អ្នក​នៅ​តាម​តៀម​កាហ្វេ រិះគន់ ហ៊ុន សែន យក​វេទិកា​រដ្ឋាភិបាល បំរើ​បក្ស​ពួក​ខ្លួន

លោក ហ៊ុន សែន តែងតែយកវេទិការសាធារណៈរបស់ជាតិធំៗ មកនិយាយផ្ញើរសារនយោបាយ ឬធ្វើការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឲ្យគណបក្សប្រជាជនកម្ពុជា ឬក្រុមរបស់ខ្លួន។ សម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែល​ច្រើន​ជា​មនុស្ស​វ័យ​កណ្ដាល មិនសូវស្គាល់«ហ្វេសប៊ុក» មិនបានចាំមានវិទ្យុនិងទូរទស្សន៍ ដើម្បី​ផ្សាយ​ត្រឡប់​ទៅ​លោក ហ៊ុន សែន ពី​ការ​មិន​ពេញ​ចិត្ត​មិន​ពេញ​ថ្លើម​របស់​ពួក​គេ​ឡើយ តែ​ពួក​គេ​បាន​ជុំ​គ្នា នៅ​តាម​តៀម​កាហ្វេ ដើម្បី​និយាយ​រិះគន់​យ៉ាង​ចាស់​ដៃ ទៅ​លើ​នាយករដ្ឋមន្ត្រីចាស់ខែរូបនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 20, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងតៀមកាហ្វេមួយ ក្បែរមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) មានក្រុមបុរសចំណាស់ប្រាំពីរនាក់ បាន​ជុំគ្នានៅជុំវិញតុមួយ ហើយបានជជែកគ្នាពីនេះពីនោះ មិនចេះអស់មិនចេះហើយ រហូតដល់ដំណាក់​កាល​មួយ ដែលបានក្លាយជាការឆ្លងឆ្លើយប្រកបដោយការរិះគន់ ទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញ​ការ​ប្រើប្រាស់​វេទិកា​សាធារណៈរបស់ជាតិ មកផ្សព្វផ្សាយឲ្យគណបក្សនយោបាយ គ្រួសារ និងក្រុមរបស់ខ្លួន​។

បុរសវ័យចំណាស់ម្នាក់ អាយុខ្ទង់៦០ឆ្នាំប្លាយ បានលើកឡើងថា លោកតែងតែតាមដាននូវរាល់ការនិយាយ របស់លោកនាយករដ្ឋមន្ត្រីស្ទើមិនចន្លោះ តែមិនដែលមានពេលណាមួយ ដែលលោកនាយករដ្ឋមន្រ្តី​មិន​និយាយពី«បក្ស» បក្សពួកនិយម បុគ្គលខ្លួន ឬពីគ្រួសារនោះទេ។ លោកបន្តថា ​ជាពិសេសនៅពេល​លើក​ឡើង ទាក់ទងនឹងរបបប៉ុលពតខ្មែរក្រហម​តែម្តង។

បុរសម្នាក់ទៀតបានបន្ទរឡើងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹងច្បាស់ថានឹងមានការ​ចាក់ផ្សាយ​សម្តីគាត់ តាមកញ្ចក់ទូរទស្សន៍ ឬផ្សាយតាមវិទ្យុជាដើម ដូច្នេះគាត់ដឹងថា វានឹងឮដល់ប្រជាពលរដ្ឋច្រើន។ លោក ហ៊ុន សែន ចូលចិត្តនិយាយតែពីប្រយោជន៍«បក្ស» ក្រុមខ្លួន ឬការវាយប្រហារទៅលើអ្នកដទៃ ដែល​អ្នកទាំងនោះ នឹងគ្មាន​ឱកាស​មក​និយាយ ឬ តបតនឹងលោកបានឡើយ។ បុរសចំណាស់នោះបញ្ជាក់ថា នោះ​ស្មើនឹងមិនអាច​ឲ្យ​គេ​ប្រកែកបាន ឬអ្នកដែលស្ដាប់លោក ហ៊ុន សែន ដាច់​ខាត​ត្រូវតែទទួលយក។

ការថ្លែងនៅតាមវេទិកាសាធារណៈ របស់លោកនាយករដ្ឋមន្ត្រីកម្ពុជា តែងត្រូវបានធ្វើឡើងរាប់ម៉ោង ហើយ​វិទ្យុ និង​ទូរទស្សន៍ក្នុងស្រុកជាច្រើន ត្រូវផ្អាកកម្មវិធីប្រចាំថ្ងៃរបស់ខ្លួន ដើម្បីប្ដូរមកចាក់ផ្សាយសម្ដី​នោះ​ទាំង​ស្រុង​ទៅវិញ។ ការថ្លែងរបស់លោក ហ៊ុន សែន មានច្រើនសណ្ឋានគ្រប់បែបយ៉ាង ទាំងសារ​នយោបាយ ទាំង​សារ​បច្ចេកទេស ទាំងការវាយប្រហារ។ល។ ដែលវាបានក្លាយជា «វប្បធម៌»ទៅហើយ នៃ​ការ​យក​វេទិកា​បែបនេះ ដើម្បីជាការចំណេញទាំងខាង​រូបភាព​របស់លោកផ្ទាល់ និងខាង​នយោបាយ​នោះ។

នៅអង្គុយជុំតុតែមួយ ក្នុងតៀមដដែល បុរសម្នាក់មានពុកមាត់ស្រមូម បានធ្វើការរំលឹកថា នេះមិនមែន​ជា​លើក​ទីមួយនោះទេ ជាច្រើនលើកច្រើនសារមកហើយ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែ​លើក​យក​បញ្ហាបក្ស បញ្ហាពួក និងបញ្ហាគ្រួសារមកនិយាយក្នុងវេទិការសាធារណៈ។ ជាង៣០ឆ្នាំផ្លាយហើយ នៅ​តែ​គ្មាន​ការកែប្រែទម្លាប់ដ៏អាក្រក់នេះ។ ទម្លាប់នេះ ត្រូវបានបុរសស្រមូមនេះសង្គត់ធ្ងន់ ឬប្រដូច​ទៅនឹង​ពាក្យ​មួយ​ឃ្លា​ថា «គ្មានគ្រូអាចារ្យណាប្រដៅព្រះអង្គបានឡើយ»។

ឯបុរសម្នាក់ទៀត ពន្យល់ថា ក្រោយកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា គណបក្សនយោបាយទាំងពីរ គួត្រូវរួម​ដៃគ្នាធ្វើការ និងដោះស្រាយបញ្ហាទាំងឡាយ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ សង្គម និងប្រទេសជាតិ។ ចុះ​ហេតុអ្វីគ្រាន់តែលោក កឹម សុខា ចង់ប្រើយន្ដការសភា ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីណា ដែល​ប្រព្រឹត្ត​​អំពើពុករលួយ ស្រាប់តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រតិកម្ម ដោយគម្រាមនឹងប្រមូល​តំណាងរាស្ត្រ ពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ឲ្យបោះឆ្នោតទម្លាក់ លោក កឹម សុខា ពីអនុប្រធាន​ទី​១ នៃរដ្ឋសភា? បុរស​ចំណាស់​នេះបញ្ជាក់ដូច្នេះថា «នេះមិនមែនជាការគិតពីប្រយោជន៍បុគ្គល និងបក្សពួក​ទេ​ឬ? ចុះ​ប្រយោជន៍​ប្រជាពលរដ្ឋ សង្គម និងប្រទេសជាតិ ទុកនៅទីណា?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...