បក្ស​ប្រជាជន បដិសេធ​សំណើរ​របស់​សង្គម​ស៊ីវិល ក្នុង​ការ​ដាក់​ស្ថាប័ន​៣​ឲ្យ​ឯករាជ្យ

ចំពោះសំណើ របស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន១៦០ ដែលស្នើឲ្យពិចារណាដាក់ស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរជាតិសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដាច់ពីគណបក្សនយោបាយ ដើម្បី​ជៀសវាង​ឥទ្ធិពល​នយោបាយ​លើ​ស្ថាប័នរដ្ឋទាំងនេះ ត្រូវគណបក្សប្រជាជនកម្ពុជាបដិសេធ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញថ្ងៃទី១៩ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 19, 2014
  • ប្រធានបទ: អំណាចរដ្ឋ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្លើយតបនឹងលិខិតចំហ របស់ក្រុមការងារអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ប្រមាណ១៦០ ដែលស្នើរ​នូវ​អនុសាសន៍ទាំង១២ចំនុច ទៅគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែ​កញ្ញា គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួន យ៉ាងដូច្នេះថា គណបក្សនេះបាន​ពិចារណា​យ៉ាងល្អិតល្អន់ ចំពោះអនុសាសន៍ទាំង១២ ហើយចំណុចមួយចំនួន នៅក្នុងនោះដូចជា ចំណុចទី១ ទី២ ទី៣ ទី៦ និងទី៧ គឺក្រុមការងារចម្រុះរបស់គណបក្សទាំង២ និងស្ថាប័នពាក់ព័ន្ធ បាន​ឯកភាព​គ្នាលើ​ចំណុច​មួយ​ចំនួន និងកំពុងពិភាក្សាបន្ត។

ប៉ុន្តែនៅត្រង់ចំណុចទី៤ ដែលស្នើឱ្យស្ថាប័នបីរួមមាន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរជាតិសវនកម្ម និង​អង្គភាព​ប្រឆាំងអំពើពុករលួយ ឲ្យដាច់ពីគណបក្សនយោបាយ ដើម្បីជៀសវាងឥទ្ធិពលនយោបាយ លើ​ស្ថាប័ន​រដ្ឋទាំងនេះ ត្រូវបានគណបក្សកាន់អំណាចជាង៣០ឆ្នាំមួយនេះ បដិសេធ ដោយលើកឡើងថា ជា​ការ​ហាមឃាត់មន្ត្រីទាំងនោះ មិនឲ្យធ្វើនយោបាយ ប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដែលជាសិទ្ធិ​ធ្វើនយោបាយរបស់ប្រជាពលរដ្ឋ។

ដោយឡែកលិខិតឆ្លើយតប ទៅគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការសហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) កាលពីថ្ងៃទី១៨ខែកញ្ញា បានស្នើរឲ្យរដ្ឋាភិបាល ពិចារណាពីអនុសាសន៍នេះឡើងវិញ ហើយ​បន្តដាក់អនុសាសន៍នេះ ដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ដែលមានអសនៈ​ក្នុង​រដ្ឋសភា​នេះ។

លិខិតរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានបញ្ជាក់បន្តថា៖ «កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរជាតិសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នជាតិសំខាន់ៗ ដែលគួរតែ​ត្រូវបាន​ដាក់​ដាច់​ដោយឡែក ពីឥទ្ធិពលគណបក្សនយោបាយនានា ក្នុងគោលបំណងបម្រើផលប្រយោជន៍ពិតប្រាកដ ជូន​ប្រជាពលរដ្ឋខ្មែរ រីឯសិទ្ធិធ្វើនយោបាយ របស់មន្រ្តីរដ្ឋាភិបាលជាសិទ្ធិបុគ្គល ឬប្រជាពលរដ្ឋ ត្រូវបាន​ធានា​ដដែល»។

គួររម្លឹកថា កាលថ្ងៃទី១០ ខែកញ្ញា ក្រុមការងារអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណ១៦០ នាំមុខ​ដោយ​គណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា បានដាក់អនុសាសន៍អាទិភាពទាំង ១២ចំណុច ដែល​ក្រុមការងារអង្គការសង្គមស៊ីវិល ស្នើទៅកាន់គណបក្សនយោបាយទាំងពី នោះ រួមមាន ការអនុវត្តដោយ​ប្រសិទ្ធភាព នូវកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត រដ្ឋសភា ស្ថាប័នរដ្ឋាភិបាល តម្លាភាព​ក្នុងតួនាទី និងដំណើរការនៃស្ថាប័ននីតិប្បញ្ញត្តិ ការធានាការបែងចែកអំណាចសំខាន់ៗទាំង៣ គឺស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ការធានានូវការពិនិត្យឡើងវិញនូវច្បាប់ទាំង៣ ពាក់ព័ន្ធតុលាការ ការ​ធានាឯករាជ្យភាព អព្យាក្រឹត្យភាពកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នរដ្ឋាភិបាល ការលើកទឹកចិត្តការ​ចូល​រួម​របស់សង្គមស៊ីវិល និងពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍គោលនយោបាយជាតិ ការបង្កើតគោល​នយោបាយ​ប្រាក់ឈ្នួលអប្បបរមាសម្រាប់មន្ត្រី និងបុគ្គលិកសាធារណៈ ការធានាគុណភាព និងសេវាសាធារណៈ ការ​លើក​កម្ពស់គណនេយ្យភាព និងអភិបាលកិច្ចល្អ ការការពារសិទ្ធិមនុស្ស និងការលើក​កម្ពស់ការការពារ​បរិស្ថាន ជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...