គេចោទប្រកាន់ខ្ញុំ។ សូមអគុណដល់ សមត្ថកិច្ចដែលបានជួយខ្ញុំ (…)»។ និយាយបានត្រឹមនេះ កម្លាំងប៉ូលីសក៏បានដឹកជននោះ ដោយម៉ូតូចេញបាត់ទៅ គ្រាន់តែបញ្ចាក់ថាយកទៅមន្ទីរពេទ្យ។
ពាក្យបណ្ដឹងនៅផ្ទាល់កន្លែងរបស់លោក សុន ឆៃ
អាវុធខ្លី (មិនស្គាល់ម៉ាក) ត្រូវបានលោកសុន ឆ័យ និងលោកស្រីមួសុខហួរ ដកហូត និងបានប្រគល់ទៅឲ្យព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិទ្ធិ នៅនឹងទីលានប្រជាធិបតេយ្យផ្ទាល់តែម្តង។ មុននឹងទទួលយកអាវុធនេះ លោកព្រះរាជអាជ្ញារងរូបនេះ បានសួររកអ្នកដែលបានដកហូតអាវុធនោះ ពីជនសង្ស័យដើម្បីយកទៅសារសួរ តែត្រូវបានលោកសុន ឆ័យ ឆ្លើយថា មិនចាំបាច់សួររកអ្នកដកហូតនោះទេ។ សម្ដីរបស់លោក សុន ឆៃ បានបង្កឲ្យព្រះរាជអាជ្ញាផ្ទុះកំហឹងឡើង ដោយចង្អុលមុខលោក សុន ឆ័យ និងបាននិយាយតបថា «ឯកឧត្តមនិយយាយខុសហើយ និយាយនេះមានន័យថា មើលងាយមន្រ្តីសាធារណៈរបស់រដ្ឋ»។
បន្ទាប់មកលោកស្រីមួរ សុខ ហួរក៏បាននិយាយកាត់ថា កាំភ្លើងនេះគ្មានអ្នកណាមួយដកហូតនោះទេ តែវាត្រូវបានជ្រុះដល់ដីរួចជាស្រេចទៅហើយ មុននឹងយកមក។ ឯលោក សុន ឆ័យ បានបន្តរថា «ខ្ញុំសុំប្តឹងពីបុគ្គលនេះ ត្រូវធ្វើការស្រាវជ្រាវ និងស៊ើបរកអ្នកបញ្ជាឲ្យឃើញ» ហើយព្រះរាជអាជ្ញាក៏ឆ្លើយត្រឡប់មកវិញដែរថា «ខ្ញុំនឹងស៊ើបអង្កេតជាបន្ទាន់»៕
សូមទស្សនាវីដេអូ ស្ដីពីព្រឹត្តិការណ៍នេះ ដូចតទៅ៖
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ថ្ងៃទី១៣ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ