អ្នក​កាសែត​​ម្នាក់ ត្រូវ​មហា​បុរស​ហ្វេសប៊ុក​ចោទ​ថា​ ជា​ទាហាន​យួន

មហាបុរសម្នាក់ ពីក្នុងចំណោម មហាបុរសល្បីល្បាញពីរនាក់ ដែលធ្លាប់ធ្វើសង្គ្រាមជាមួយគ្នា ក្នុង​បណ្ដាញ​សង្គម កាល​ពី​ពេល​ថ្មីៗ​នេះ បានងាកមកធ្វើការវាយប្រហារ និងចោទប្រកាន់ លើអ្នកសារព័ត៌មានមួយរូប របស់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថា​ជា​ទាហាន​យួន​បង្កប់​ខ្លួន ដើម្បីដើរយកសារព័ត៌មាន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៣ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 23, 2015
  • ប្រធានបទ: តារាហ្វេសប៊ុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើការលាបពណ៌ ដោយគ្មានមូលដ្ឋាន ទៅលើនរណាម្នាក់ថា ជា«យួន» នឹងផ្ដល់មកឲ្យអ្នកលាបពណ៌គេនោះ នូវ​វីរៈភាព ឬស្មារតីស្នេហាជាតិឬ? សម្រាប់«មហាបុរស»ម្នាក់នេះ កំពុងបញ្ចេញក្បាច់គុន ខាង«លាបពណ៌» ដល់​កំពូលរបស់ខ្លួន ដើម្បីលាបពណ៌ មកលើអ្នកសារព័ត៌មានមួយរូប របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដោយ​បាន​ហៅអ្នកយកព័ត៌មាន របស់ទស្សនាវដ្ដី ថាជា«ទាហានយួន» យកប្រពន្ធខ្មែរ ហើយដើរយកព័ត៌មាន។

មហាបុរសម្នាក់នេះ ធ្លាប់ត្រូវបានមហាបុរស ក្នុងពិភពហ្វេសប៊ុកម្នាក់ទៀត សរសេរ«ជេរម្រាយ»យ៉ាងចាស់ដៃ ក្នុងពេលកន្លងមក ដោយមូលហេតុធំៗពីរ៖ ពូកែបំផ្លើស និងពូកែខាងដើរលាបពណ៌គេឯង នៅលើបណ្ដាញ​សង្គម។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ឥឡូវនេះ មហាបុរសហ្វេសប៊ុកឈ្មោះ ឆាំ ឆានី ដែលតែងតែដើរយកព័ត៌មាន និងរូបភាពពីគេ (មិនដែល​ថត​ផ្ទាល់) យកមកចុះផ្សាយ លើបណ្ដាញសង្គម ជាមួយនឹងការធ្វើអត្ថាធិប្បាយផ្ទាល់ខ្លួននោះ បានសរសេរ​លាប​ពណ៌ ទៅលើបុគ្កលិក ជាអ្នកយកព័ត៌មានអាជីពមួយរូប របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាជា«ទាហាន​យួន»។ នៅលើគណនេយ្យហ្វេសប៊ុក ដែលមហាបុរសនេះ យកមកធ្វើ ជា«មធ្យោបាយឃោសនា»របស់ខ្លួន ឆាំ ឆានី បានយករូបភាពមួយ ដែលថតក្នុងសន្និសីទ សារព័ត៌មាន ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ រៀបចំឡើង ដោយ​លោក សុខ ទូច អ្នកវិភាគនយោបាយ ដ៍ល្បីម្នាក់នៅកម្ពុជា មកបង្ហោះ ជាមួយពាក្យពេជ្យសរសេរថា៖ «រូបភាព​កាន់កាម៉ារ៉ា ជាទាហានយួនយកប្រពន្ធខ្មែរ ផ្ទះនៅម្តុំខាងក្រោយផ្ទះ ចេងហេង បានបន្លំខ្លួន​ធ្វើជា​អ្នក​កាសែត ទៅយកពត៌មានកន្លែងសន្និសិទ្ធកាសែតរបស់ សុច ទូច ព្រឹកមិញ ២២ កក្កដា ២០១៥ នៅបណ្ឌិត​សភា»

បុគ្គលិករបស់ទស្សនាវដ្ដី ដែលរងនូវទង្វើយ៉ាងអយុត្តិធម៌ខាងលើ លោក ស្រ៊ុន ទិត្យ បានថ្លែងថា ជនបានថត​រូប​លោក ហើយយកមកឲ្យមហាបុរស ឆាំ ឆានី ធ្វើការលាបលន ផាត់ប្រេងម្សៅ រួចយកទៅបរិហារ​លោក នៅ​តាម​បណ្ដាញសង្គមនោះ ទំនងជាយុវជនម្នាក់ ពាក់អាវ ស ដែលមានសរសេរអក្សរថា «ខ្ញុំជាខ្មែរ» ពាក់វែនតា និង​មាន​បង់​ក្រមារ នៅ​នឹង​ក ផង។ «ខ្ញុំជាខ្មែរ» ជាឃ្លាយ៉ាងពិរោះ តែទង្វើរបស់ក្រុមនេះ មានន័យស្មើរនឹង «អញ​ជា​ខ្មែរ អ្នក​ផ្សេង​​ដែល​អញសង្ស័យ សុទ្ធតែជាយួនទាំងអស់»។

ក្នុងចំណោម អ្នកបញ្ចេញវាចាយោបល់ ពីខាងក្រោមរូបថត របស់មហាបុរសខាងលើ មានម្ចាស់​គណនេយ្យ​ម្នាក់​​ឈ្មោះ Mana Thuch បានសរសេរថា៖ «ខ្ញុំទៅមើលរាស្ត្រតវារឿងដីធ្លី ឃើញរាល់លើក»។ សំនួរសួរថា តើ​ក្រុម​នេះ មើលពីអ្នកសារព័ត៌មាន ដែលចុះផ្ទាល់នៅទីកើតហេតុ ដោយក្រសែរភ្នែករបៀបណា? អ្នក​សារព័ត៌មាន ត្រូវ​អង្គុយ​នៅនឹងផ្ទះ (ដូចមហាបុរស ឆាំ ឆានី) ឬនៅនឹងការិយាល័យ ដើម្បីធ្វើព័ត៌មានឬ?

ក្នុងនាមជាអ្នកសារព័ត៌មានអាជីព កាន់កាតរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលមានទីស្នាក់ការធំ នៅ​ប្រទេស​បារាំង និងកាន់កាតអ្នកសារព័ត៌មាន របស់ក្រសួងព័ត៌មានកម្ពុជា លោក ស្រ៊ុន ទិត្យ តែងបានចុះ​យក​ព័ត៌មាន សឹងតែនៅគ្រប់ទីកន្លែង និងនៅគ្រប់និន្នាការនយោបាយ មិនថាព័ត៌មាននោះ ជារបស់​គណបក្ស​កាន់​អំណាច គណបក្សប្រឆាំង សង្គមស៊ីវិល កម្មករ ឬប្រជាពលរដ្ឋ ដែលរងគ្រោះរឿងដីធ្លីឡើយ។

បើនៅបន្តធ្វើ នឹងចាត់វិធានការ តាមផ្លូវច្បាប់!

លោក ស៊្រុន ទិត្យ បានប្រតិកម្មត្រឡប់ទៅមហាបុរស ឆាំ ឆានី និងគូកនថា ច្បាប់កម្ពុជា អាចចាត់វិធានការ លើ​បុគ្គលណា ដែលផ្សាយព័ត៌មានមិនពិត គ្មានភស្តុតាង ដែលធ្វើឲ្យបាត់បង់កិត្តិយស របស់អ្នកដទៃ។ លោក បាន​ថ្លែងទៀតថា លោកជាអ្នកសារព័ត៌មានម្នាក់ ដែលចុះធ្វើការ និងយកព័ត៌មាន ដល់ទីកន្លែងពិតប្រាកដ ជា​មួយ​នឹងការចេញផ្សាយ សឹងតែគ្រប់រឿង និងគ្រប់លេខផ្សាយ របស់ទស្សនាវដ្ដី។ លោកក៏ត្រូវបានទទួលស្គាល់ដែរ ដោយ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងទៀត ដូចជាវិទ្យអាស៊ីសេរី វិទ្យុសម្លេងអាមេរិក វិទ្យុបារាំងអន្តរជាតិ វិទ្យុ​សម្លេងប្រជាធិបតេយ្យ អ្នកយកព័ត៌មានប្រចាំទូរទស្សធំៗ នៅកម្ពុជា រួមទាំងអង្គការសង្គមស៊ីវិល បណ្តាញ​ព្រះ​សង្ឃ​​ខ្មែរកម្ពុជាក្រោម ប្រជាពលរដ្ឋរងគ្រោះ ដោយសាដីធ្លី ឬពីស្ថាប័ននយោបាយធំៗ ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ គណបក្សប្រជាជនកម្ពុជាជាដើម។

លោក ស្រ៊ុន ទិត្យ បានផ្ដាំផ្ញើរ ទៅកាន់មហាបុរស ឆាំ ឆានី យ៉ាងដូច្នេះថា៖ «ខ្ញុំអ្នកយកព័ត៌មាន។ រាល់ថ្ងៃគេ​ស្គាល់ខ្ញុំច្រើនណាស់... ដូច្នេះការចោទប្រកាន់នេះ មានមូលដ្ឋានមិនពិតប្រាកដ។ (...) តើអ្នកចោទប្រកាន់ខ្ញុំ ស្គាល់ខ្ញុំច្បាស់ទេ? ដើរតែយករូបភាព និងព័ត៌មានពីគេមកផ្សាយ តើខ្លួនជាអ្នកសារព័ត៌មានដែរឬទេ? (...) តើ​អ្នកនោះបានស្គាល់អ្វីខ្លះ ពីកម្ពុជា បានជាចេះ តែដើរលាបពណ៌គេ ដើរបង្ខូចឈ្មោះគេ? កេរ្តិ៍គេល្អៗ យកទៅ​បំផ្លាញចោល តើវាសមឬអត់?»

នៅខណៈនេះ ទស្សនាវដ្ដីកំពុងប្រមូលគ្រប់ភស្ដុតាង និងសាក្សីទាំងអស់ ដើម្បីទុកជាឯកសារអំណះអំណាង ហើយអាចឈាន ទៅដាក់ពាក្យបណ្ដឹង ប្រឆាំងមហាបុរសនេះ ក្នុងករណីចាំបាច់។ ប៉ុន្តែទស្សនាវដ្ដីសង្ឃឹមថា រឿង​រ៉ាវនឹងមិនឈាន ទៅដល់ដំណាក់កាលនេះទេ។ នាយកទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅប្រទេសបារាំង លោក ដាវុឌ្ឍា កែវ  បានអំពាវនាវ សុំឲ្យបញ្ឈប់ជាបន្ទាន់ នូវការលាបពណ៌ដោយគ្មានមូលដ្ឋាន និងការបំភ្លៃ ដើម្បី​មហិច្ឆតារបស់ខ្លួន របៀបនេះ។ រីឯលោក ស្រ៊ុន ទិត្យ ក៏បានអះអាងដែរថា៖ «ស្នើសុំឲ្យបុគ្គលគ្រប់រូប មិន​ថា​អ្នកសារព័ត៌មាន អ្នកនយោបាយ ប្រជាពលរដ្ឋទូទៅ បញ្ឈប់ការដើរលាបពណ៌អ្នកដទៃ ដោយគ្មាន​មូលដ្ឋាន​ច្បាស់លាស់»៕


» សូមទស្សនាវីដេអូ ក្នុងសន្និសីទរបស់ រាជបណ្ឌិតសភា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ដែលបញ្ជាក់ពីជន ដែលទំនងជាបានថតរូប បុគ្គលិកទស្សនាវដ្តី យកទៅផ្សាយបង្ខូចកេរ្ត៍៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...