ឧកញ៉ា សុខ ប៊ុន អាចជាប់គុករហូតដល់៥ឆ្នាំ បើតាមអ្នកច្បាប់
- ដោយ: ដ. កែវ ដោយ ដ. កែវ ([email protected]) - រាយការណ៍៖ អ៊ុម វ៉ារី - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 10, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទង្វើហិង្សាវាយតប់ ទាត់ធាក់ បោចសក់ ដែលត្រូវបានវីដេអូចំនួនពីរ អះអាងថា ជាការប្រព្រឹត្តិ របស់លោកឧកញ៉ា សុខ ប៊ុន ធ្វើទៅលើអតីតពិធីការិនីទូរទស្សន៍ កញ្ញា សាសា នោះ អាចនឹងត្រូវផ្ដន្ទាទោស ដោយក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្រូវឲ្យជនល្មើស ត្រូវជាប់ពន្ធនាគារ ពី២ទៅ៥ឆ្នាំ ជាមួយនឹងសំណងជំងឺចិត្ត ផ្សេងទៀត។
លោកមេធាវី សុក សំអឿន អតីតនាយកប្រតិបត្តិ ក្រុមអ្នកច្បាប់ដើម្បីសិទ្ធិកម្ពុជា បានពន្យល់ករណីនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ការវាយតប់ឃើញនៅក្នុងវីដេអូនោះ ជាបទបង្ករបួសស្នាម ដោយចេតនា ដែលមានស្ថានទម្ងន់ទោស បង្កឡើងជាក្រុម (ជនបង្កមានគ្នាពីរនាក់) ហើយនេះជាបទមជ្ឈឹម (មិនមែនជាបទឧក្រិដ្ឋ)។ ប៉ុន្តែជនបង្កម្នាក់ ពីក្នុងចំណោមទាំងពីរនាក់ អាចនឹងទទួលការផ្ដន្ទាទោស ដោយច្បាប់របស់កម្ពុជា ពី២ ទៅដល់៥ឆ្នាំ។ ក្នុងករណី ដែលមានការប្រើប្រាស់អាវុធ ជាជំនួយផងនោះ ការផ្ដន្ទាទោស ក៏ត្រូវមើលទៅតាមនេះថែមទៀត ប៉ុន្តែលោក សំអឿន បានអះអាងថា វាអាស្រ័យទៅលើតុលាការ ដែលជាអ្នកស្វែងរកភស្ដុតាង និងសាក្សី ដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះ។
បើមានការសម្របសម្រួល...
ចំពោះសំនួរដែលសួរថា ប្រសិនជាក្នុងករណី មានការសម្របសម្រួលណាមួយ រវាងភាគីទាំងសងខាង នៅខាងក្រៅប្រព័ន្ធតុលាការ តើសំនុំរឿងនេះ នឹងត្រូវបិទបញ្ចប់ឬយ៉ាងណា? លោកមេធាវី បានថ្លែងឲ្យដឹងថា អាចបញ្ចប់បាន ត្រឹមតែផ្នែករដ្ឋប្បវេណីប៉ុណ្ណោះ ប៉ុន្តែខាងផ្នែកព្រហ្មទណ្ឌវិញ អាជ្ញាធរមានសមត្ថកិច្ច របស់កម្ពុជា ត្រូវតែបន្តនិតិវិធី រហូតចប់ចុងចប់ដើម។ លោកបានពន្យល់ថា បទល្មើសនេះ ជាបទល្មើសដែលមិនចាំបាច់ មានពាក្យបណ្ដឹង ហើយថែមទាំងសាធារណជន បានដឹងឮគ្រប់គ្នានោះទៀត។ ដូច្នេះបើទោះជាជនរងគ្រោះ មិនដាក់ពាក្យបណ្ដឹងក៏ដោយ ក៏អាជ្ញាធរនគរបាល ចាំបាច់ត្រូវបញ្ជូនរឿងនេះ ឡើងទៅតុលាការ ហើយតុលាការ ត្រូវតែបើកសវនាការកាត់ទោស ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ។ នីតិវិធីខាងលើនេះ មានរួមបញ្ចូល ទាំងការស្វែងរកភស្តុតាង និងតាមចាប់ជនល្មើស បើទោះជាជនល្មើសនោះ បានភៀសខ្លួន ទៅបរទេសក៏ដោយ។
លោក សុក សំអឿន បានថ្លែងឲ្យដឹងថា៖ «មានបទល្មើសខ្លះ អូខេ (OK) ដូចជាបទបរិហាកេរ្ដ៍អី បើសាមីខ្លួនគេដកពាក្យបណ្ដឹងអី (វា)អាចចប់។ (...) តែនេះ ជារឿង (បង្ករបួសស្នាម ដោយចេតនា) ដូចជាអត់ត្រូវ (បញ្ចប់) ទេ។ យ៉ាងច្រើនណាស់ បើសិនជា គេរកទៅឃើញថា គាត់ (ជនល្មើស) អត់ប្រើអាវុធ អត់មានគ្នា គាត់ធ្វើតែម្នាក់ឯង អញ្ចឹងវាអាចត្រឹមបទ ប្រើហិង្សាដោយចេតនា ដែលគ្មានស្ថានទម្ងន់ទោស។ វាអាច (ជាប់ពន្ធនាគារ) ពី១ឆ្នាំទៅបីឆ្នាំ ហើយអាណ្នឹងតុលាការអាចមានឆន្ទានុសិទ្ធិ ដោយមិនបាច់ដាក់គុកបាន អាចឲ្យនៅព្យួរអីបាន។»
គប់ទូរស័ព្ទ?
ចំពោះសំនួរទាក់ទង នឹងការគប់ទូរស័ព្ទ របស់ជនរងគ្រោះ ទៅលើជនបង្ក ថាតើជនបង្កអាចប្ដឹងជនរងគ្រោះវិញ ពីការបង្ករបួសស្នាម លើខ្លួនបានឬទេ? អ្នកច្បាប់ដ៏ល្បីឈ្មោះរូបនេះ បានអះអាងថា បើនាងនោះគប់ទៅ ត្រូវចំមនុស្ស មានរបួសមែន នោះជនបង្ក ពិតជាអាចប្ដឹង ជនរងគ្រោះបាន ពីបទបង្កហិង្សា ដោយចេតនា។ ប៉ុន្តែត្រូវមើលបន្តទៅទៀត ថាហេតុអ្វីបានជនរងគ្រោះ បានគប់ទូរស័ព្ទនោះទៅ ហើយគប់ទៅត្រូវលើអ្វីខ្លះ? លោកបានពន្យល់ឲ្យដឹងទៀតថា៖ «បើសិនជាអត់របួស ហើយគាត់គ្រាន់តែគប់ចោល ខឹងអីអញ្ចឹងទៅ ឧទាហរណ៍អីអញ្ចឹង អាណ្នឹងវាដូចជា យើងខឹងគ្នា យើងគប់ចានចោល (...) ដូច្នេះវាអត់មែនជា អំពើហិង្សាដោយចេតនាទេ»។
សូមបញ្ជាក់ដែរថា អំពើហិង្សា ប្រព្រឹត្តិការវាយតប់ ទាត់ធាក់ បោចសក់នេះ កំពុងស្ថិតក្នុងចំណាត់ការ របស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ។ កាលពីល្ងាចម្សិលម្ង៉ៃ តុលាការបានចេញដីការ ឲ្យនាំខ្លួន លោកឧកញ៉ា សុខ ប៊ុន ដែលជាប់សង្ស័យ ជាអ្នកដៃដល់ ជាមួយនឹងអង្គរក្សខ្លួននោះ ដើម្បីចូលខ្លួនមកឆ្លើយបំភ្លឺ។ តែបើតាមប្រភព មិនផ្លូវការមួយ បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា លោកឧកញ៉ា សុខ ប៊ុន បានធ្វើដំណើរ ទៅកាន់ប្រទេសសិង្ហបូរីបាត់ហើយ៕