WWF៖ អស់មានសត្វខ្លាធំ នៅកម្ពុជាទៀតហើយ!
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៨ មេសា ២០១៦
- កែប្រែចុងក្រោយ: April 10, 2016
- ប្រធានបទ: ធម្មជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ក្នុងពេលបច្ចុប្បន្ននេះ មិនមានការបង្កាត់ពូជថ្មីណាមួយ នៃសត្វខ្លាធំទៀតឡើយ នៅក្នុងប្រទេសកម្ពុជា។ អម្បូរសត្វខ្លាដ៏កម្រនេះ ត្រូវបានចាត់ទុកថា ដូចជាបានផុតពូជអស់ទៅហើយ។» នេះជាការអះអាង របស់អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា «WWF» កាលពីថ្ងៃពុធកន្លងមកនេះ។ អង្គការពិភពលោក បានអះអាងថា សត្វខ្លាធំនៅកម្ពុជានេះ ត្រូវបានឃើញជាលើកចុងក្រោយ តាំងពីឆ្នាំ២០០៧។
ការបរបាញ់យ៉ាងអាណាធិបតេយ្យ និងកាប់ព្រៃឈើ ជាមូលហេតុ...
បើទោះជាដំណឹងខាងលើ បានធ្លាក់ចុះមក បង្កឲ្យមានភាពសោកស្ដាយយ៉ាងណាក៏ដោយ តែគេនៅមិនទាន់អស់សង្ឃឹមនៅឡើយ។ កាលពីថ្ងៃទី២៣ ខែមីនាកន្លងមកថ្មីៗនេះ រដ្ឋាភិបាលក្រុងភ្នំពេញ បានអនុម័តគម្រោងឲ្យនាំយកសត្វខ្លាធំ ឲ្យមកធ្វើការបង្កាត់ពូជ និងព្រលែងឲ្យទៅរស់នៅក្នុងព្រៃ ក្នុងប្រទេសកម្ពុជាវិញ។ គម្រោងនេះ មានរាប់បញ្ចូលទាំងការអភិរក្សព្រៃធំៗ នៅក្នុងខេត្តមណ្ឌលគិរី និងព្រៃដ៏ក្រាស់ៗផ្សេងទៀត នៅតាមតំបន់ជួរភ្នំក្រវ៉ាញជាដើម។
លោក កែវ អូម៉ាលីស ប្រធាននៃនាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះនៃរដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្មកម្ពុជា ត្រូវបានសារព័ត៌មានអង់គ្លេស «The Guardian» ស្រង់សម្ដីមកធ្វើការអះអាងថា៖ «ជាដំបូងនេះ យើងចង់នាំយកសត្វខ្លាពីរក្បាល ញ៉ីមួយក្បាល ឈ្មោលមួយក្បាលមកសិន»។ ហើយថា ការចរចាកំពុងប្រព្រឹត្តិទៅហើយ ជាមួយនឹងប្រទេសឥណ្ឌា ថៃ និងប្រទេសម៉ាឡេស៊ី ដោយសង្ឃឹមថា ប្រទេសទាំងនេះ អាចផ្ដល់ពូជសត្វខ្លាធំនេះ មកកម្ពុជា។
ជំហ៊ានទៅរក ការរលត់ផុតពូជ នៃសត្វខ្លាដ៏កម្រ មិនមែនកើតមាន តែនៅក្នុងប្រទេសកម្ពុជាឡើយ។ បន្ថែមពីលើការបរបាញ់ យ៉ាងអាណាធិបតេយ្យ និងការកាប់ព្រៃឈើបំផ្លាញជម្រកសត្វ ដូចនៅក្នុងប្រទេសជាច្រើននោះ ពពួកសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ត្រូវរងគ្រោះ ព្រោះព្រឹត្តិការណ៍ដ៏អាណោចអធមជាច្រើនទៀត៖ នោះគឺសង្គ្រាមបាញ់បោះ និងគ្រាប់មីនកប់ក្នុងព្រៃរាប់ម៉ឺនសែនគ្រាប់ តាំងពីច្រើនទសវត្សន៍មកហើយ។
តាមការប៉ាន់ប្រមាណមួយ របស់សហគមន៍អ៊ឺរ៉ុប បានឲ្យដឹងថា នៅក្នុងពិភពលោកថ្ងៃនេះ សត្វខ្លាធំតូចសរុបទាំងអស់ មានចំនួនតែ២១៥៤ក្បាលប៉ុណ្ណោះ។ នៅចំពោះតួលេខដ៏គួរឲ្យបារម្ភនេះ ប្រទេសចំនួន១០ បានរួមគ្នាបង្កើតនូវផែនការមួយ ដើម្បីធ្វើយ៉ាងណាបង្កាត់ពូជសត្វខ្លា ឲ្យមានចំនួនពីរដងច្រើនជាងពេលនេះ សម្រាប់ឆ្នាំ២០២២ខាងមុខ៕