ស្នូរសន្ធឹកយន្ដហោះ មានគ្រោះថ្នាក់ដល់សុខភាព?
មិនមាននរណាម្នាក់សប្បាយចិត្ត នឹងស្ដាប់ស្នូរសន្ធឹកយន្ដហោះ ដែលលាន់ចង់បែកអាកាសនោះទេ។ ប៉ុន្តែមិនមែនត្រឹមតែជារឿង ដែលធ្វើឲ្យក្ដៅក្រហាយនោះទេ ព្រោះបើតាមការសិក្សាមួយ នៅប្រទេសអង់គ្លេស បាននិយាយថា ស្នូរសន្ធឹកយន្ដហោះ បានបង្កើនហនិភ័យកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធសសៃឈាមខួរក្បាល និងបេះដូង ហើយអាចតម្រូវឲ្យអ្នកជម្ងឺ ត្រូវទៅស្នាក់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានករណីដល់ស្លាប់នោះទៀត។
ព្រលានយន្ដហោះ ហៀដ្សរ៉ូវ នៃទីក្រុងឡុងដ៍ នៅពេលយប់។ (រូបថត ឯកសារ MONOROOM.info)
ទីក្រុងប៉ារីស - នេះជាការសិក្សាស្រាវជ្រាវមួយ របស់ប្រទេសអង់គ្លេស ដែលបានធ្វើទៅលើព្រលានយន្ដហោះធំៗ ចំនួនប្រាំពីរនៅទ្វីបអ៊ឺរ៉ុប ប៉ុន្តែបានផ្ដោតសំខាន់ទៅលើ ប្រជាពលរដ្ឋចំនួនជាង ៣,៦លាននាក់ ដែលរស់នៅជុំវិញព្រលានយន្ដហោះ ហៀដ្សរ៉ូវ (Heathrow) នៃទីក្រុងឡុងដ៍។
អ្នកសិក្សាស្រាវជ្រាវមួយក្រុម នៃរាជបណ្ឌិតទីក្រុងឡុងដ៍ បានធ្វើសេចក្ដីប្រកាសដ៏រង្គៀសចិត្តមួយ ប៉ះពាល់ទៅដល់តំបន់ជុំវិញព្រលានយន្ដហោះដ៏ធំជាងគេរបស់ប្រទេស ដែលទទួលយន្ដហោះចេញចូល ច្រើនជាង៤៨០ពាន់ជើងហោះហើរ ក្នុងមួយឆ្នាំៗ។ ការចាប់អារម្មណ៍ដ៏សំខាន់ជាងគេ ពីសេចក្ដីប្រកាសនោះ គឺទំហំសម្លេងសន្ធឹកយន្ដហោះ ដែលរងទទួលដោយប្រជាពលរដ្ឋ អាចបង្កឲ្យមានបញ្ហាសុខភាពទៅដល់ពួកគាត់។
ពួកអ្នកសិក្សា បានធ្វើស្ថិតិទៅលើចំនួនអ្នកជម្ងឺ ដែលបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងបានស្លាប់ដោយមានទាក់ទងនឹងបញ្ហាថប់ដង្ហើម ជម្ងឺដាច់សរសៃឈាមខួរក្បាល និងជម្ងឺគាំងបេះដូង។ អ្វីដែលរកឃើញមិនអាចប្រកែកបាននោះ គឺបណ្ដាជនជាង ៧០ពាន់នាក់ ដែលរស់នៅក្នុងតំបន់ដែលមានសម្លេងយន្ដហោះ ដែលលើសពី៦៣ dB (ស្មើនឹងកម្រិតនៃការជជែកគ្នាតឹងសសៃក រវាងមនុស្សពីរនាក់) ទទួលរងគ្រោះនឹងជម្ងឺដាច់សរសៃឈាមខួរក្បាល ដល់ទៅ២៤ភាគរយ និងជម្ងឺគាំងបេះដូង ១៤ភាគរយ ច្រើនជាងអ្នករស់នៅតំបន់ផ្សេង។
មូលហេតុស៊ីជម្រៅដែលគេរកឃើញ គឺបណ្ដាលមកពីសភាពតឹងតែង និងភាពនឿយណាយ ជាមួយនឹងសម្លេងសន្ធឹក ដែលកម្រិតខ្លាំងៗ និងកើតឡើងដដែលៗ។ សម្លេងសន្ធឹកនេះ បានចូលទៅបំផ្លាញប្រព័ន្ធសសៃឈាមខួរក្បាល និងបង្កើតនូវភាពញ័ររណ្ដំដែលប៉ះពាល់យ៉ាងខ្លាំង ដល់មេជីវិតសម្រាប់ចិញ្ចឹមសារពាង្គកាយ។
សូមបញ្ជាក់ថា ការស្រាវជ្រាវបែបនេះ ធ្លាប់បានធ្វើម្ដងរួចហើយ តាំងពីឆ្នាំ២០០១។ តាំងពីពេលនោះមក ក្រិត្យក្រមនៃការទប់សម្លេង ដែលធ្វើឡើងសំដៅកម្រិតក្បួនខ្នាតសំណង់សង់លំនៅដ្ឋាន និងយន្ដហោះ ត្រូវបានពង្រឹង ហើយមនុស្សដែលរងគ្រោះនឹងបញ្ហាសម្លេងនេះ ក៏បានស្រុតចុះជាខ្លាំងដែរ។ ប៉ុន្តែនៅឆ្នាំ២០១៤ខាងមុខ ព្រលានយន្ដហោះនៃទីក្រុងឡុងដ៍ដដែលនេះ គ្រោងនឹងសង់ផ្លូវយន្ដហោះទីបីបន្ថែមទៀត។ គម្រោង ដែលបើតាមទំនង អាចនឹងរងការតវ៉ាយ៉ាងខ្លាំងក្លា ពីបណ្ដាជនរស់នៅតំបន់នោះ៕
-------------------------------------------------
ដោយ៖ ឈូករ័ត្ន - ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ