ចូលបំភ្លឺក្នុងសភាជាយុទ្ធសាស្ត្រ«ក្បាលអ្នកណា សក់អ្នកនោះ» របស់ ហ៊ុន សែន?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 19, 2014
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចូលរួមក្នុងការផ្សព្វផ្សាយ ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០១៤-២០១៨ បានធ្វើការណែនាំដល់រដ្ឋមន្រ្តីក្រោមឱវាទទំាងអស់ ដែលជាសមាជិកសមាជិកា នៃរាជរដ្ឋាភិបាលអាណត្តិទីប្រាំ ត្រូវតែចូលបំភ្លឺគ្រប់គ្នា ដោយមិនចាំបាច់សួរនាំពីលោក (ហ៊ុន សែន) ថាគួ ឬមិនគួចូលនោះទេ។
លោកនាយករដ្ឋមន្រ្តី បានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះរដ្ឋសភា ពិសេសគណកម្មការទី៧ថា៖ «ខ្ញុំពិតជាមានការអបអរសារទរ ជាមួយនឹងការរួមគ្នាដោះស្រាយបញ្ហា នៅក្នុងក្របខណ្ឌសភា។ ព្រោះដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺដំណើរការនៅក្នុងសភានោះឯង។ គេអត់និយាយនៅក្រៅ តាមចិញ្ចើមថ្នល់ ឬការនិយាយដើម្បីធើ្វការឃោសនាទេ។»
ទោះយ៉ាងណាក៏ដោយ ការលើកឡើងខាងលើនេះ ត្រូវបានសាធារណៈមតិមើលឃើញថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងគេចវេស និងទំនងជាចង់ដោះខ្លួន ពីការទទួលខុសត្រូវនានា ដែលបានកើតឡើងក្នុងរយៈកាលប៉ុន្មានឆ្នាំ កន្លងមកនេះ។ ផ្ទុយទៅវិញ ការទទួលស្គាល់ និងឯកភាពរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ ដែលបានគាំទ្រឲ្យមានការកោះហៅរដ្ឋមន្ត្រីក្រោមឱវាទខ្លួន ទៅសួរនាំក្នុងសភានេះ ដូចជាចង់បង្ហាញពីអំណាចរបស់ខ្លួនយ៉ាងពេញទំហឹង ក្នុងការបង្គាប់បញ្ជា ទៅលើរដ្ឋមន្រ្តីទាំងនោះជាជាង។
អំណាចលោកនាយករដ្ឋមន្រ្តី ត្រូវបានបង្ហើបដោយខ្លួនលោក យ៉ាងដូច្នេះថា៖ «ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រីនានា កុំចាំបាច់ មកសួរនាយករដ្ឋមន្ត្រីថា ខ្ញុំទៅឆ្លើយ ឬអត់?។ បានសេចក្តីថា ឱ្យតែគណៈកម្មការនានា របស់រដ្ឋសភាកោះហៅ ទៅសួរ គឺត្រូវតែទៅ ហើយក៏កុំមក សួរនាយករដ្ឋមន្ត្រីថា ខ្ញុំគួរតែឆ្លើយបែបណា?។ (...) ត្រូវមើលក្នុងរដ្ឋធម្មនុញ្ញ មើលក្នុងច្បាប់ឱ្យច្បាស់ គឺរដ្ឋមន្ត្រីទទួលខុសត្រូវ ចំពោះមុខនាយករដ្ឋមន្ត្រី និងសភា។»
ការលើកឡើងខាងលើ ត្រូវបានមន្រ្តីម្នាក់នៃគណបក្សសង្គ្រោះជាតិ ដែលសុំមិនបញ្ចេញឈ្មោះ វាយតម្លៃថា ជាការរុញទូកបណ្តោយទឹក របស់លោក ហ៊ុន សែន។ មន្ត្រីរូបនោះបានបន្តថា លោកនាយករដ្ឋមន្រ្តី បានប្រកាស«ព្រមាន»ដោយប្រយោលទៅគ្រប់រដ្ឋមន្រ្តីទាំងអស់ ឲ្យទទួលខុសត្រូវរៀងៗខ្លួន ប្រសិនរដ្ឋសភារកឃើញកំហុសឆ្គងណាមួយ នៅក្នុងស្ថាប័នក្រសួងដែលខ្លួនគ្រប់គ្រងនោះ។ លោកបានប្រៀបធៀបការថ្លែងរបស់លោក ហ៊ុន សែន ទៅនឹងយុទ្ធសាស្ត្រមួយ ដែលត្រូវបានក្រុមខ្មែរក្រហម ធ្លាប់បានយកមកប្រើ ក្នុងរយៈកាលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ នោះគឺ «ក្បាលអ្នកណា សក់អ្នកនោះ»។
ការកោះហៅរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ ជាកោះហៅលើកទីមួយ ដែលគណបក្សសង្គ្រោះជាតិ មានឱកាសយកយន្តការរដ្ឋសភាជាតិ ក្នុងការដោះស្រាយបញ្ហាជូនរាស្រ្ត និងប្រទេសជាតិ។ តាមការគ្រោងទុក គណកម្មការនាននៃរដ្ឋសភា នឹងកោះហៅរដ្ឋមន្រ្តីទាំងអស់ ដែលជាសមាជិករដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ទៀត ក្នុងពេលខាងមុខនេះ។ ប៉ុន្តែទោះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ប្រាប់ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យចូលទៅបំភ្លឺនៅក្នុងសភាជាតិក៏ដោយ តែលោកនៅមិនទាន់ប្រកាសឲ្យដឹង ពីខ្លួនលោកផ្ទាល់ ថានឹងត្រូវចូលខ្លួនមកបំភ្លឺដែរឬទេ ប្រសិនជារដ្ឋសភាកោះហៅនោះ៕