សម្ភាស វន់ ពៅ៖ អាជ្ញាធរត្រូវការពារពលរដ្ឋសម្តែងមតិនៅទីសាធារណៈ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋធម្មនុញ្ញ និងច្បាប់បាតុកម្ម បានចែង និងការពារ នូវសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមប្រជុំ ការសម្តែងមតិតាមរយៈការធ្វើបាតុកម្ម កូដកម្ម។ កតិកាសញ្ញា អនុសញ្ញាអន្តរជាតិ ដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័ន ក៏ផ្តល់សិទ្ធដល់ពលរដ្ឋក្នុងការជួបជុំ និងធ្វើបាតុកម្មផ្សេងៗនោះដែរ។ ប៉ុន្តែអ្នកតាមដានស្ថានការណ៍សង្គម ក្នុងប្រទេសកម្ពុជាបានបរិហាថា សិទ្ធិជួបជុំ សម្ដែងមតិទាំងនោះ ជានិច្ចជាកាលត្រូវបានរិតត្បិតដោយអាជ្ញាធរ ក្រោមលេសថាជា«ច្បាប់»។ តើច្បាប់របស់អាជ្ញាធរ ចង់សំដៅលើអ្វីឲ្យច្បាស់?
មួក ក្បាំង ខែលការពារ ដែលត្រៀមចាំទប់ទល់នឹងបាតុករ ត្រូវបានម្ចាស់វាដាក់ឲ្យសម្រាក កាលពីថ្ងៃទី០៧ខែកញ្ញា ឆ្នាំ ២០១៣ នៅមុខក្រសួងការពារជាតិ។ (រូបថត MONOROOM.info/ U. Bory)
រាជធានីភ្នំពេញ - គេសង្កេតឃើញថា ក្រោយពីមានវិបត្តិដីធ្លី ផ្ទះសម្បែងកើតឡើង ស្របពេលជាមួយគ្នានោះក៏មានការទាមទាររបស់ប្រជាពលរដ្ឋដែលរងគ្រោះនៃការបាត់បង់ដី នឹងផ្ទះសម្បែងជាបន្តរបន្ទាប់ដែរ។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ បើមានការជួបជុំក្នុងការទាមទារ ឲ្យមានការគោរពច្បាប់ ការគោរពសិទ្ធិមនុស្ស ជានិច្ចកាលក៏មានការដាក់កម្លាំងរបស់អាជ្ញាធរមូលដ្ឋាន ក្នុងរារាំង ដោយបំបែក ឬដោយរំខានមិនឲ្យធ្វើ ក៏ដូចជាការត្រៀមបង្គ្រាបទៅលើក្រុមបាតុករដោយអហិង្សានោះដែរ។
ករណីខាងលើនេះត្រូវបានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់ថា ការទង្វើមួយផ្ទុយពីរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិការសញ្ញា និងអនុសញ្ញាអន្តរជាតិដែលរដ្ឋបានផ្តល់សច្ចាប័ននោះ។ លោកបានបន្តរថា ប្រសិនបើអាជ្ញាធរនៅតែបន្តរការរារាំងដូចពេលកន្លងមកនោះ រដ្ឋាភិបាលនឹងដើផ្លូវខុស ហើយនឹងខុសកាន់តែធ្ងន់ទៅៗ ហើយប្រជាពលរដ្ឋក៏កាន់តែអស់ជំនឿលើរដ្ឋាភិបាលមួយនេះក៏កាន់តែច្រើនឡើងៗដែរ។
លោកក៏បានបញ្ជាក់យ៉ាងច្បាស់ពី តួនាទីអាជ្ញាធរសាធារណៈ នៅពេលមានការជួបជុំរបស់ប្រជាពលរដ្ឋក្នុងគោលបំណងសម្តែងមតិដោយសន្តិវិធី។ លោកបានបន្តរថាដូច្នេះអាជ្ញាធរសាធារណៈមានតួនាទី និងភារកិច្ចជាអ្នកការពារ ជាអ្នកធានានូវសិទ្ធិគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋក្នុងការសម្តែងមតិ ការប្រជុំ ការធ្វើបាតុម្ម និងកូដកម្មជាដើម។ «រដ្ឋមានតួនាទីការពារថែររក្សាសន្តិសុខដល់កូដករ និងបាតុករទាំងអស់ ព្រមទាំងសម្រួលដល់ការសម្តែងមតិរបស់ប្រជាពលរដ្ឋដោយសេរី នឹងមិនមានការរិតត្បឹត។ លោកបានពន្យល់ថា រាល់ការសម្តែងមតិរបស់ប្រជាពលរដ្ឋជាការបង្ហាញប្រាប់ពីទុក្ខលំបាក ពីអ្វីដែលពួកគាត់ចង់បាន និងចង់ប្រាប់ទៅអាជ្ញាធរសាធារណៈទាំងនោះឲ្យបានដឹង និងជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកគេ។ ជាមួយគ្នានេះក៏ដូចជាការផ្តល់នូវព័ត៌មានមួយចំនួន ដែលអាជ្ញាធរទាំងនោះ ត្រូវធ្វើការកែប្រែនូវឥរិយាបទរបស់ខ្លួនមករកផ្លូវត្រូវ»។
ដោយភាពយល់ច្រឡំលើច្បាប់របស់អាជ្ញាធររដ្ឋបាលសាធារណៈចំពោះការជួបជុំ ការធ្វើបាតុកម្ម ឬកូដកម្មជាដើមត្រូវតែសុំច្បាប់ជាមុននោះ លោក វន់ ពៅ បានបញ្ជាក់ថា តាមផ្លួវច្បាប់មិនមែនជាការសុំច្បាប់នោះទេ មានន័យថា មិនចាំបាច់មានការអនុញ្ញាតិពីស្ថាប័នណាមួយនោះឡើយ (វា)គ្រាន់តែជាការជូនដំណឹងឲ្យដឹងជាមុន ទៅកាន់អាជ្ញាធរដែនដីនៃទីកន្លែងដែលចង់ប្រារព្វតែប៉ុណ្ណោះ។ លោកបន្តរថា ច្បាប់បាតុកម្មក៏មិនបានហាមប្រាមចំពោះទីកន្លែងនៃការនៃការជួបជុំរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការសម្តែងនូវមតិនោះដែរ។
ចំពោះបញ្ហានៃការពង្រាយកម្លាំង ដោយឯកសណ្ឋាន និងចម្រុះរបស់ក្រុមសមត្ថកិច្ចសាធារណៈ ដែលបានបំពាក់ដោយអាវក្រោះ ខែល និងដំបង ជាមួយនិងចំនួនដ៏ច្រើនលើសលប់នោះ នាពេលមានវត្តមាននៃការជួបជុំរបស់ប្រជាពលរដ្ឋម្តងៗ នោះមន្រ្តីនៃអង្គកាក្រៅរដ្ឋាភិបាលរូបនេះបានបន្ថែមថា (វា)ពិតជាមិនគួរឲ្យកើតមាននោះទេ។ លោកបានបន្តរថាបើក្នុងកិច្ចការពារសុវត្តិភាពរបស់ប្រជាពលរដ្ឋ និងយោងតាមសមត្ថភាបជាក់ស្តែងរបស់ក្រុមសមត្ថកិច្ចទាំងនោះ គឺម្នាក់អាចការពារប្រជាពលរដ្ឋបានមិនតិចជាង២០នាក់នោះទេ។ លោកបានចោទជាចំងល់ថា កម្លាំងសមត្ថកិច្ចទាំងនោះ តើនឹងអាចមានចំនួនរហូតទាល់តែស្មើនឹងក្រុមបាតុករនោះ ជាចាំបាច់ឬទេ?
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទង ស្នើរសុំប្រតិកម្មពីលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភាបានទេដោយលោកពុំទទួលទូរស័ព្ទ។ ជាមួយគ្នានេះលោក កើត ឆែ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ មក៏មិនអាចសុំការបង្ហាញពីករណីខាងលើបានដែរ ដោយលោកបានបង្វែរការចោទសួរនេះទៅលោក ឡុង ឌីម៉ង់។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅតែមិនអាចសុំការអត្ថាធិបាយបានដដែល ពីបញ្ហាខាងលើដោយលោកគ្រាន់តែបញ្ជាក់ថា «ជាប់ប្រជុំ»។
តែទោះជាយ៉ាងណាក៏ដោយ បើមើលទៅលើច្បាប់ស្តីពី បាតុកម្មដោយសន្តិវិធីដែលមាន៦ ជំពូក និង៣០មាត្រា។ ច្បាប់នេះបានចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០០៩ ដែលមានគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការធ្វើបាតុកម្មដោយសន្តិវិធីនៅកម្ពុជា។ ច្បាប់ដដែលនេះធានាការពារសេរីភាពខាងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី។
ច្បាប់នេះក៏បានកំណត់ដែថា ប្រជាពលរដ្ឋក៏មិនត្រូវឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងកិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គមជាតិ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិឡើយ។ រាល់បាតុកម្មតវ៉ា ត្រូវជូនដំណឹងទៅកាន់អាជ្ញាធរសមត្ថកិច្ច។
ចំពោះការការកំណត់លក្ខខ័ណ្ឌថា«មិន»ឲ្យធ្វើបាតុកម្ម ដោយសំអាងលើការរំលោភប៉ះពាល់សិទ្ធិសេរីភាព និងកិត្តិយសអ្នកទៃ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់សន្តិសុខជាតិ ក៏ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន ពិសេសគណបក្សប្រឆាំង បានចាត់ទុកថាជា«លេស»របស់រដ្ឋភិបាល ដើម្បីកុំឲ្យមានបាតុកម្មតវ៉ាប្រឆាំងនឹង«ទង្វើ»អាក្រក់របស់ខ្លួន ម្យ៉ាងទៀតដើម្បីផ្តល់ភាពងាយស្រួល ដល់រដ្ឋាភិបាលខ្លួនឯងក្នុងការប្រើនូវ«កម្លាំង» និងអំពើ«ហិង្សា»ទៅលើប្រជាពលរដ្ឋដែលប្រឆាំងនឹងខ្លួន ដោយគ្រាន់តែបញ្ជាក់ថាធ្វើតាម«ច្បាប់» បើទោះជាគេមិនដឹងថា នោះជាច្បាប់អ្វីក៏ដោយ៕
------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី១២ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ