មេរៀនសម្រាប់ក្រុមអ្នកចុះចូល?
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មេសា ២០១៦
- កែប្រែចុងក្រោយ: April 07, 2016
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមរយៈភស្តុតាងដែលប្រមូលបាន លោក ស៊ុត ឌីណា មានជាប់នឹងពាក់ព័ន្ធ នឹងបទល្មើសចំនួន២៖ ទី១- បទល្មើសកេងយកផលប្រយោជន៍ ដោយខុសច្បាប់ និងទី២- បទរំលោភអំណាច ដែលមានចែងនៅក្នុងមាត្រា ៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែនៅមានបទល្មើសផ្សេងទៀត ដែលកំពុងស្ថិត ក្នុងការអង្កេតនៅឡើយ។ នេះជាការអះអាង របស់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាលកម្ពុជា ដែលហៅកាត់តាមភាសាអង់គ្លេស «ACU»។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបញ្ជូនខ្លួនលោក ស៊ុត ឌីណា ឯកអគ្គរាជទូតនៅក្នុងតំណែង ប្រចាំនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងរសៀលថ្ងៃទី៧ ខែមេសានេះ លោក ឱម យិនទៀង បានអះអាងទៀតថា លោក ស៊ុត ឌីណា ត្រូវបានបញ្ជូនខ្លួន ទៅឃុំជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃសហើយ បន្ទាប់ពីតំណាងអយ្យការ បានធ្វើការសួរនាំ និងចោទប្រកាន់ចប់។
មានប្រាក់ជាង៧លានដុល្លា និងមាសជិត១៣គីឡូក្រាម...
នៅក្នុងសេចក្ដីប្រកាសមួយ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលចេញផ្សាយនៅក្នុងថ្ងៃទី៧ ខែមេសាដដែលនេះ បានឲ្យដឹងថា លោក ស៊ុត ឌីណា មានប្រាក់ ៧លាន២សែនដុល្លារអាមេរិក និងមានមាសគីឡូចំនួន ៣៣៩តម្លឹង ស្មើនឹង ១២,៧៤គីឡូក្រាម។ ក្រៅពីនេះ លោក ឱម យិនទៀង បានឲ្យដឹងបន្ថែមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះ មានដី១០កន្លែងធំៗ និងត្បូងប្រមាណ៥០០គ្រាប់ថែមទៀត។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា៖ «ក្រៅពីសាច់លុយ និងមាស នៅមានត្បូង៥០០គ្រាប់ នៅមានដីជាង១០កន្លែងធំៗទៀត បូកទៅក៏ប្រាក់លានដែរ ផ្ទះដូចពីរផ្ទះវីឡា ខ្ញុំចាំមិនអស់ដែរ»។
លោក ឱម យិនទៀង មិនបានលំអិតទេថា តើការរកឃើញនូវទ្រព្យសម្បត្តិ ដ៏ច្រើនហូរហៀរទាំងនេះ ត្រូវបានធ្វើឡើង តាមវិធីណា និងនៅទីកន្លែងណានោះឡើយ។ លោក បានឆ្លើយបញ្ច្រាស ត្រឡប់មកឲ្យអ្នកសារព័ត៌មានវិញថា៖ «បើក្មួយចង់ដឹង មកចូលធ្វើការមក គេបង្រៀនរឿងថាដឹងមកពីណា»។
លោក ស៊ុត ឌីណា ចង់ល្បីលើពិភពលោក...
សម្រាប់លោក ស៊ុត ឌីណា វិញ គ្រាន់តែបានឆ្លើយ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅពេលនាំខ្លួន មកដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកម៉ោង៩កន្លះ ថ្ងៃព្រហស្បត្តិ៍នេះថា៖ «រឿងនេះ អយុត្តិធម៌ណាស់ចំពោះរូបខ្ញុំ»។ លោក ឱម យិនទៀង បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មាន ថានៅពេលបញ្ជូនខ្លួន ទៅកាន់តុលាការនោះ ក្រុមសមត្ថកិច្ចបានព្យាយាមបិទមុខលោក ស៊ុត ឌីណា ប៉ុន្តែលោកមិនព្រម ហើយចង់បើកមុខ ព្រោះ«លោក ស៊ុត ឌីណា ចង់ល្បីលើពិភពលោក»។
កាលពីពាក់កណ្ដាលខែមុន លោក ស៊ុត ឌីណា ធ្លាប់បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីស្នើឲ្យលោក ហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យខ្លួន។ លោកបានសរសេរជាអាថ៌ថា៖ «ហេតុអី រយៈពេលពីរឆ្នាំ ដែលខ្ញុំបាទបំពេញមុខងារ ជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរង នូវការរៀបចំសេណារីយ៉ូមូលបង្កាច់បង្ខូច និងមានការចាត់បញ្ជូនក្រុមមនុស្ស មកធ្វើសវនកម្មពីរបីដង?»
លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា វេលាម៉ោង ៧យប់។ ប្រភពខ្លះ បានអះអាងថា លោកត្រូវបានឃាត់ខ្លួន នៅក្រសួងការបរទេស។ លោក ស៊ុត ឌីណា ជាមន្ត្រីចុះចូល មកក្នុងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីនៅជាមន្ត្រីរាជានិយម ដឹកនាំចលនានិស្សិត ក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល អស់រយៈពេលជាច្រើនឆ្នាំនោះមក។
យុទ្ធនាការចម្រាញ់ រករូបភាពនយោបាយ សម្រាប់លោក ហ៊ុន សែន?
ការចាប់ខ្លួនលោក ស៊ុត ឌីណា ត្រូវបានអ្នកវិភាគមួយរូបពន្យល់ថា ទំនងមកពី លោក ស៊ុត ឌីណា ខំយកចិត្តយកថ្លើមថ្នាក់ដឹកនាំខ្ពស់ៗ តែបែរជាភ្លេច ឬដើរជាន់លើក្រុមមន្ត្រីតូចតាត របស់គណបក្សប្រជាជនកម្ពុជា ខណៈខ្លួនលោក ស៊ុត ឌីណា ជាមន្ត្រីចុះចូលសោះ។ លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យ ត្រូវបានស្រង់សំដីដោយសារព័ត៌មានក្នុងស្រុកមួយ មកបញ្ជាក់ថា៖ «នៅពេលដែលមានការធ្វើបាតុកម្ម មានគណបក្សប្រឆាំងទៅ គឺគាត់ខំប្រឹងរារាំង ចេញចង្អុល សម្លុតគេ ខុសទាំងច្បាប់កូរ៉េ បំពានលើច្បាប់កូរ៉េ ដោយគាត់សម្លុតកម្មករខ្មែរ នៅកូរ៉េនេះ។ (...) នៅពេលដែលគាត់ថា គាត់ធ្វើការ ជាមួយអ្នកស៊ើបអង្កេតប៉ូលីសពិសេស អ្នកណាគេចូលរួម ជាមួយបក្សប្រឆាំង និងចាប់បញ្ជូនមកវិញ។ ហើយនេះជារូបភាព ដែលមើលទៅកូរ៉េ ជាប្រទេសផ្ដាច់ការ។»
លោក អ៊ូ វីរៈ បានគិតថា ទង្វើខាងលើ របស់លោក ស៊ុត ឌីណា ដែលជាឯកអគ្គរាជទូតមួយទាំងមូល បានបង្កការ«ឆេះដុំ»មិនត្រឹមតែប្រទេសកូរ៉េ តែបានបង្កកេរ្ត៍អាស្រូវ មកដល់ប្រទេសកម្ពុជា និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះថែមទៀត៕