«សុនខ សំពះព្រះសង្ឃ» ផ្អើលហ្វេសប៊ុក
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 19, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មភាព និងឥរិយាបទរបស់សុនខនេះ ត្រូវបានទំព័រហ្វេសប៊ុកមួយ យកមកចុះផ្សាយ បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម។ ម្ចាស់គណនីជាច្រើន ដែលបានឃើញរូបភាពនេះហើយ ទ្រាំនៅស្ងៀមមិនបាន បានបន្តចែកផ្សាយនិងមួយចំនួនទៀត បានបញ្ចេញវាចា កោតសរសើរមិនដាច់ពីមាត់។
អ្នកមានជំនឿលើព្រះពុទ្ធសាសនាបាននិយាយសង្កត់ធ្ងន់ ទៅលើកម្មផលដែលសត្វនេះ បានសាងពីជាតិមុន ហើយការគោរព ដឹងខុសត្រូវនៅជាតិនេះ នឹងបានជាផលល្អ ទៅជាតិខាងមុខទៀត។ លោក សុខ ឡៃ (Sok Lay) បានសរសេរថា «ឆ្កែនេះមានឧប្បនិស្ស័យច្រើនណាស់ ជាមួយព្រះសង្ឃពីមុនមក។ ជាតិនេះកើតជាឆ្កែ ក៏នៅតែចេះថ្វាយបង្គំលោក(សង្ឃ)។»
សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន មិនត្រឹមតែបានសរសើរ តែថែមទាំងឆ្លៀតឱកាស ដើម្បីប្រៀបធៀបកាយវិការរបស់សត្វសុនខមួយក្បាលនេះ ទៅនឹងបុគ្គលមួយចំនួន ដែលមានរូបរាងជាមនុស្ស តែចរិតមាយាទមិនល្អ ឬមិនស្មើនឹងសុខននេះផងនោះ។ លោក រឿន ទូច (Roeun Tuot) បានសរសេរថា៖ «គួឱ្យសរសើរសត្វសុនខ ដែលចេះគោរពព្រះសង្ឃ។ គួរឱ្យអនិច្ចារ ដែលមនុស្សខ្លះអន់ជាងសត្វ។»
ឯម្ចាស់គណនី វន វណ្ណៈ (Vorn Vannak) បានប្រើប្រាស់រូបថតនេះ វាយប្រហារក្រុមកងកម្លាំង ដែលតែងបង្ក្រាបដោយហិង្សា ទៅលើការតវ៉ានានានៅកម្ពុជាថា៖ «ក្រឡេកទៅមើសមត្ថកិច្ច និងកងរាជអាវុធហត្ថ សម័យតេជោ (សែន) វិញ វាយដំច្រំធាក់ បាញ់សម្លាប់ ប្រជាពលរដ្ឋ និងព្រះសង្ឃ លើសសត្វធាតុទៅទៀត។»
ប៉ុន្តែមតិមួយចំនួន មិនបានយល់ដូច្នេះទេ។ ម្ចាស់គណនីដែលដាក់ឈ្មោះ ចាន់ វាសនា (Chann Veasna) បានលើកឡើងដូច្នេះថា៖ «កុំសរសើគតិសត្វអី ព្រោះវាគ្មានតម្លៃអ្វីទេ។ នេះគ្រានតែជាសភាវគតិប៉ុណ្ណោះ!»។ ទំនងជាគាំទ្រការលើកឡើងនេះ លោក តាំង ដាណៃ (Thang Danav) បានបន្ថែមថា «ការគោរព វាស្ដែងពីក្នុងចិត្តទៅ។ ឆ្កែនេះវាចេះតែប៉ុណ្ណឹងទេ បើឧក្រិដ្ឋជនដើរពីមុខវា ក៏វាធ្វើអញ្ចឹងដាក់ដែរ។ មិនអាចនិយាយថា វាចេះគោរពទេ។»៕