កាណាដា៖ ម្ចាស់ធនាគារដើមកំណើតខ្មែរពីរនាក់ ជាប់ចោទថាបានលាងលុយកខ្វក់ ១០០លានដុល្លារ
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 19, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីនេះ ត្រូវបានប្រព័ន្ធយុត្តិធម៌នៃទីក្រុងកេប៊ិច (Québec) ប្រទេសកាណាដា តាមដាននិងស៊ើបអង្កេត ដោយប្រើរយៈពេលជិត១០ឆ្នាំមកហើយ។ ទីបំផុតទៅ នៅថ្ងៃចន្ទទី១៥ ខែកញ្ញាកន្លងទៅនេះ ចៅក្រមសាលាក្ដីនៃទីក្រុង កេប៊ិច បានប្រកាសចោទប្រកាន់ អ្នកស្រី ឡេច ឡេងគី និងស្វាមី លោក ឈុន ស៊ីវ៉េង ថាមានទោសនៅក្នុងបទប្រព្រឹត្តិជាច្រើន។ ចៅក្រម ប៉ាទ្រិក ហេលី (Patrick Healy) បានសង្ខេបនៅក្នុងសាលក្រមសម្រេចនោះថា៖ «ជនជាប់ចោទ បានទទួលនូវផលិតផលឧក្រិដ្ឋ នៃជំនួញគ្រឿងញៀន ដោយមិនត្រឹមតែស្ដុកទុក នូវផលិតផលទាំងនោះទេ តែថែមទាំងបានលាងសំអាត នូវប្រាក់កខ្វក់ ដែលចេញពីផលិតផលទាំងនោះ ជាបន្តបន្ទាប់មកផង»។
អ្នកស៊ើបអង្កេត បានរកឃើញថា ការផ្ទេរលាងសំអាតប្រាក់កខ្វក់ទាំងនោះ ត្រូវបានធ្វើនៅក្នុងក្រុង កេប៊ិច នៅក្នុងប្រទេសកូឡំប៊ី ម៉ិចស៊ិច គុយបា បាហាម៉ាស ចាម៉ែអ៊ិក ផ្លរីដ អ៊ីស្ត្រាអែល ប៊ែលហ្សិក និងជាពិសេសនៅក្នុងប្រទេសកម្ពុជា។
ប្រាក់ដែលលាងសំអាត ចេញពីការជួញដូរគ្រឿងញៀននោះ ត្រូវបានធ្វើឲ្យប្រែក្លាយទៅជាមាស ពេជ្រ អាគារ ឬត្រូវបានផ្ទេរតាមប្រព័ន្ធអេឡិកត្រូនិក ឬយកទៅដោយផ្ទាល់ ទៅកាន់ប្រទេសកម្ពុជា។ ចៅក្រមបានថ្លែងបន្តទៀតថា៖ «បើទោះជាគ្មានចំនួនទឹកប្រាក់ច្បាស់លាស់ ជាភស្ដុតាង តែនៅមានភស្តុតាងផ្សេងទៀត ដែលគេអាចដឹងបានថា ចំនួនទឹកប្រាក់មានចំនួនច្រើនជាង ១០០លានដុល្លារ»។
ចៅក្រមបានពន្យល់ទៀតថា អ្នកស្រី ឡេច និងលោក ឈុន ធ្លាប់មានធនាគារនៅក្នុងប្រទេសកម្ពុជារួចហើយ ហើយប្ដីប្រពន្ធទាំងពីរនាក់ ចង់ប្រកបរបរនេះ នៅក្នុងប្រទេសកាណាដាជាបន្តទៀត។ លោកចៅក្រម បានបន្តទៀតថា៖ «ហើយពួកគេត្រូវការលុយ ដើម្បីប្រកបរបរនេះបាន»។
ការវិន្និច្ឆ័យទោស នឹងត្រូវប្រកាសឲ្យដឹង នៅខែតុលាខាងមុខ។ តែបើតាមច្បាប់របស់ប្រទេសកាណាដា ជនសង្ស័យអាចនឹងទទួលទោសរហូតដល់១០ឆ្នាំ នៅក្នុងពន្ធនាគារ ជាមួយនឹងការរឹបអូសយកទ្រព្យសម្បត្តិទាំងអស់។ សវនាការនៅថ្ងៃចន្ទ បានបង្ហើបឲ្យដឹងដែរថា ប្ដីប្រពន្ធទាំងពីរនាក់ បានព្យាយាមសុំលិខិតឆ្លងដែន ពីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសកាណាដា ដែលធ្វើឲ្យគេគិតថា ជនសង្ស័យអាចនឹងមានបំណងរត់គេចខ្លួន ដោយប្រើលិខិតឆ្លងដែននោះ។ ប៉ុន្តែចៅក្រមបានដាក់ល័ក្ខខ័ណ្ឌយ៉ាងតឹងរ៉ឹង ថាកងកម្លាំងនគរបាលនៃប្រទេសកាណដា នឹងត្រួតពិនិត្យយ៉ាងដិតដល់ ធ្វើយ៉ាងណាមិនឲ្យអ្នកទាំងពីរអាចគេចខ្លួនរួច ពីសំណាញ់ច្បាប់ឡើយ៕