មតិផ្ទុយ និងស្រប ជុំវិញការបោះបាយបិណ្ឌ ក្នុងរដូវភ្ជំ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៥ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 20, 2014
- ប្រធានបទ: ប្រពៃណី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់ពីព្រលឹមម៉ោង៤ព្រឹក ក្នុងរដូវបុណ្យភ្ជំចំនួន១៤ថ្ងៃ ប្រជាជនដែលមានជំនឿលើការបោះបាយបិណ្ឌ តែងនាំគ្នាដើរទៅវត្ដអារ៉ាមនានា នៅក្នុងភូមិ ក្បែរផ្ទះរបស់ខ្លួន ឬស្កាត់ទៅវត្តឆ្ងាយៗ ជាមួយបាយតំណើបដែលគេដាំលាយជាមួយល្ង ដែលធ្វើរួចជាស្រេច ដាក់ក្នុងចាន ឬស្បោង ដើម្បីទៅវត្ដ។ បាយដែលដែលពូតជាដុំៗ ដើម្បីយកទៅវត្តនេះត្រូវបាន គេរៀបចំដោយមានដើរប្រទក្សិណជុំវិញព្រះវិហារបីជុំ ដើម្បីបោះចោល ដែលគេជឿថា បាយពំនូកដែលបានបោះទាំងនោះ នឹងទៅដល់ញាតិការដែលបានចែកឋានទៅហើយ បានក្លាយទៅជាប្រេត ឬសត្វតិរិច្ឆានជាដើម។
ជុំវិញនៃការបោះបាយបិណ្ឌនេះដែរ ត្រូវបានក្រុមមនុស្សសម័យនេះ ដែលស្គាល់នូវបច្ចេកវិទ្យាថ្មីៗនោះ យកមកជជែកយ៉ាងព្រោងព្រាត ជាពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ហេតុការណ៍បានចាប់ផ្ដើម ឲ្យមានសង្គ្រាមសំដីជាលើកដំបូង ដោយសិល្បករផ្នែកបុរាណមួយរូប ដែលមានវោហារស័ព្ទមិនចេះរីងស្ងួត ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ឈ្មោះ ដួង សុខគា នាពីពេលថ្មីៗនេះ បានសរសេរលើជញ្ជាំងហ្វេសប៊ុក របស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ដួង សុខគា អ្នកចូលចិត្តស្រាវជ្រាវ សូមជម្រាបថា ខ្ញុំមិនទៅបោះបាយបិណ្ឌជាដាច់ខាត ព្រោះខ្ញុំគិតថា នេះជាការធ្វើទានខ្ជះខ្ជាយ ដែលព្រះពុទ្ធ មិនបានបង្គាប់អោយធ្វើឡើយ។ តើអ្នកណាខ្លះដូចខ្ញុំ?»។
ការលើកឡើង របស់លោក ដួង សុខគា ដែលជាតារាម្នាក់ធ្លាប់មានប្រវត្តិជាអ្នកបួសផងនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនបានគាំទ្រ និងមួយចំនួនទៀត យ៉ាងរិះគន់យ៉ាងខ្លាំង ចំពោះការប្រកាសរបស់ពីធីករសម្បូវោហារស័ព្ទរូបនេះ។
ប្រិយមិត្តខ្លះបានលើកឡើងថា ការបោះបាយបិណ្ឌនេះ វាមិនមែនជារឿងឥតប្រយោជន៍ទេ ហើយក៏មិនប៉ះពាល់ផលវិបាកសង្គមដែរ ទន្ទឹមនឹងនេះ វាក៏មានអត្ថប្រយោជន៍ខ្លះដែរ។ ម្ចាស់គណនីហ្វេសប៊ុកមួយរូប បានបញ្ចេញយោបល់ថា៖ «ខ្ញុំមិនគាំទ្រឲ្យមានភាពខ្ជះខ្ជាយនោះទេ តែខ្ញុំក៏មិនគាំទ្រទាំងស្រុង ចំពោះមតិរបស់លោក សុខគា នោះដែរ ព្រោះបើគិតពីភាពខ្ជះខ្ជាយ ខ្ញុំមិនដែលលឺ ឬឃើញលោក សុខគា និយាយពីការខ្ជះខ្ជាយស៊ីផឹក និងប្រព្រឹត្តអបាយមុខក្នុងក្លិប ឬហាងផ្សេងៗ អស់រាប់ពាន់ដុល្លាក្នុងមួយពេលៗ នោះទេ»។
រីឯម្ចាស់គណនី ម្នាក់ទៀតបានលើកឡើងដែរថា៖ «វាជាប្រពៃណីមួយរបស់ដូនតា យើងត្រូវតែមានអ្វីមួយជារបស់ជាតិដែរ បើយើងមិនធ្វើនោះ វាបានន័យថាកំពុងតែលុបបំបាត់អត្តសញ្ញាណយើង វាមិនដល់ថ្នាក់ខាតបង់រាប់សិបលាននោះទេ»។
សម្រាប់អ្នកគាំទ្រទស្សនៈរបស់លោកដួង សុគា អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានសរសេរបញ្ជាក់ថា ព្រះពុទ្ទមិនដែលនាំមនុស្ស អោយល្ងង់ដល់ថ្នាក់នេះទេ ទ្រង់ណែនាំមនុស្សអោយពិចារណារកហេតុ និងផលមិនត្រូវជឿអ្វី ដែលគ្មានហេតុផលទេ។ ពពួកប្រែតទទួលផលបុណ្យ ដោយការផ្សាយកុសលផលបុណ្យ មិនមែនក្រោកមកស៊ីបាយបិណ្ឌទេ។ ម្ចាស់គណនីនោះ បានសរសេរថា៖ «នៅស្រុកខ្មែរមានជិត៤០០០វត្ត មួយវត្តគិតថា ចំណាយអង្ករមួយគីឡូក្រាមចុះ ៤០០០វត្តមិនអស់៤តោនអង្ករបាត់ហើយ ចុះដល់១៥ថ្ងៃមិន៦០តោនបាត់ហើយ?»។
អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀត បានបន្ទរឡើងដែរថា៖ «បើមានប្រេតមែន ហេតុអីបានប្រេតនឹងមានតែខ្មែរ? ចុះបណ្តាប្រទេសផ្សេងៗ ដែលគេជឿលើពុទ្ធសាសនាដែរ មេចអត់មានប្រេត? គេដូចជាអត់មានធ្វើពិធី បោះបាយបិណ្ឌដូចខ្មែរសោះ ប្រហែលជាដូនតាគេ នឹងអត់ឃ្លានស្លាប់ហើយ?»
ឆ្លើយតបនឹងមតិនៃការជជែកគ្នាយ៉ាងផុសផុលនេះ ព្រះតេជគុណ ហ៊ឹម ចាន់ថន មានថេរៈដីកាថា អំពើនៃការបោះបាយបិណ្ឌនេះ ជាទង្វើមួយដែលបង្ហាញពីចិត្តមេត្តាធម៌ របស់អ្នកដែលមកបោះ។ ព្រះអង្គមានថេរៈដីកាបន្តទៀត ពីការបោះបាយបិណ្ឌនេះ ថាមិនមែនជារឿងឥតប្រយោជន៍នោះទេ ព្រោះបាយបិណ្ឌដែលបានបោះនោះ វាបានសន្តោសដល់ពពួកសត្វតិរិច្ឆាននានា ដូច ឆ្កែ ជ្រូកជាដើម ដែលវាមកស៊ី។
ព្រះសង្ឃមានសង្ឃដីកាពន្យល់បន្ថែមថា៖ «បានជាអាត្មាថា វាមិនមែនជារឿងខុស ដោយសារអី? កាលណាយើងនិយាយពីការបោះបាយបិណ្ឌ ទីមួយយើងបានទៅសមាទានសីល បានន័យថាយើងធ្វើឱ្យចិត្តយើងស្ងប់មួយខណៈ បន្ទាប់មកទៀតគេមានសូត្របាលីវេរ ដែលការវេរនេះ ជាការឧទ្ទិសកុសលតែម្តងដល់ឧបការីជន ក្រែងឧបការីជនបានកើតទៅជាទៅជានរក ប្រេត និងអសុរិកាយ។»៕